Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លើកទម្ងន់៖សម្រេចដាក់៦វិញ្ញាសាសម្រាប់ការប្រកួតកីឡាជាតិលើកទី៣

Views: 1

ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានសម្រេចដាក់៦វិញ្ញាសាសម្រាប់ការប្រកួតកីឡាជាតិលើកទី៣ដែលនឹងរៀបចំធ្វើនាខែវិច្ឆិកាខាងមុខនេះ។

លោក សំ សុខយី អគ្គលេខាធិការរបស់សហព័ន្ធនោះបានបញ្ជាក់ថាក្នុងចំណោម៦ វិញ្ញាសាគឺមានផ្នែកបុរស ៣វិញ្ញាសាផ្នែកនារី៣វិញ្ញាសានិងមានកីឡាករកីឡាការិនីចូលរួមសរុប៣២នាក់មកពី៧រាជធានីខេត្តនិងក្រសួងមួយរួមទាំងមន្រ្តីបច្ចេកទេស២០នាក់។

លោកបន្តថាកីឡាជាតិលើកទី៣នេះគឺជាចំណុចនៃការវាស់ស្ទង់សមត្ថភាពដល់អត្តពលិកនៅតាមបណ្ដារាជធានីខេត្តនិងក្រសួងស្ថាប័នដែលចូលរួមជាពិសេសផ្សព្វផ្សាយកីឡាលើកទម្ងន់ទៅកាន់មហាជនយុវជននិងបណ្តារាជាធានីខេត្តអោយកាន់តែមានសកម្មភាពផុសផុលហ្វឹកហាត់ប្រភេទកីឡាមួយនេះពីព្រោះទូទាំងប្រទេសកម្ពុជាមានក្លិបហាត់ប្រាណច្រើន។

ព្រឹត្តិការណ៍កីឡាជាតិនេះ ក៏ជាផែនការយុទ្ធសាស្រ្តមួយ ក្នុងចំណោមផែនការធំៗ របស់សហព័ន្ធ ត្រៀមស៊ីហ្គេម លើកទី៣២នាឆ្នាំ២០២៣នៅកម្ពុជាដែរគឺស្វែងរកកីឡាករកីឡាការិនីដែលមានសមត្ថភាពយកមកហ្វឹកហាត់គ្រូជំនាញរបស់សហព័ន្ធនិងក្រុមជម្រើសជាតិ។

ការធ្វើបែបនេះដោយសារសហព័ន្ធពិនិត្យឃើញថាក្លិបហាត់ប្រាណច្រើនច្បាស់ជាមានកីឡាករឆ្នើមគ្រាន់តែសហព័ន្ធមិនទាន់រកបានហើយនៅពេលរកបានសហព័ន្ធនឹងបញ្ជូនគ្រូជំនាញទៅបង្វឹកបន្ថែមឱ្យត្រូវស្តង់ដារបច្ចេកទេសអន្តរជាតិដើម្បីធ្វើការប្រៀបធៀបគ្នាឬក៏ប្រកួតប្រជែងជាមួយកីឡាករកីឡាការិនីជម្រើសរើសជាតិដែលហ្វឹកហាត់នៅប្រទេសចិនស្វែងរកអ្នកមានសិទ្ធផលល្អជាង និងក្លាយទៅជាបេក្ខភាពក្រុមជម្រើសជាតិតែម្ដង។

នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមកម្ពុជាត្រូវការកីឡាករដ៏ល្អមានវ័យក្មេងសម្រាប់ត្រៀមក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេមពីព្រោះស៊ីហ្គេមចប់យើងក៏មានការប្រកួតកម្រិតអន្តរជាតិផ្សេងៗទៀត រួមនិងស៊ីហ្គេម លើកក្រោយៗទៀតផង។ ខេត្តជាគោលដៅចម្បងរបស់សហព័ន្ធគឺខេត្តជាប់តំបន់ឆ្នេរសមុទ្រដូចជាខេត្តកែបខេត្តកំពតខេត្តព្រះសីហនុនិងខេត្តកោះកុង។ការជ្រើសរើសខេត្តប៉ែកនិរតីនេះដោយសារសហព័ន្ធបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំការប្រកួតក្នុងពិធីបុណ្យសមុទ្រជារៀងរាល់ខែធ្នូបន្ថែមលើការប្រកួតថ្នាក់ជាតិការប្រកួតអបអរឆ្លងឆ្នាំនិងការប្រកួតផ្សេងៗទៀតឱ្យបានមួយឆ្នាំ២ទៅ៣ដងសម្រាប់កីឡាករកីឡាការិនីធ្វើការប្រកួតអោយកាន់តែពុះកញ្ជ្រោល និងបង្កើនសមត្ថភាពអោយកាន់តែមានទំនុកចិត្ត។

ជាមួយគ្នានេះសហព័ន្ធក៏បានយកចិត្តទុកដាក់ដុសខាត់មន្ត្រីបច្ចេកទេសអាជ្ញាកណ្តាល ចៅក្រមផងដែរពីព្រោះ ស៊ីហ្គេមនៅកម្ពុជាពួកគាត់ក៏ជាចំណែកមួយដ៏សំខាន់ចូលរួមរៀបចំកាត់សេចក្តីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជាអោយទទួលបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះជាពិសេសឱ្យស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «ប្រជាពលរដ្ឋម្នាក់គប្បីលេង កីឡាឱ្យបានមួយមុខប្រចាំជីវិត»។ លោក សំ សុខយី បានអំពាវនាវស្វែងរកការចូលរួមពីដៃគូអភិវឌ្ឍជាពិសេសវិស័យឯកជនក៏ដូចជាបណ្ដាក្រុមហ៊ុន នានាក្នុងការឧបត្ថម្ភគាំទ្រឱ្យមានការប្រកួតជាច្រើនជារៀងរាល់ឆ្នាំ។

សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ឆ្នាំ២០២២នេះក្រសួងអប់រំយុវជននិងកីឡាបានសម្រេចដាក់៣៥ប្រភេទកីឡាឱ្យប្រកួតប្រជែងក្នុងនោះសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានត្រៀម៦ប្រភេទទម្ងន់ លើ៦វិញ្ញាសា បុរស ៣ទម្ងន់ នារី ៣ទម្ងន់៕សរន

Post navigation