Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងអប់រំធ្វើការបូកសរុបដំណើរការសំណេរនៃការប្រឡងសញ្ញាបត្របាក់ឌុបក្នុងថ្ងៃទី១ ដំណើរការដោយរលូនល្អ

Views: 2

ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រសួងអប់រំបានបង្ហាញពីដំណើរការ សំណេរនៅក្នុងថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឬហៅថាបាក់ឌុប)សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ពេលព្រឹកមានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា ជីវវិទ្យា សម្រាប់ថ្នាក់ វិទ្យាសាស្ត្រ ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់ វិទ្យាសាស្ត្រសង្គម ។ដោយឡែករសៀល មាន២មុខវិជ្ជាគឺ គីមីវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ភូមិវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅ ដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើត ឡើងគួរឲ្យកត់សម្គាល់ឡើយ។

បើតាមក្រសួងអប់រំបានឱ្យដឹងថា៖នៅថ្ងៃទី១នេះ មានបេក្ខជន អវត្តមានចំនួន ២ ៣៤០នាក់ ស្រី១ ០២៨នាក់ មានបញ្ហា សុខភាព៣១នាក់ ដែលក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍ កម្រិតស្រាល ២ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។បេក្ខជនដែលមានបញ្ហាសុភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ ពីមានអាការៈធូរស្រាល។ ដោយឡែក បេក្ខជនពីរនាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះមួយនាក់បាន​ត្រឡប់មកប្រឡងវិញ ក្រោយទទួលបានការព្យាបាល។ក្នុង នោះ អនុរក្សចំនួន១នាក់ មានបញ្ហាសុខភាព ប៉ុន្ដែអាចបន្តការងាររហូតដល់បញ្ចប់ការប្រឡងថ្ងៃទី១នេះ។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញ​លើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកប​ដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ ដោយឡែកអាកាសធាតុនៅមណ្ឌលប្រឡងមួយចំនួនមិនអំណោយផល មានភ្លៀងធ្លាក់ដោយកន្លែង។

ក្រសួងបានបន្តឱ្យដឹងថា៖នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុស​ត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទ​ទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំង​អំពើ​ពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

គួរបញ្ជាក់ថា៖សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ (ស្រី៦៨ ៧៧១នាក់ ) មាន២២១មណ្ឌល ដែល​ត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយ​គណៈ​មេ​ប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះ​ប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទ​ដែល​ជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេត​ការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕សរន/R

Post navigation