Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងពាណិជ្ជកម្ម សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធស្វ័យប្រវត្តកម្ម គ្រប់គ្រងរដ្ឋបាល (AAS)

Views: 3

ដោយៈ ពៅនិមល / ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបោះជំហ៊ានមួយកម្រិតទៀត ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដោយបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធស្វ័យប្រវត្តកម្ម គ្រប់គ្រងរដ្ឋបាល ដែលបានមានឈ្មោះថា “ ប្រព័ន្ធគ្រប់គ្រង ស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅ ដំណាក់កាលទី១ ” (Administration Automation System – AAS – Phase I) ដើម្បីគ្រប់គ្រងមន្រ្តីរាជការ ក្រោមឱវាទ សំដៅបង្កើនប្រសិទ្ធភាពការងារ ក្រសួងពាណិជ្ជកម្មបន្ថែមទៀត។

ពិធីដាក់សម្ពោធនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានប្រារព្ធធ្វើ ឡើង ក្នុងពិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ ការងារពាណិជ្ជកម្មឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងគ្រប់ជាន់ថ្នាក់។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ ក្នុងពិធីនេះថាៈ ដើម្បីធ្វើឱ្យការងាររដ្ឋបាលទូទៅ និងការគ្រប់គ្រងព័ត៌មាន មន្រ្តីរាជការរបស់ ក្រសួងពាណិជ្ជកម្ម មានភាពងាយស្រួល ឆាប់រហ័ស ច្បាស់លាស់ និងឆ្លើយតបតាមតម្រូវការជាក់ស្តែង ស្របតាមបរិបទ រាជរដ្ឋាភិបាលឌីជីថល ក្រុមការងារបច្ចេកទេសរបស់ ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍនូវ “ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅ ដំណាក់កាលទី១ សម្រាប់ធ្វើប្រតិបត្តិការ នានា ពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានមន្ត្រី ការទាញយករបាយការណ៍ ក៏ដូចជា ស្វែងរកមន្ត្រីតាមរយៈប្រព័ន្ធ Internet និងអាចអនុវត្តបានគ្រប់ទីកន្លែង។

លោករដ្ឋមន្រ្តី បានលើកឡើងបន្តថាៈ នៅក្នុងដំណាក់កាលទី១នេះ ប្រព័ន្ធគ្រប់គ្រង ស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅ បានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ពិសេសនាយកដ្ឋានបុគ្គលិក អាចគ្រប់គ្រងរចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងព័ត៌មានរបស់ មន្រ្តីតាមអគ្គនាយកដ្ឋាន, នាយកដ្ឋាន និងការិយាល័យ ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធ Online និងការផ្ដល់សេវា ក៏ដូចជា ការរក្សាទុកទិន្នន័យ គឺនៅក្នុងមជ្ឈ មណ្ឌលទិន្នន័យ របស់ក្រសួងតែម្ដង។ តាមរយៈប្រព័ន្ធនេះ នាយកដ្ឋានបុគ្គលិក ក៏អាចស្វែងរកឈ្មោះមន្រ្តី, ពិនិត្យចំនួនមន្រ្តីសរុប, អាចទាញយករបាយការណ៍ព័ត៌មាន របស់មន្រ្តី, អាចពិនិត្យព័ត៌មានមន្រ្តី ដែលមានក្នុងតារាងបច្ចុប្បន្នភាពមន្រ្តីរាជការស៊ីវិល។
លោកបានបន្ថែមថាៈ ចំពោះមន្រ្តីរាជការទូទៅ របស់ក្រសួងពាណិជ្ជកម្ម (ក្រៅពីមន្រ្តី ទទួលបន្ទុកគ្រប់គ្រងបុគ្គលិក នៃនាយកដ្ឋានបុគ្គលិក) អាចពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួន ពិនិត្យមន្តី្រតាមនាយកដ្ឋាន ឬការិយាល័យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួន។ ជាងនេះទៅទៀត មន្រ្តីរាជការទូទៅ អាចប្រើប្រាស់សេវាកម្មស្វ័យប្រវត្តកម្មរបស់ ក្រសួងពាណិជ្ជកម្ម និងប្រព័ន្ធស្ថិតិពាណិជ្ជកម្មផងដែរ។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថាៈ ដំណាក់កាលបន្ទាប់ ក្រុមការងារបច្ចេកទេស​របស់ក្រសួងពាណិជ្ជកម្ម នឹងបន្ថែមមុខងារសំខាន់ៗដទៃទៀត ទៅតាមតម្រូវការចាំបាច់ ជាក់ស្តែង ដើម្បីធានាធ្វើយ៉ាងណា ឱ្យប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅនេះ កាន់តែផ្តល់ភាពងាយស្រួល, ឆាប់រហ័ស, ប្រសិទ្ធភាព, បង្កើនទំនាក់ទំនងការងារ, ជំរុញនូវកំណើនផលិតភាពការងារ ស្របតាមភាពបច្ចុប្បន្ន នៃភាពរីកចម្រើន នៃប្រព័ន្ធបច្ចេកវិទ្យា។

លោកជឿជាក់ថាៈ ការដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធខាងលើនេះ នឹងចូលរួមបង្កើនប្រសិទ្ធ ភាពការងារ និងទទួលបានទំនុកចិត្តកាន់តែខ្ពស់បន្ថែមទៀត ពីសាធារណជន៕ V / N

Post navigation