Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងជើង​បាញ់​កាំជ្រួច​រំលង​ជប៉ុន បណ្តាល​អោយ​អ្នកស្រុក​ខ្លះ​រក​ជម្រក​ការពារ​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ កូរ៉េ​ខាងជើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​បាញ់​កាំជ្រួច​ផ្លោង​មួយ​រំលង​ជប៉ុន​ជា​លើកដំបូង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ ដោយ​បណ្តាល​អោយ​អ្នកស្រុក​និង​មន្ត្រី​ជប៉ុន​​រត់​រក​កន្លែង​ជ្រក​នៅ​ពេល​ដំណើរ​ការរថភ្លើង​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នៅ​ជប៉ុន​ខាងជើង​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង និង​កង​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​រាយការណ៍​អំពី​ការសាកល្បង​កាំជ្រួច​នេះ ដោយ​វា​ត្រូវ​បាន​បាញ់​ចេញពី​ឆ្នេរ​ខាងកើត​កូរ៉េខាងជើង​។​

​នាយខុទ្ទកាល័យ​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន​លោក ហ៊ី​រ៉ូ​កាហ្ស៊ុ​យ ម៉ា​តស៊ូ​ណូ (​កណ្តាល​)​រត់​ពេល​ដល់​ការិយាល័យ​នាយករដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៤ តុលា​

(​រូបឯកសារ)ទូរទស្សន៍​កូរ៉េខាងត្បូង​ផ្សាយ​អំពី​ការសាកល្បង​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​២៨​កញ្ញា ២០២២

​រដ្ឋាភិបាល​ជប៉ុន​បាន​ព្រមាន​អោយ​ពលរដ្ឋ​ខ្លួន​រក​កន្លែង​ការពារ​ខ្លួន នៅពេល​កាំជ្រួច​កូរ៉េខាងជើង​ទំនងជា​ហោះ​លើ​ជប៉ុន​មុន​ធ្លាក់​ចូល​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​វា​បាន​និយាយថា ជប៉ុន​មិន​បាន​ប្រើ​​វិធានការ​អ្វីមួយ​ដើម្បី​បំផ្លាញ​កាំជ្រួច​ដែល​ហោះ​កាត់​ទឹកដី​ជប៉ុន​ជា​លើកដំបូង​ចេញពី​កូរ៉េខាងជើង​ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។​

​នៅ​ម៉ោង​ប្រមាណ​៧​និង​២៩​នាទី​ព្រឹក ប្រព័ន្ធ​ព្រមាន​ជា​មុន​អំពី​កាំជ្រួច​បាន​អោយ​សញ្ញា ដោយ​កញ្ចក់​ទូរទស្សន៍​ជាតិ NHK​ប្រែជា​ផ្សាយ​សារ​ព្រមាន​ប្រុង​ជើងការ​។​វា​ផ្សាយ​ថា​«​កូរ៉េខាងជើង​ទំនងជា​បាន​​បាញ់​កាំជ្រួច​មួយ​។​សូម​ភៀសខ្លួន​ចូល​អាគារ​ឬ​ជម្រក​ក្រោម​ដី​»​។​

NHK បាន​និយាយថា ការព្រមាន​នេះ​សំរាប់​តំបន់​ខាងជើងចំនួន​ពីរ​របស់​ជប៉ុន កន្លែង​ដែល​គេ​រំពឹងថា​កាំជ្រួច​នឹង​ឆ្លងកាត់​។​

​ការសាកល្បង​នេះ​នាំ​អោយ​ក្រុមហ៊ុន​ផ្លូវដែក​ខាងកើត​ជប៉ុន​ផ្អាក​ប្រតិបត្តិការ​ផ្លូវដែក​នៅ​តំបន់​ខាងជើង​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​លោក ហ៊ី​រ៉ូ​កាហ្ស៊ុ​យ ម៉ា​តស៊ូ​ណូ​(Hirokazu Matsuno)​បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា «​អំពើ​របស់​កូរ៉េខាងជើង​ជា​បន្តបន្ទាប់ រួម​មាន​ការបាញ់​សាកល្បង​កាំ​​ជ្រួច​ផ្លោង គំរាម​សន្តិភាព​និង​ស្ថិរភាព​របស់​ជប៉ុន តំបន់​និង​សហគមន៍​អន្តរជាតិ ហើយបង្ក​ការ​ប្រឈម​ធ្ងន់ធ្ងរ​មួយ​ចំពោះ​សហគមន៍​អន្តរជាតិ​ទាំងមូល រួម​ទាំង​ជប៉ុន​»​។​

​ថ្លែង​ទៅ​កាន់​អ្នកយកព័ត៌មាន​នៅ​ពេល​ក្រោយមក នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ហៅ​អំពើ​របស់​កូរ៉េខាងជើង​ថា​«​សាហាវ​»​និង​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​បន្ត​ប្រមូល​និង​វិភាគ​ព័ត៌មាន​អំពី​ការបាញ់​នេះ​។​

​ចំណែក​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង បាន​និយាយថា​វា​ទំនងជា​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​មួយ ដែល​ត្រូវបាន​បាញ់​ចេញពី​ខេត្ត​ចា​ហ្កាង​(Jagang)​របស់​កូរ៉េ​ខាងជើង​។​តែ​ទូរទស្សន៍​Asahi​របស់​ជប៉ុន​ដែលបាន​និយាយយោងតាម​ប្រភព​រដ្ឋាភិបាល​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា​កូរ៉េខាងជើង​អាច​បាន​បាញ់​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​មួយ​និង​វា​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ក្រោយ​ហោះ​បាន​ប្រមាណ​៣.០០០​គីឡូម៉ែត្រ​ពី​ជប៉ុន​។​

​វា​ជា​ការបាញ់​បង្ហោះ​កាំជ្រួច​លើក​ទី​ប្រាំ​ក្នុង​រយៈពេល​ដប់​ថ្ងៃ​មកនេះ ចំ​ពេល​អាម៉េរិក កូរ៉េខាងត្បូង រួម​ទាំង​ជប៉ុន​បញ្ចេញ​សាច់ដុំ​យោធា ដែល​រួម​មានការធ្វើ​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​ត្រីភាគី ក្នុង​គោលបំណង​​ត្រៀម​ទប់ទល់​នឹង​កូរ៉េខាងជើង​ផង​។​លំ​ហាត់​យោធា​ដូច្នេះ​វា​កាន់តែ​ធ្វើអោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ខឹង ដោយសារតែ​ខ្លួន​ចាត់ទុក​វា​ជា​ការហាត់​សម​សំរាប់​ចូល​ឈ្លានពាន​កូរ៉េខាងជើង​៕

Post navigation