Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងទេសចរណ៍​និង​ផ្នែក​ឯកជន កំពុង​សិក្សា​បង្កើត​កញ្ចប់​ទស្សន​កិច្ច​ទេសចរណ៍​ពិសេស​សម្រាប់​ខេត្តសៀមរាប​

Views: 2

ដោយ​: សុផល / ភ្នំពេញ​: ក្រសួងទេសចរណ៍​កំពុង​សិក្សា​ពី​ការរៀបចំ​ដាក់ចេញ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ពិសេសៗ​បន្ថែមទៀត ដើម្បី​ជំរុញ​ចលនា​ទេសចរ​ទៅ​ទស្សនា​នៅ​ខេត្តសៀមរាប ពិសេស​គឺ​ដើម្បី​ត្រៀម​ចាប់ផ្តើម​បើក​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ (Visit Cambodia Year 2023) និង​ត្រៀម​ការប្រកួត​កី​ទ្បា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​នៅ​កម្ពុជា​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​អនុគណៈកម្មការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​លើក​ទី​១​នៃ​គណៈកម្មការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ នា​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ក្រសួងទេសចរណ៍​កំពុង​សិក្សា​ជាមួយ​ស្ថាន​ប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ដាក់ចេញ​នូវ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ពិសេស​សម្រាប់​ខេត្តសៀមរាប ដោយ​ក្នុងនោះ​នឹងសិក្សា​ស្នើសុំ​ការពិនិត្យ និង​សំរេច​ពី​រាជរដ្ឋាភិបាល​លើ​សំណើ​មួយចំនួន​។​

​សំណើ​បង្កើត​កញ្ចប់​ទស្សនកិច្ច​ពិសេស​សម្រាប់​ខេត្តសៀមរាប ដែល​គ្រោង​ស្នើ​ទៅកាន់​រាជរដ្ឋាភិបាល​នោះ រួមមាន​៖
១. បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ពេញ​មួយជីវិត (Angkor Life time Pass) ដោយ​អាចមាន​ជា​ជម្រើស​ក្នុងការ​គិតគូរ​លក់​ជាក​ញ្ច​ប់ប​ណ្ណទ​ស្សនា (Angkor Pass Package) ដែល​អាចឱ្យ​ទេសចរ​អន្តរជាតិ​ទស្សនា​តំបន់​ប្រាសាទ ឬ​តំបន់​ផ្សេងៗ​ទៀត​ពេញ​មួយជីវិត ឬ​ការលក់​បណ្ណ​ជា​ទម្រង់​កញ្ចប់​ទស្សនកិច្ច​អាទិភាព ( Privileged Pass Package) ដែល​អនុញ្ញាតឱ្យ​ទេសចរ​អន្តរជាតិ​អាចមាន​សិទ្ធិ​អាទិភាព​ក្នុងការ​ប្រើប្រាស់​សេវាកម្ម​ទេសចរណ៍​និង​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​ពេញ​មួយជីវិត ដើម្បី​ទាក់ទាញ​ឱ្យ​ទេសចរ​មក​ទស្សនា​ច្រើនដង​។​
២ . ការដោះស្រាយ​ថ្លៃ​សំបុត្រ​ទូក​ទេសចរណ៍​តំបន់​ចុង​ឃ្នៀ​ស​សម្រាប់​ទេសចរ​ជាតិ​។​
៣. ការជំរុញ​ការតភ្ជាប់​ជើង​ហោះ​ត្រង់​ពី​កោះត្រល់ (Phu Quoc) មកកាន់​ខេត្តសៀមរាប​។​
៤. ការជំរុញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​លក់​សំបុត្រ តម្លៃ ទាប នៅ​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​នោះដែរ លោក​រដ្ឋមន្ត្រី​ក៏បានផ្ដល់​អនុសាសន៍​ទៅលើ​៖ ១.​ការបង្កើត​ព្រឹត្តិការណ៍​និង​ផលិតផល​ទេសចរណ៍​ថ្មីៗ​ដែល​ទាក់ទាញ ២.​ការពង្រឹង​សុវត្ថិភាព គុណភាព សេវាកម្ម អនាម័យ ៣.​ការស្តារ​និង​ពង្រឹង​ឡើងវិញ​នូវ​គុណភាព​ធនធានមនុស្ស​ផ្នែក​ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច និង​៤.​ការពង្រឹង​អនាម័យ សណ្តាប់ធ្នាប់​ទីក្រុង​។​ល​។​

​លោក សុង តុង​ហាប់ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​អនុគណៈកម្មការ​ផ្សព្វផ្សាយ​និង​ទាក់ទាញ​ទេសចរណ៍ បានបញ្ជាក់​បន្ថែមថា ក្រសួងទេសចរណ៍​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយទៀត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ក្នុងការ​រួមគ្នា​ដាក់ចេញ​កញ្ចប់​ទស្សនកិច្ច​ពិសេស​ខេត្តសៀមរាប ដោយ​នឹង​បង្កើត​កម្មវិធី​លើកទឹកចិត្ត​ថ្មីៗ និង​ភាព​ទាក់ទាញ​ថ្មី​បន្ថែមទៀត​សម្រាប់​ខេត្តសៀមរាប​។​

​គួរ​ជម្រាប​ថា សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២២​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន​ជាង​៥០​ម៉ឺន​នាក់ កើន​ទ្បើង ៣៩៤.១% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ក្នុងនោះ​ខេត្តសៀមរាប​ទទួលបាន​ទេសចរ​អន្តរជាតិ​ចំនួន​៦០,៤៣៥​នាក់​។ គម្រោង​សិក្សា​ពី​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​ទេសចរណ៍​ពិសេស​នៅ​ខេត្តសៀមរាប​នេះ គឺ​ដើម្បី​ជំរុញ​ចលនា​ទេសចរ​ទៅកាន់​គោលដៅ​ទេសចរណ៍​នេះ​បន្ថែម សំដៅ​ឱ្យបាន​ប្រមាណ​៥០​ម៉ឺន​នាក់ ឬ​ច្រើន​លើសពីនេះ​នៅ​ឆ្នាំ​២០២៣​ខាងមុខ​។​

​គួររំលឹកថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នាឱកាស​បិទ​សន្និបាត​ក្រសួងទេសចរណ៍​កន្លងទៅ ក៏បាន​សម្រេចយក​ឆ្នាំ​២០២៣ ជំរុញ​ទាក់ទាញ​ឱ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​ឱ្យបាន​ច្រើន​ឡើងវិញ ក្រោម​យុទ្ធនាការ «​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ Visit Cambodia Year 2023) ខណៈ​ឆ្នាំ​២០២៣​ខាងមុខ​នោះដែរ ក៏​ជា​ឆ្នាំ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៉ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ផងដែរ ក្នុងនោះ​ការជំរុញ​ចលនា​ទេសចរ​ផ្ទៃក្នុង​ក៏​នៅតែ​យុទ្ធសាស្ត្រ​សំខាន់ ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ដាស់តឿន​និង​ក្រើន​រលឹក​។​
​ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​ជាតិ​មួយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងទេសចរណ៍ និង​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សហការ​រៀបចំ​គោលនយោបាយ ផែនការ​សកម្មភាព ព្រឹត្តិការណ៍​នានា​ទាំង​ថ្នាក់ជាតិ និង​ជាមួយ​ដៃគូ​អន្តរជាតិ បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង ដើម្បី​រួមចំណែក​ទាក់ទាញ​ចលនា​ទេសចរ​ពី​ក្រៅប្រទេស​។ ជាមួយគ្នា​នោះ ក្រសួងទេសចរណ៍​ក៏បាន​ខិតខំ​ផ្សព្វផ្សាយ «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ផ្ដល់​ភាពកក់ក្ដៅ​» ចូលរួម​រៀបចំ​ពិព័រណ៍​វប្បធម៌​ទេសចរណ៍ រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​អន្តរជាតិ បង្កើត​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ទេសចរណ៍​កា​រ៉ា​វ៉ាន់ (Caravan Tour) ផ្សព្វផ្សាយ​ផ្លូវ​ទស្សនា​កម្ពុជា (Cambodia Road Show)​។ ក្រៅពី​ការសិក្សា​ពី​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​ពិសេស​នៅ​ខេត្តសៀមរាប​នេះ ក្រសួងទេសចរណ៍​ក៏​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ផ្សេងទៀត​ដែរ​៕​

Post navigation