Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងជើង​បាញ់​កាំជ្រួច​ពីរ​គ្រាប់​ថែម​ហើយ​រិះគន់​អង្គការសហប្រជាជាតិ​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​តុលា​នេះ​បាន​បាញ់​កាំជ្រួច​ផ្លោង​ពីរ​គ្រាប់​បន្ថែម​នៅពេល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជួប​ពិភាក្សា​គ្នា​អំពី​ការបាញ់​កាំជ្រួច​​ដ៏​បង្ក​រឿង​របស់​ខ្លួន​កាលពី​ពីរ​ថ្ងៃមុន​នេះ​ដោយ​ហោះ​រំលង​ជប៉ុន ។​

​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គកា​រស​ប្រជាជាតិ​នៅ​បុរី​ញូវយ៉ក​កាលពីថ្ងៃ៥តុលា ឆ្នាំ​២០២២​។​ក្រោយ​កូរ៉េខាងជើងបាញ់​កាំជ្រួច​ផ្លោង​កាលពី​ថ្ងៃ​អង្គារ​ សហរដ្ឋ​អាម៉េរិក​កោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ​ជាបន្ទាន់​ដោយ​មាន​ការគាំទ្រ​ពី​បារាំង អាល់​បា​នី អង់គ្លេស ន័រ​វេស្ស​និង​អៀឡង់​

​វា​ជា​ការបាញ់​បង្ហោះ​កាំជ្រួច​របស់​កូរ៉េខាងជើង​លើក​ទី​ប្រាំមួយ​ក្នុង​រយៈពេល​មិន​ដល់​ពីរ​សប្តាហ៍​ផង​និង​កើតឡើង​នៅ​ពីរ​ថ្ងៃក្រោយ​ខ្លួន​បាន​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​មួយ​ហោះ​រំលង​ជប៉ុន​នាំអោយ​​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​ចេញ​ការព្រមាន​ជម្លៀស​មនុស្ស​។​

​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា ខ្លួន​បាន​ចាប់​បាន​សញ្ញា​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​ពីរ​ដើម​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​សាម​សុក​(Samsok)​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​ឆ្ពោះទៅ​កាន់​សមុទ្រ​ខាងកើត ដែល​​គេ​ស្គាល់​ថា សមុទ្រ​ជប៉ុន​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​យោធា​របស់​យើង​បាន​បង្កើន​ការ​តាម​ឃ្លាំមើល​និង​កំពុង​រក្សា​ការត្រៀមខ្លួន​ខ្ពស់បំផុត ដោយ​សម្របសម្រួល​ជា​​មួយ​សហរដ្ឋ​អាម៉េរិក​»​។​

​ក្នុងពេល​ជាមួយគ្នា កង​ឆ្មាំ​សមុទ្រ​ជប៉ុន​បានបញ្ជាក់​អះអាង​អំពី​ការបាញ់​កាំជ្រួច​ផ្លោង​ពីរ​ដើម​ផងដែរ ដោយ​នាយក​រដ្ឋមន្ត្រី ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ការបាញ់​ផ្លោង​នៅ​មួយរយៈ​​ពេល​ចុង​ក្រោយ​នេះ​«​មិន​អាច​ទទួលយកបាន​។​សូម្បី​តែ​ក្នុង​រយៈពេល​ដ៏​ខ្លី​ចាប់តាំងពី​ចុង​ខែ​កញ្ញា នេះ​ជា​លើក​ទី​ប្រាំមួយ​ហើយ​។​វា​មិន​អាច​ទទួលយកបាន​ដាច់ខាត​»​។​

​ការបាញ់​សាកល្បង​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អង្គារ​ដែល​មន្ត្រី​និង​អ្នក​វិភាគ​ថា​ជា​កាំជ្រួច​Hwasong-12​ដែល​ធ្វើដំណើរ​ឆ្ងាយ​បំផុត​ក្នុងចំណោម​ការសាកល្បង​កាំជ្រួច​របស់​កូរ៉េខាងជើង​នា​ពេល​កន្លង​​មក នាំ​អោយ​សហរដ្ឋ​អាម៉េរិក​កោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ជាបន្ទាន់​។​តែ​សម្ពន្ធមិត្ត​របស់​កូរ៉េខាងជើង គឺ​ចិន​បាន​បន្ទោស​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ថា​ជាដើម​ច​មដែល​នាំ​អោ​​យ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បាញ់​កាំជ្រួច​បន្តបន្ទាប់​នេះ​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក ហ្គេង សួង​(Geng Shuang)​បាន​និយាយថា ការបាញ់​បង្ហោះ​របស់​កូរ៉េ​ខាងជើង​កាលពី​ពេល​ថ្មីៗ​«​មាន​ជាប់​ពាក់ព័ន្ធ​ជិតដិត​ណាស់​»​នឹង​សមយុទ្ធ​​យោធា​រវាង​អាម៉េរិក​និង​សម្ពន្ធមិត្ត​។​​ហ្គេង បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ថា​«​អាម៉េរិក​បំពុលបរិយាកាស​សន្តិសុខ​តំបន់​»​។​

​សូមបញ្ជាក់​ថា កូរ៉េខាងត្បូង ជប៉ុន​និង​អាម៉េរិក​បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ រួម​ទាំង​សមយុទ្ធ​ជើង​ទឹក​ដ៏​ធំ​និង​លំ​ហាត់​ប្រឆាំង​នាវាមុជទឹក​ផង​។​

​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បញ្ជូន​នាវា​USS Ronald Reagan​ទៅកាន់​ឧបទ្វីប​កូរ៉េ​សំរាប់​ដំណើរ​មក​កាន់​តំបន់​នេះ​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​ចេញ​សេចក្តីថ្លែងការណ៍​រិះគន់​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ចោទប្រកាន់​អាម៉េរិក​ថា​«​បង្ក​ការ​គំរាម​ស្ថិរភាព​​នៃ​សភាពការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​»​ជាមួយ​នឹង​ការបញ្ជូន​នាវា​ដឹក​យន្តហោះ​មកកាន់​តំបន់​៕

Post navigation