Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ជាមួយនឹង​នាវា​ដឹក​យន្តហោះ​ក្រោយ​កូរ៉េខាងជើង​បាញ់​កាំ​ជ្រួចនិង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​មក​កាន់​ព្រំដែន​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​បានចាប់ផ្តើម​សមយុទ្ធ​រួមគ្នា​ជាមួយ​នឹង​នាវា​ដឹក​យន្តហោះ​អាម៉េរិក​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​០៧​តុលា នៅ​មួយថ្ងៃ​បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​​កាំជ្រួច​ផ្លោង​និង​កូរ៉េខាងត្បូង​បញ្ចេញ​យន្តហោះ​ប្រដេញ​ទៅ​ស្ទាក់​យន្តហោះ​ប្រយុទ្ធ​របស់​កូរ៉េខាងជើង​ក្នុង​ប្រតិកម្ម​ទៅ​នឹង​អ្វី​ដែល​ទំនងជា​សមយុទ្ធ​ទម្លាក់​គ្រាប់​របស់​កូរ៉េខាងជើង​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង​បាន​និយាយថា សមយុទ្ធ​កងទ័ពជើងទឹក​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ដែន​ទឹក​នៅ​ឯនាយ​ឆ្នេរ​ខាងកើត​របស់​កូរ៉េខាងត្បូង​ចាប់ពី​ថ្ងៃ​៧​ដល់​៨​តុលា ។​វា​កើត​​ឡើង​ក្រោយ​កូរ៉េខាងជើង​បាញ់​កាំជ្រួច​ផ្លោង​ពីរ​គ្រាប់​ចូល​ក្នុង​សមុទ្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ក្រោយមក​បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​មក​ក្បែរ​ព្រំដែន​កូរ៉េខាងត្បូង​។​

​នាយសេនាធិការ​បាន​និយាយថា «​យើង​នឹង​បន្ត​ពង្រឹង​សមត្ថភាព​ប្រតិបត្តិការ​និង​ការត្រៀមខ្លួន​របស់​យើង​ក្នុង​ការឆ្លើយតប​នឹង​ការបង្ក​រឿង​ណាមួយ​ពី​កូរ៉េខាងជើង តាមរយៈ​សមយុទ្ធ​រួមគ្នា​ជាមួយ​…​ក្រុម​ប្រយុទ្ធ​នៃ​នាវា​ដឹក​យន្តហោះ​USS Ronald Reagan»​។​

​តាមពិត​ក្រុម​ប្រយុទ្ធ​នៃ​នាវា​ដឹក​យន្តហោះ​នេះ​បាន​ចូលរួម​ក្នុង​សមយុទ្ធ​ការពារ​កាំជ្រួច​ត្រីភាគី​ជាមួយ​នាវា​របស់​កងទ័ព​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​រួចហើយ​នៅ​សប្តាហ៍​នេះ ជាហេតុ​នាំ​អោយ​កូរ៉េខាងជើង​ប្រ​​តិក​ម្ម​ដោយបាញ់​កាំជ្រួច​មួយរំ​លង​ជប៉ុន​។​

​មន្ត្រី​យោធា​ទៅ​ពី​អាម៉េរិក ជប៉ុ​និង​កូរ៉េខាងត្បូង នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ពិភាក្សា​គ្នា​អំពី​ដំណើរ​វិវត្តន៍​សភាពការណ៍​ចុង​ក្រោយ​និង​បាន​ថ្កោលទោស​ការបាញ់​បង្ហោះ​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​ហើយ​យល់​​ស្របគ្នា​ថា សមយុទ្ធ​ជើង​ទឹក​ត្រីភាគី​កាលពីពេល​ថ្មីៗ​បានធ្វើអោយ​ប្រសើរ​លទ្ធភាព​របស់​គេ​ក្នុង​ការឆ្លើយតប​ចំពោះ​កូរ៉េខាងជើង​។​

​សមយុទ្ធ​ទម្លាក់​គ្រាប់បែក​ដ៏​កម្រ​របស់​យន្តហោះ​ប្រយុទ្ធ​កូរ៉េខាងជើង​យ៉ាងតិច​ប្រាំបី​គ្រឿង​និង​យន្តហោះ​ទម្លាក់​គ្រាប់បួន​គ្រឿង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បណ្តាល​អោយ​កូរ៉េ​ខាងត្បូង​បញ្ជូន​ចេញ​យន្តហោះ​ប្រយុទ្ធ​​ដល់​ទៅ​៣០​គ្រឿង​។​ពួក​វា​សម្ញែង​ឬ​ទ្ធិដាក់​គ្នា​នៅ​ព្រំដែន​កងទ័ព​ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​រវាង​កូរ៉េ​ទាំងពីរ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បាន​ថ្កោលទោស​ការបញ្ជូន​នាវា​ដឹក​យន្តហោះ​អាម៉េរិក​មក​ក្បែរ​ឧបទ្វីប​កូរ៉េ​ឡើងវិញ​ដោយ​ថា​វា​បង្ក​ការ​គំរាម​ធ្ងន់ធ្ងរ​ចំពោះ​ស្ថិរភាព​នៃ​សភាពការណ៍​។​នៅ​​ក្នុង​សេចក្តីថ្លែងការណ៍ ក្រសួងការបរទេស​កូរ៉េ​ខាងជើង​ក៏​បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការកោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាតិ​ដើម្បី​ពិភាក្សា​ថ្កោលទោស​ការបាញ់សាក​​ល្បង​កាំជ្រួច​របស់ខ្លួន ដោយ​ថា​វា​ជា​វិធានការ​ត​តប​ទៅ​នឹង​សមយុទ្ធ​រួម​គ្នា​រវាង​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​តែប៉ុណ្ណោះ​៕

Post navigation