Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ គឹម រិទ្ធី៖ កិច្ចប្រជុំតុមូលក្នុងវេទិកា AMF បានចែករំលែកបទពិសោធន៍ល្អៗ ប៉ុន្តែមិនមានការឯកភាព ណាមួយនោះទេ

Views: 2

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក គឹម រិទ្ធី ជាសហប្រធាន បានលើកឡើងថាៈ កិច្ចប្រជុំ តុមូល ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ២០២២ ជាការចែករំលែក បទពិសោធន៍ តែមិនឈានដល់ការឯកភាព នូវចំណុចណាមួយនោះទេ ដោយសារ ប្រទេសនីមួយៗ មានច្បាប់ហិរញ្ញវត្ថុខុសៗគ្នា ។

បើតាមការលើកឡើង របស់លោក គឹម​ រីទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធាន កិច្ចពិភាក្សា ក្នុងកិច្ចប្រជុំតុមូលមួយ ក្នុងចំណោមកិច្ចប្រជុំតុមូលផ្សេងទៀត ដែលរដ្ឋបាល រាជធានីភ្នំពេញ​ បានរៀបចំឲ្យមានការពិភាក្សា រវាង​សមាជិក សមាជិកា អភិបាលក្រុង និងរដ្ឋធានីអាស៊ាន ក្រោមប្រធានបទ “ការធ្វើហិរញ្ញប្បទាន គម្រោងដែលមានចីរភាព ដើម្បីការអភិវឌ្ឍទីក្រុង” នារសៀលថ្ងៃទី២ ខែធ្នូ នៅសណ្ឋាគារសុខាភ្នំពេញ បានឲ្យដឹងថា “ប្រធានបទក្នុងថ្ងៃនេះ មានជាប់ពាក់ព័ន្ធនឹងការស្វែងរកថវិកា ប្រកបដោយចីរភាព ដើម្បីអភិវឌ្ឍន៍សហគមន៍របស់យើង អភិវឌ្ឍន៍ក្រុង ប្រកបដោយចីរភាព ដូច្នេះគ្រោងការ អភិវឌ្ឍន៍ យើងត្រូវរៀបចំថវិកា នឹងឲ្យបានសមស្រប ចំណាយឲ្យបានប្រកបដោយចីរភាព ដូច្នេះនៅក្នុងការជជែកគ្នា ជាមួយប្រទេសជាមិត្ត ក្នុងអាស៊ានេះ​ បានចែករំលែកនូវ បទពិសោធន៍ ពីការស្វែងរកថវិកា នៅថ្នាក់ជាតិ ការស្វែងរកប្រភពថវិកា ពីកាបូនក្រេឌីត ជាពិសេសប្រទេសកម្ពុជាយើងនេះ ក្រសួងបរិស្ថាន បានធ្វើការយ៉ាងល្អប្រសើរ ក្នុងការរកឥណទាន នូវកាបូនក្រេឌីតនេះ ដើម្បីរកថវិកាបន្ថែម ជូនរាជរដ្ឋាភិបាល ក៏ដូចជា សហគមនៅទីនោះ” ។

លោក គឹម រិទ្ធី បានបន្តថាៈ “ប្រទេសជាមិត្ត ក៏បានចែករំលែកបទពិសោធន៍ផ្សេងៗ ក្នុងការស្វែងរកថវិកា បរិបទខ្លះ ជាបរិបទដោយឡែក នៅប្រទេសរបស់គាត់ និងបរិបទខ្លះ យើងអាចរៀនសូត្របានដែរ” ។

លោកក៏បានឲ្យដឹងថាៈ ប្រទេសជាសមាជិកអាស៊ាន បានសម្តែងនូវការអបអរសាទរ ដល់កម្ពុជា ​និងជាពិសេស រដ្ឋបាលរាជធានីភ្នំពេញ ដែលបានរៀបចំឲ្យមានកិច្ចប្រជុំនេះ ឡើង ។ ក្នុងនោះប្រទេសជាសមាជិក ក៏បានអរគុណដល់សន្តិភាពកម្ពុជា និងស្ថេរភាព នយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោផងដែរ ។

ជាមួយគ្នានេះដែរ ជុំវិញគម្រោងបៃតង លោក គឹម រិទ្ធី បានឲ្យដឹងថាៈ “គម្រោងបៃតង ត្រូវបានលើកទឹកចិត្ត នៅទីក្រុងមួយចំនួន នៅក្នុងអាស៊ាន ក៏ដូចជាប្រទេសយើងផងដែរ។ រដ្ឋបាលក្រុង ក៏ដូចជារដ្ឋាភិបាល ជំរុញឲ្យរៀបចំនូវឧទ្យាន នៅកន្លែងហាត់ប្រាណ ឲ្យបានច្រើន ដែលប្រកបទៅដោយដើមឈើ ឲ្យក្លាយជាកន្លែងមួយ អាចទៅលម្ហែកាយ ខណៈដែលគម្រោងបៃតងនេះ ប្រសិនបើប្រៀបធៀបទៅគម្រោងផ្សេង ដែលអត់មាន ភាពបៃតង គឺគេឲ្យអទិភាពគម្រោងបៃតងមុន” ។

លោកបានឲ្យដឹងទៀតថាៈ “ ចំពោះគម្រោងបៃតងនៅកម្ពុជា ត្រូវបានលើកទឹកចិត្ត ដោយក្រសួងហិរញ្ញវត្ថុរបស់យើង ប៉ុន្តែចំពោះប្រទេសផ្សេងៗ គាត់បានលើកទឹកចិត្តពី រដ្ឋាភិបាល និងក្រសួងហិរញ្ញវត្ថុរបស់គេផងដែរ ប៉ុន្តែនៅក្នុងមូលដ្ឋានរបស់គេ គេបានយក ពន្ធនៅថ្នាក់មូលដ្ឋានវិញផងដែរ ដែលគេអាចជំរុញថវិកាមួយចំនួន ចូលក្នុងនោះផងដែរ ពួកគាត់ក៏អាចយកថវិកាកម្ចី ពីដៃគូអភិវឌ្ឍន៍ ឬក៏ធនាគាឯកជន ទៅតាមច្បាប់ប្រទេសនោះ បានកំណត់” ។

លោក​គឹម រិទ្ធី ក៏បានឲ្យដឹងទៀតថា “កិច្ចប្រជុំនេះ ជាការឲ្យយោបល់ចែករំលែកនូវ បទពិសោធន៍តែប៉ុណ្ណោះទេ មិនមែនជាការឈានទៅដល់ ការឯកភាពនូវចំណុចណាមួយ នោះទេ ដោយសារប្រទេសយើង មួយមានច្បាប់ហិរញ្ញវត្ថុខុសៗគ្នា ប៉ុន្តែក៏បានចែករំលែក បទពិសោធន៍ល្អៗ នៃប្រទេសនីមួយៗ មកប្រើផងដែរ ។ ចំណុចមួយ ដែលជជែកគ្នា គឺការបដិភាគ រវាងសហគមន៍ និងថវិការបស់រដ្ឋ ដែលកន្លងមក យើងបានធ្វើបដិភាគថវិកា ៥០% និង ៥០% នេះ ក៏បានជជែកគ្នាដែរ ។ មួយទៀត បានជជែកគ្នាថា រដ្ឋបាលថ្នាក់ ក្រោមជាតិ អាចខ្ចីលុយពីដៃគូអភិវឌ្ឍន៍ នេះជាអ្វីដែលបានជជែកគ្នា ប៉ុន្តែមិនត្រូវនឹងបរិបទ របស់យើងទេ ដោយសារច្បាប់ថវិការបស់យើង គឹមិនអាចឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រើកម្ចីថវិកាទេ”៕/V

Post navigation