Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសាធារណការ ជំរុញពន្លឿនការដោះស្រាយ ផលប៉ះពាល់ សម្រាប់គម្រោង សាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ក្រចេះ និងផ្លូវតភ្ជាប់

Views: 9

ដោយៈ សុផល / ភ្នំពេញ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ចូន និងជាប្រធានគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ បានជំរុញដល់ក្រុមការងារ អនុគណ:កម្មការអន្តរក្រសួង និងខេត្ត ដោះស្រាយផលប៉ះពាល់ ត្រូវរួមសហការជាមួយក្រុមហ៊ុន ក្នុងការចុះដោះស្រាយ សម្របសម្រួល ផ្សព្វផ្សាយណែនាំ និងចុះពិនិត្យទីតាំង ដែលប៉ះពាល់ ដល់កិច្ចដំណើរការសាងសង់ស្ពាន និងផ្លូវតភ្ចាប់ ជាក់ស្តែង ជាមួយម្ចាស់កម្មសិទ្ធិទ្រព្យ ដើម្បីគណនានូវ ប្រាក់សំណងឲ្យបានត្រឹមត្រូវ។

លោកជំរុញបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៨៧ អន.ក្រ.បក និងពិនិត្យវឌ្ឍនភាព​នៃដំណើរការសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់មួយចំនួន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសាលាខេត្តក្រចេះ។ ក្នុងនោះ ដែរ លោកស្នើបន្ថែមត្រូវគោរពអនុវត្តន៍ នូវក្រមសីលធម៌ មន្រ្តីមានសមត្ថកិច្ច ក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សាធារណៈ។

លោកបានថ្លែងទៀតថាៈ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់ នឹងរួចរាល់មុនរយៈពេលកំណត់ ប្រសិនបើពន្លឿន ការដោះស្រាយផល់ប៉ះពាល់។ ក្នុងនោះ តំណាងក្រុមហ៊ុនសាងសង់ សៀង ហៃ បានបង្ហាញអំពីដំណើរការ នៃការសាងសង់ ដោយឈរលើកុងត្រា រយៈពេល ៤២ ខែ ទើបរួចរាល់ ហើយមកទល់ពេលនេះ គឺសម្រេច បាន ១% ដោយក្នុងនោះ បាននិងកំពុងដាំបង្គោលគ្រឹះសរសរ និងកំពុងដោះស្រាយនូវ ផលប៉ះពាល់។

ទាក់ទងទៅនឹងបញ្ហាខាងលើនេះ លោក លឹម ស៊ីដេនីន ប្រធានគម្រោង បានគូសបញ្ជាក់ ថាៈ ដើម្បីពន្លឿនការដោះស្រាយ ទៅនឹងបញ្ហាចំពោះមុខនេះ រាជរដ្ឋាភិបាល បានគិតគូរ អំពីចំណុច ២ គឺដំណាក់កាលអនុវត្តគម្រោង តម្រូវឲ្យក្រុមការងារអន្តរក្រសួង និងខេត្ត ត្រូវធ្វើការអង្កេតវាស់វែងលម្អិត និងវាយតម្លៃ អំពីផលប៉ះពាល់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព និងមិនលម្អៀង, ត្រូវគណនាចំនួនប្រាក់សំណង ឱ្យបានត្រឹមត្រូវ ស្របតាម ច្បាប់ គោលការណ៍ និងគោលនយោបាយ, ត្រូវពន្យល់ផ្សព្វផ្សាយ អំពីមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសម្របសម្រួលឱ្យប្រជាពលរដ្ឋ រុះរើដោយស្ម័គ្រចិត្ត ជាពិសេស ចំពោះសំណង់ស្រាលៗ, មិនត្រូវជ្រៀតជ្រែក ឬអន្តរាគមដែលនាំឱ្យជះឥទ្ធិពល ដល់ដំណើរការ ការងារដោះស្រាយផលប៉ះពាល់។

ដំណាក់កាលក្រោយការអនុវត្តគម្រោង ត្រូវសម្របសម្រួល និងចាត់វិធានការម៉ឺងម៉ាត់ ដើម្បីធ្វើការរុះរើសំណង់ និងទ្រព្វសម្បត្តិ ដែលបានដោះស្រាយរួច, ត្រូវធានាថា ការឈូស ឆាយទីតាំងគម្រោង ស្របតាមរបៀង នៃផលប៉ះពាល់ និងត្រូវទទួលខុសត្រូវ ក្នុងករណី មានការបំពានកាតព្វកិច្ចនេះ, ត្រូវពង្រឹងការគ្រប់គ្រង និងទប់ស្កាត់រាល់ការទន្ទ្រាន កាន់កាប់សារជាថ្មី និងការសង់ សំណង់ថ្មី, ត្រូវរៀបចំចុះបញ្ជីជាដីសាធារណៈ នូវរាល់ដី ឯកជន ដែលបានធ្វើលទ្ធកម្មរួច និងត្រូវទប់ស្កាត់ និងមិនត្រូវចូលរួម ឬបង្កភាពងាយស្រួល ដល់សកម្មភាពទន្ទ្រានកាន់កាប់ ដី និងទ្រព្យសម្បត្តិ ដែលបានដោះស្រាយរួច។

ក្នុងនោះដែរ លោករដ្ឋលេខាធិការ ក៏បានស្នើសុំទឹកចិត្តប្រជាពលរដ្ឋ សូមចូលរួមទទួល យកនូវ ការដោះស្រាយរបស់ក្រុមការងារ​ដើម្បីពន្លឿនដល់ ដំណើរការសាងសង់ស្ពាន ប្រវត្តិសាស្រ្តរបស់ខេត្តក្រចេះ ឲ្យបានចប់ ឆាប់រហ័ស ប្រើប្រាស់តាមតម្រូវការ និងទទួល បានការអភិវឌ្ឍរីកចម្រើន ទៅមុខបន្ថែមទៀត និងជាពិសេស គឺដើម្បីលើកកម្ពស់​សេដ្ឋកិច្ច ជីវភាពប្រជាជន នៅខេត្តក្រចេះ។

គោលបំណងនៃអនុក្រឹត្យលេខ ៨៧ អន.ក្រ.បក គឺអនុក្រឹត្យនេះ កំណត់អំពីគោលការណ៍ គ្រឹះ នៃក្រមសីលធម៌មន្ត្រីមានសមត្ថកិច្ច ក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់ គ្រង គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីគ្រប់ប្រភពហិរញ្ញប្បទាន ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព នៃការសិក្សា ការអនុវត្ត និងការគ្រប់គ្រងគម្រោង ព្រមទាំងការវាយតម្លៃគម្រោងថវិកាប៉ាន់ស្មាន សម្រាប់ចំណាយលើការអនុវត្តគម្រោង, បង្កើនជំនឿទុកចិត្ត ពីសាធារណជន ស្ថាប័នជាតិ និងដៃគូអភិវឌ្ឍន៍លើការសិក្សា និងការអនុវត្តគម្រោង, ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មាន គម្រោង ដែលមិនត្រឹមត្រូវ តាមគោលការណ៍ និងនីតិវិធីជាធរមាន និងរាល់សកម្មភាព កេងចំណេញ ដោយប្រើប្រាស់ព័ត៌មានគម្រោង៕/V/R

Post navigation