Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងពាណិជ្ជកម្មបើកកម្មវិធីបើកសិក្ខាសាលាស្តីពី ការត្រួតពិនិត្យម៉ាក

Views: 1

ដោយៈ ជា សីហៈ/ភ្នំពេញ៖ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី ការត្រួតពិនិត្យម៉ាក ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជាក់ឱ្យឃើញអំពីសន្ទុះរីកចម្រើនផ្នែកកម្មសិទ្ធិបញ្ញា និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិក្នុងការលើកកម្ពស់ចំណេះដឹងសាធារណៈ ចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពមន្ត្រីស្ថាប័នបន្ថែម ដើម្បីអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញារបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចការពារ និងជំរុញឱ្យសាធារណៈជនប្រើប្រាស់កម្មសិទ្ធិបញ្ញាឱ្យកាន់តែច្រើនបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងថា ការអភិវឌ្ឍកម្មសិទ្ធិបញ្ញាគឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ ហើយមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការងារកម្មសិទ្ធិបញ្ញានេះ គឺជាកិច្ចការមួយដែលមានភាពប្រទាក់ក្រឡាដោយផ្ទាល់ផង និងដោយប្រយោលផងជាមួយភាគីពាក់ព័ន្ធ ជាច្រើន ទាំងកម្រិតអន្តរ-រដ្ឋាភិបាល កម្រិតអន្តរ-ក្រសួង ជាពិសេសវិស័យឯកជន។

លោក រដ្ឋលេខាធិការ បន្តថា ក្នុងនាមក្រសួងពាណិជ្ជកម្មជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាន នាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ បានរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព ការងារកម្មសិទ្ធិបញ្ញាសម្រាប់រយៈពេល៣ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ២០២២-២០២៧ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញាក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញាឱ្យ មានប្រសិទ្ធភាព និងមានតុល្យភាព ការកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ដើម្បីលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័នសាធារណៈ និងវិស័យឯកជនក្នុងការ ស្រាវជ្រាវ និងការអភិវឌ្ឍ ការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនងជាមួយស្ថាប័ន្ធពាក់ព័ន្ធនានា។

Post navigation