Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងវប្បធម៌កម្ពុជា និងវៀតណាម សហការបើកពិព័រណ៍ ក្រោមប្រធានបទ «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌ »

Views: 10

ដោយៈ ទេព មង្គល / ភ្នំពេញៈ បើយោងតាមប្រភព ព័ត៌មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថាៈ គណៈប្រតិភូកម្ពុជា បានរៀបចំពិព័រណ៍ក្រោមប្រធានបទ ” កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌ ” នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅសារមន្ទីរទីក្រុងហូជីមិញ ។ ពិព័រណ៍ “ កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌ ” នេះ គឺរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងព្រឹត្តិការណ៍ “សប្តាហ៍វប្បធម៌កម្ពុជា នៅវៀតណាម ឆ្នាំ២០២២” ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម និងអបអរសាទរឆ្នាំមិត្តភាព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ២០២២ (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២)។

ប្រភពដដែល បានឱ្យដឹងថាៈ ព្រឹត្តិការណ៍ពិព័រណ៍នេះ ត្រូវបានរៀបចំចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដែលមានរូបថតសរុបចំនួន ៤៦ ផ្ទាំង ដែលគ្របដណ្ដប់លើទិដ្ឋភាពសំខាន់ៗ រួមមាន ការផ្លាស់ប្ដូរទស្សនកិច្ចថ្នាក់ដឹកនាំ ប្រទេសទាំងពីរ លើវិស័យសិល្បៈ វប្បធម៌, បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក របស់អង្គការយូណេស្កូ និងបេតិកភណ្ឌវប្បធម៌លេចធ្លោដទៃទៀត ព្រមទាំងពិធីបុណ្យជាតិនិងសាសនាសំខាន់ៗ ល្បែងប្រជាប្រិយ សម្លៀកបំពាក់ប្រពៃណី ទេសភាពស្រុកស្រែចម្ការ និងបរិស្ថានធម្មជាតិ ដ៏ស្រស់ត្រកាល។ លើសពីនេះទៅទៀត គឺមានតាំងបង្ហាញសម្ភារប្រពៃណី និងវត្ថុសិល្បៈ ដូចជា ហូលពិតាន សំពត់ ក្រមា និងវត្ថុអនុស្សាវរីយ៍ធ្វើពីសូត្រ មុខខ្មុកល្ខោនខោល ចម្លាក់ស្បែកនិងស្ពាន់ ព្រមទាំងគំនូរបុរាណផង។

ប្រភពដដែល បានឱ្យដឹងទៀតថាៈ រូបថត សម្ភារ ប្រើប្រាស់ និងវត្ថុសិល្បៈទាំងអស់នេះ គឺបានបង្ហាញពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ព្រមទាំងទេសភាព ធម្មជាតិដ៏ស្រស់បំព្រង និងភាពរស់រាយរាក់ទាក់ របស់ប្រជាជនកម្ពុជា ដែលទាំងអស់នេះ បានចូលរួមចំណែកលើកកេរ្តិ៍ឈ្មោះរបស់កម្ពុជា ឱ្យល្បីសុះសាយ នៅក្នុងពិភពលោក ស័ក្តិសមជា “ ព្រះរាជាណាចក្រនៃវប្បធម៌ ” ហើយក៏ជាសក្តានុពលទេសចរណ៍វប្បធម៌ យ៉ាងសំខាន់ នៅក្នុងតំបន់ និងពិភពលោក ផងដែរ។

លើសពីនេះទៀត ពិព័រណ៍នេះ ពុំត្រឹមតែជាការចែករំលែកនូវចំណេះដឹងប៉ុណ្ណោះទេ តែបានបញ្ជាក់ពីសក្ខីភាព នៃការរឹតចំណងសាមគ្គីភាព រវាងប្រទេសនិងប្រទេស រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង ព្រមទាំងរស់នៅ ប្រកបដោយសុខសន្តិភាព ការអភិវឌ្ឍ និងមិត្តភាពយូរអង្វែង៕ V / N

រូបថត ( ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ )

Post navigation