Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសុខាភិបាលសម្រេចបិទនិងដកហូតលិខិតអនុញ្ញាតពីមន្ទីរពេទ្យ” ដើមអង្រ្គង”

Views: 1

ដោយៈម៉េងឆៃ/ភ្នំពេញ៖នៅទីបំផុតក្រសួងសុខាភិបាលបានសម្រេចបិទនិងដកហូតលិខិតអនុញ្ញាតពីមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើមអង្រ្គងដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈបន្ទាប់ពីធ្វេសប្រហែសធ្វើឱ្យ ស្រី្តអ្នកជំងឺម្នាក់រងរបួសធ្ងន់ធ្ងរ។នេះបើយោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី ៨ ខែធ្នូឆ្នាំ២០២២។

សេចក្តីសម្រេចរបស់ក្រសួងបានសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ។

តាមរយៈសេចក្តីសម្រេចបានបញ្ជាក់ថា ៖ ” ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយ គ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាលដើមអង្គ្រង និងអ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន”។

លោកស្រីបានបន្តទៀតថា អគ្គនាយកបច្ចេកទេសសុខាភិបាលប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តកំពង់ស្ពឺ និង លោកស្រី សួស ច័ន្ទរស្ទើ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ថា ស្រ្តីរងគ្រោះត្រូវបានបញ្ជូនមកសង្រ្គោះបន្តនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្ថានភាពរបស់អ្នកជំងឺរូបនេះក៏មានស្ថានភាព ល្អប្រសើរផងដែរដោយក្នុងនោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានប្រកាសចំណាយថ្លៃព្យាបាលទាំងស្រុងដល់ស្រ្តីរងគ្រោះរូបនេះផងដែរ។

យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ៖ “មន្ទីរសម្រាកព្យាបាលនេះ មានការធ្វេសប្រហែសបានអនុញ្ញាតឱ្យឆ្មបរូបនេះ មិនទាន់ទទួលបានការបណ្តុះបណ្ដាលបន្ថែមស្ដីពីការ រំលូតគ៌ភនៅឡើយ ដែលការអនុវត្តនេះខុសពីបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកនិងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប”។ សូមរំឮកដែរថា ការសម្រេចបិទមន្ទីរពេទ្យនោះ បន្ទាប់ពីមានហេតុកការណ៍គួរឱ្យហួសចិត្តមួយ ខណៈស្រ្តីមួយរូប បានទៅរកសេវារំលូតគក៌ក្នុងផ្ទៃអាយុ ១៨ សប្តាហ៍ នៅមន្ទីរពេទ្យខាងលើនេះ។ បន្ទាប់មកស្រ្តីនោះមានអាការៈធ្ងន់ធ្ងរ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ លោក ផេង វឿន អាយុ ២៨ឆ្នាំ ត្រូវជាស្វាមីរបស់ស្ត្រីរងគ្រោះបានថ្លែងថា ការរំលូតគក៌នោះធ្វើឡើងដោយខុសបច្ចេកទេសនោះ ដោយសារឆ្មបបានច្រឡំកាត់ពោះវៀន ទើបធ្វើឱ្យប្រពន្ធគាត់ធ្លាក់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ៕សរន/R

Post navigation