Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ខ្វៃ អាទិត្យា ៖ ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងសហគមន៍ តំបន់ការពារធម្មជាតិ

Views: 8

ដោយៈ សម្បត្តិ / ភ្នំពេញៈ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងថាៈ ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងសហគមន៍ តំបន់ការពារធម្មជាតិ។ ការលើកឡើងរបស់មន្រ្តី ជាន់ខ្ពស់ ក្រសួងបរិស្ថានរូបនេះ បានធ្វើឡើង ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញ មគ្គុទ្ទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់សហគមន៍ តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ។

លោកអនុរដ្ឋលេខាធិការ បានបន្ថែមថាៈ បច្ចុប្បន្ន តំបន់ការពារធម្មជាតិ នៅកម្ពុជា មានចំនួនរហូតដល់ ៧៣ តំបន់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧,៣ លានហិកតា ដែលជាមូលដ្ឋាន ក្នុងការបង្កើតសហគមន៍ការពារធម្មជាតិ ដើម្បីចូលរួមការពារធនធាន ធម្មជាតិ បានល្អប្រសើរ សម្រាប់កូនចៅតជំនាន់។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានអនុវត្តន៍ និងសហការអនុវត្តន៍ ជាមួយស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍មួយចំនួន លើការលើកកម្ពស់ជីវភាព រស់នៅរបស់សហគមន៍ មូលដ្ឋាន ដើម្បីផ្តល់ឱកាសដល់គ្រួសារសហគមន៍ ស្វែងរកចំណូលគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមគ្រួសារ ជាពិសេសបង្កលលទ្ធភាព បញ្ជូនកូនចៅ ទៅសាលារៀន ដែលផ្តល់នូវក្តីសង្ឃឹម ថាកូនចៅជំនាន់ក្រោយ នឹងលែងអាស្រ័យផល និងប្រើប្រាស់ ធនធានធម្មជាតិ មកបង្កើនជីវភាព តាមរយៈមុខរបរថ្មី ហើយទន្ទឹមនោះ នឹងកាត់បន្ថយ ការដាក់សម្ពាធមកលើធនធានធម្មជាតិ និងជីវចម្រុះ ហើយបង្កើនក្តីស្រឡាញ់ជាតិ មាតុភូមិរបស់ខ្លួនកាន់តែខ្លាំង។

លោក ខ្វៃ អាទិត្យា បានបន្ថែមថាៈ កម្ពុជាបានពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយស្មារតី «កម្ពុជាមាតុភូមិខ្ញុំ» ដែលបានប្រែក្លាយវិស័យបរិស្ថានទៅជា «ក្រវ៉ាត់បៃតង» និងសំដៅធានាបាននូវ ឧត្តមប្រយោជន៍ជាតិយូរអង្វែង ទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ។

លោកបានចាត់ទុកថាៈ វគ្គបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់សហគមន៍ តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថាន ខេត្តកំពង់ធំ គោលបំណងតែមួយ គឺឆ្លុះបញ្ជាំងពីភាពចាំបាច់ នៅក្នុងការអភិវឌ្ឍ ជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សមត្ថភាព របស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យក ឱកាសកាងារល្អ និងលើកស្ទួយកម្រិតជីវភាព របស់ពួកគាត់ កាន់តែប្រសើរឡើង តាមរយៈផ្តល់ជូន នូវជម្រើសមុខរបរបន្ថែមទៀត ក្រៅពីអ្វីដែលធ្លាប់ប្រមូលផល អាស្រ័យផលលើធនធានធម្មជាតិ ក៏ដូចជាព្រៃឈើ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញវគ្គមគ្គុទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់ការពារតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលត្រូវបានបែងចែកចេញជា ២ ផ្នែក ក្នុងនោះ មានមគ្គុទេសក៍ បដិសណ្ឋាការកិច្ច ការស្វាគមន៍ ក៏ដូចជា ការការអត្ថាធិប្បាយ ជូនភ្ញៀវទេសចរ និងទី២ គឺផ្នែកចុងភៅ ដែលមានគ្រូឧទ្ទេស ពីខាងក្រសួងទេសចរណ៍ និងមានសិក្ខាកាម ចំនួន ២០ នាក់ មកពីសហគមន៍ តំបន់ការពារធម្មជាតិ ចំនួន ៧ នៅក្នុងខេត្តកំពង់ធំ។

ក្រសួងបរិស្ថាន បានបង្កើតគម្រោងពិព័រណ៍សហគមន៍ ។ គម្រោងពិព័រណ៍សហគមន៍ ជាគម្រោងទី១ ក្រោមការណែនាំរបស់លោករដ្ឋមន្ត្រី ក្នុងគោលដៅជំរុញលើកកម្ពស់ សហគមន៍ តំបន់ការពារធម្មជាតិ ឲ្យមានជីវភាពរុងរឿង តាមរយៈការបង្កើតមុខរបរ ដល់គ្រួសារសហគមន៍។ គម្រោងនេះ ត្រូវយកមកអនុវត្តមុនគេ ក្នុងខេត្តកំពង់ធំ។ តាមរយៈគម្រោងពិព័រណ៍សហគមន៍ ដែលគាំទ្រដោយមូលនិធិបរិស្ថាននិងសង្គម ក្រុមការងារអនុវត្តគម្រោង បានសម្របសម្រួល បើកវគ្គបណ្តុះបណ្តាល ចំណេះជំនាញ ដល់សហគមន៍ តំបន់ការពារធម្មជាតិ ទាំង ១៧ ក្នុងខេត្តកំពង់ធំ ក្នុងនោះ សហគមន៍ ចំនួន ១១ នាក់ បានរៀនភ្លេងប្រពៃណី ដោយសហការជាមួយ មន្ទីរវប្បធម៌ខេត្ត សហគមន៍ចំនួន ២នាក់ បានរៀនចប់វគ្គជួសជុលម៉ូតូ ដោយសហការជាមួយ វិទ្យាស្ថាន ពហុបច្ចេកទេសកំពង់ធំ សហគមន៍ចំនួន ១៤ នាក់ បានរៀនចប់វគ្គភ្នាក់ងារពេទ្យសត្វភូមិ ដោយសហការជាមួយ មន្ទីរកសិកម្មខេត្ត និងសហគមន៍ចំនួន ២០ នាក់ និងមន្ត្រីនៃមន្ទីរបរិស្ថាន ៤នាក់ បានរៀនចប់វគ្គមគ្គុទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងធ្វើម្ហូប(១៣មុខ)ដោយសហការជាមួយក្រសួងទេសចរណ៍។ ប្រជាពលរដ្ឋ មកពីសហគមន៍តំបន់ការពារធម្មជាតិ អាចទទួលបានជំនាញ និងអាចប្រកបរបរ នៅក្នុងសហគមន៍ រកចំណូលសម្រាប់បង្កើនជីវភាពគ្រួសារផងដែរ៕ V / N

Post navigation