អង្គការការពារសិទ្ធិមនុស្សលីកាដូ បានទាមទារឱ្យបិទមណ្ឌលព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយរកឃើញអ្នកជាប់ឃុំនៅក្នុងមណ្ឌលនេះបានស្លាប់ជាច្រើននាក់ដោយសារការឃុំខ្លួនមិនត្រឹមត្រូវ។
អង្គការលីកាដូ (LICADHO) ចេញផ្សាយសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត ខណៈកំពុងឃុំខ្លួនដោយមិនត្រឹមត្រូវនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺរបស់រដ្ឋ ក្នុងខែសីហា ឆ្នាំ២០២២។ បន្ថែមពីនេះ មានភស្តុតាងបង្ហាញថា មនុស្សជាង១០នាក់បានស្លាប់ ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់នៅក្នុងមណ្ឌលមួយនេះ នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍បានបន្តថា ការស្លាប់អ្នកជាប់ឃុំថ្មីៗនេះ គឺមានស្ត្រី និងបុរសម្នាក់ ដោយកើតឡើងក្រោយពីអ្នកជាប់ឃុំទាំងនោះឈឺនៅក្នុងមណ្ឌល ហើយមិនត្រូវបានផ្ដល់ការព្យាបាលឱ្យបានគ្រប់គ្រាន់ឡើយ។ លីកាដូ បានឱ្យដឹងថា អ្នកជាប់ឃុំមានជំងឺធ្ងន់ធ្ងរត្រូវបានទុកចោលនៅលើឥដ្ឋ នៅក្នុងបន្ទប់ឃុំឃាំង រហូតដល់ស្លាប់ នៅចំពោះមុខអ្នកជាប់ឃុំផ្សេងទៀត។
អង្គការលីកាដូ បានរកឃើញទៀតថា មានករណីស្លាប់អ្នកជាប់ឃុំជាង ១០នាក់ នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២២ ខណៈមានការរឹតត្បិតខ្លាំងក្នុងការចូលទៅកាន់មណ្ឌល ដែលធ្វើឱ្យមានភាពលំបាកដើម្បីបញ្ជាក់ពីការរាយការណ៍ទាំងនេះ។
អង្គការសិទ្ធិមនុស្សដដែលបានលើកឡើងថា មណ្ឌលព្រៃស្ពឺ បានដំណើរការជាមណ្ឌលឃុំខ្លួនដោយមិនត្រឹមត្រូវ ដើម្បីលាក់បាំងរូបភាពពីប្រជាពលរដ្ឋដែលមិនត្រូវបានគេអើពើ និងអ្នកដែលប្រឈមនឹងហានិភ័យ នៅរាជធានីភ្នំពេញ ខណៈដែលពួកគេត្រូវបានបដិសេធសិទ្ធិទទួលបានការការពារផ្លូវច្បាប់ និងតម្រូវការចាំបាច់ ដូចជា អាហារបរិភោគ និងការថែទាំឬព្យាបាលជំងឺឱ្យបានគ្រប់គ្រាន់។
បើតាមលីកាដូ មនុស្សដែលត្រូវបានឃុំខ្លួននៅមណ្ឌលព្រៃស្ពឺ ភាគច្រើនគឺជាក្រុមមនុស្សដែលមិនត្រូវបានគេអើពើ ដូចជា ជនអនាថា អ្នកសុំទាន អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកប្រកបរបរផ្លូវភេទ ជាដើម ហើយពួកគេមិនត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយទេ ប៉ុន្តែត្រូវបានឃុំខ្លួនដោយមិនច្បាស់លាស់ និងត្រូវបានហាមឃាត់មិនឱ្យចាកចេញ។
សេចក្តីថ្លែងការណ៍៖ «អង្គការលីកាដូ បានចងក្រងឯកសារស្ដីពីការរំលោភបំពាននៅមណ្ឌលព្រៃស្ពឺ ចាប់តាំងពីមណ្ឌលនេះបានបើកដំណើរការក្នុងឆ្នាំ២០០៤ និងបានស្នើសុំជាសាធារណៈឱ្យបិទមណ្ឌលនេះវិញ តាំងពីឆ្នាំ២០០៨ មក។ នៅថ្ងៃនេះ យើងខ្ញុំសូមធ្វើការស្នើសុំជាថ្មីម្ដងទៀត សូមឱ្យបិទមណ្ឌលព្រៃស្ពឺ និងបញ្ចប់ស្ថានភាពអាក្រក់ដែលប្រឈមដោយមនុស្សជាប់ឃុំនៅទីនោះ»។
នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់ នៃអង្គការលីកាដូ អ្នកនាង ណាលី ពីឡូក ដែលត្រូវបានស្រង់សម្តីដាក់ក្នុងសេចក្តីថ្លែងការណ៍ មានប្រសាសន៍ថា ការស្លាប់របស់មនុស្សពីរនាក់នេះជាបញ្ហាបន្ថែមលើការរំលោភបំពាន ការធ្វើទារុណកម្ម និងការបាត់បង់ជីវិតដែលមិនគួរកើតមាន អស់រយៈពេលជិតពីរទសវត្សរ៍មកនេះ នៅក្នុងមណ្ឌលព្រៃស្ពឺ។
អ្នកនាងបានបន្ថែមថា៖ «ជារៀងរាល់ថ្ងៃ មណ្ឌលព្រៃស្ពឺនៅតែបើកដំណើរការ បង្កឱ្យមានការរំលោភបំពានបន្ថែមទៀត និងហានិភ័យនៃការស្លាប់ជាច្រើនទៀត។ រាជរដ្ឋាភិបាលគួរតែបិទមណ្ឌលនេះតែម្ដង ហើយបញ្ចប់ភាពរងគ្រោះយ៉ាងអាក្រក់ដែលមិនគួរកើតមាននេះ»។
លីកាដូ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២២ មានមនុស្សប្រមាណ៤០០នាក់ត្រូវបានឃុំខ្លួននៅមណ្ឌលព្រៃស្ពឺ ដែលមានស្ថានភាពដូចនរក រួមមាន បន្ទប់ឃុំឃាំងចង្អៀតណែនខ្លាំង កង្វះចំណីអាហារ ការវាយដំដោយសារមិនស្ដាប់តាមការណែនាំ ខណៈដែលការថែទាំសុខភាព គឺទទួលបានតែថ្នាំប៉ារ៉ាសេតាម៉ុល តែប៉ុណ្ណោះ ទោះបីជាមានជំងឺធ្ងន់ធ្ងរក៏ដោយ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ ក៏បានអំពាវនាវឱ្យបិទទីតាំងទាំងអស់ផ្សេងទៀតនៃការឃុំខ្លួនមិនត្រឹមត្រូវ ឱ្យបានឆាប់ និងជារៀងរហូត ហើយអ្នកដែលត្រូវបានចោទប្រកាន់ពីការធ្វេសប្រហែស ឬការរំលោភបំពាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈប្រវត្តិនៃការរំលោភបំពាន និងការស្លាប់នៅមណ្ឌលព្រៃស្ពឺ បានអូសបន្លាយពេលជាច្រើនមកហើយ និងបង្កើតឱ្យមានការរំលោភបំពានបន្ថែមទៀត ប្រសិនបើមណ្ឌលនេះមិនត្រូវបានបិទដំណើរការនោះទេ។
កាលពីឆ្នាំ២០២០ អង្គការលើកលែងទោសអន្តរជាតិ ក៏បានចេញរបាយការណ៍មួយ ដោយបានចងក្រងការរំលោភបំពានជាច្រើននៅក្នុងមណ្ឌលព្រៃស្ពឺ រួមមាន ការវាយដំ ការស្លាប់ ការធ្វើអត្តឃាត ភាពចង្អៀតណែនខ្លាំង កង្វះអាហារគ្រប់គ្រាន់ ក៏ដូចជាការព្យាយាមរត់ចេញរបស់អ្នកជាប់ឃុំ ជាដើម៕