Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ ​កឹម​ ​សុខា​ ​នៅតែ​អះអាង​ពី​ភាព​ស្មោះ​ត្រង់​ចំពោះ​ជាតិ​និង​ពលរដ្ឋ​ខ្មែរ​

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌប្រពៃណីជាតិ​ ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា នៅតែប្រកាសពីភាពស្មោះត្រង់របស់ខ្លួនចំពោះជាតិ និងប្រជាជនខ្មែរ ដោយថា លោក​មិននាំបរទេសណាមកឈ្លានពានទឹកដីខ្មែរ មិនបំផ្លិចបំផ្លាញធនធានទ្រព្យសម្បត្តិជាតិខ្មែរ មិនប្រទូសរ៉ាយ និងមិនកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរជាដាច់ខាត។

ការអះអាងពីភាពស្អាតស្អំជាថ្មីទៀតនេះ ធ្វើឡើងស្របពេលដំណើរការកាត់ក្តី​លោកនៅមិនទាន់បញ្ចប់នៅឡើយ បើទោះបីជាសំណុំរឿងដែលតុលាការចោទប្រកាន់លោកពីបទ សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ឬត្រូវរ៉ូវគ្នាជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល បានអូសបន្លាយជាង ៥ឆ្នាំទៅហើយក្តី ប៉ុន្តែតុលាការនៅមិនទាន់រកឃើញពីទោសកំហុសរបស់ប្រធានគណបក្សប្រឆាំងរូបនេះនៅឡើយ។

កាលពីថ្ងៃព្រហស្បតិ៍ លោក កឹម សុខា បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្នុងនាមជាខ្មែរ និងជាពុទ្ធសាសនិក ទោះបីមានការរំខានផ្លូវកាយ ផ្លូវចិត្ត និងសិទ្ធិ សេរីភាពយ៉ាងណា ក៏លោកនៅតែបញ្ជាក់ពីភាពស្អាតស្អំរបស់លោកចំពោះជាតិ និងប្រជាពលរដ្ឋខ្មែរ។

ហ្វេសប៊ុក លោក កឹម សុខា សរសេរថា៖ «ស្មោះត្រង់ចំពោះប្រជាជាតិខ្មែរ មិននាំបរទេសណាមកឈ្លានពានទឹកដីខ្មែរ មិនបំផ្លិចបំផ្លាញធនធានទ្រព្យសម្បត្តិជាតិខ្មែរ មិនប្រទូសរ៉ាយ និងមិនកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរជាដាច់ខាត។ កតញ្ញូចំពោះមាតុភូមិកម្ពុជា ចំពោះអ្នកមានគុណ ទាំងព្រះរស់ ទាំងបុព្វការីជនដែលបានចែកឋានទៅ គឺជាគុណធម៌របស់មនុស្សដែលមានសីល»។

លោក កឹម សុខា បន្តថា លោកនៅតែជឿលើច្បាប់ធម្មជាតិ ទស្សនៈព្រះពុទ្ធសាសនានៃដំណើរជីវិតសត្វលោក ដែលបានចែងអំពី អនិច្ចំ ដែលប្រែមកថា អ្វីៗមិនទៀង តែងតែមានការប្រែប្រួល មិនអាចហាមឃាត់ការផ្លាស់ប្តូរបានទេ ព្រោះនេះគឺជាច្បាប់ធម្មជាតិ។

ចំណែក ទុក្ខំ ដែលមានន័យថា មានជីវិតគឺមានទុក្ខ ហើយ​ទុក្ខកើតឡើងដោយ អវិជ្ជា តណ្ហា ពោលគឺលោភៈ ទោសៈ មោហៈ  ព្រមទាំងឧប្បាទាន និងកម្ម ហើយផ្លូវដែលនាំមកនូវការរំលត់ទុក្ខបានគឺ សីល សម្មាធិ និងបញ្ញា។

ដោយឡែក អនត្តា ដែលប្រែមកថា អ្វីៗមិននៅជាប់ជារបស់យើង ស្លាប់ទៅមិនអាចយកទៅជាមួយទេ គឺមានតែកេរ្តិ៍ឈ្មោះល្អ ឬអាក្រក់ ទេដែលនៅសល់ហើយអាចយកទៅជាមួយបាន។

ដូច្នេះ លោកថា មនុស្សម្នាក់ៗ គប្បីរួមគ្នាធ្វើអំពើល្អ កុំបង្កការឈឺចាប់ដល់អ្នកដទៃ។

ការជឿទៅលើច្បាប់ធម្មជាតិ បុណ្យបាប ល្អឬអាក្រក់នេះ លោក កឹម សុខា ក៏ធ្លាប់បានលើកជាញយដងនៅក្នុងពេលសវនាការ​ ដោយលោកនៅតែប្រកាសពីភាពស្អាតស្អំរបស់ខ្លួន ហើយតែងច្រានចោលរាល់ការចោទប្រកាន់លោក ដែលថាជាការចោទទាំងខុសការពិត និងអយុត្តិធម៌ បើទោះពីជាតុលាការបានព្យាយាមសួរលោកដោយភ្ជាប់ទៅនឹងសំណុំរឿងបាតុកម្មហិង្សាមួយចំនួនក្តី។

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ​ពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

លោកបន្តថា បិណ្ឌទី១៣ម្សិលមិញនេះ ​គឺជាថ្ងៃដែលប្រជាពលរដ្ឋ កម្មករ កម្មការិនី អាជីវករមួយចំនួន បានធ្វើដំណើរជាបន្តបន្ទាប់ទៅកាន់ស្រុកកំណើតដើម្បីជួបជុំ ឪពុកម្ដាយ ​សាច់ញាតិ ដើម្បីធ្វើបុណ្យនៅតាមវត្តអារាម ក៏ដូចជានៅតាមផ្ទះ និងរីករាយជួបជុំគ្រួសារ ហើយប្រជាពលរដ្ឋខ្លះទៀត ក៏បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តជុំគ្រួសារ ទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ។

ត្បិតតែមិនបានថ្លែងសារនយោបាយណាមួយ តែលោក ហ៊ុន សែន ក៏មិនភ្លេចឡើយនូវសារជូនពរ ​ដល់ពលរដ្ឋខ្មែរឱ្យទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរ សុខភាពល្អ និងរីករាយជាមួយក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្យ ព្រមទាំងត្រូវយកចិត្តទុកដាក់ថែរក្សា ការពារសុខភាព ពិសេសត្រូវប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ។

ចំណែកលោក សម រង្ស៊ី ដែលជាដៃគូប្រជែងនយោបាយចាស់វស្សារបស់លោក ហ៊ុន សែន វិញនៅមិនទាន់ឃើញបញ្ចេញសារជូនពរទៅកាន់ពលរដ្ឋខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅឡើយទេ។

សវនាការសំណុំរឿង លោក កឹម សុខា បានប្រព្រឹត្តទៅជិត៦០លើកហើយ រាប់តាំងពីមានការចាប់ខ្លួនលោកកាលពីខែដើមកញ្ញា ឆ្នាំ២០១៧មក ខណៈសំណុំរឿងនេះត្រូវបានលោកហ៊ុន សែន ធ្លាប់បង្ហើបថានឹងអាចពន្យារពេលរហូតដល់ឆ្នាំ២០២៤ ពោលគឺក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣ រួច។

ទោះបីជាយ៉ាងនេះក្តី សហរដ្ឋអាមេរិក ​សហភាពអឺរ៉ុប រួមទាំងអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជាផង សុទ្ធតែធ្លាប់ជំរុញទៅរដ្ឋាភិបាលឱ្យផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា។

សហរដ្ឋអាមេរិក ធ្លាប់បានព្រលយម្តងជាពីរដងហើយថា ការផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា ពិសេសសេរីភាពខាងនយោបាយ នឹងធ្វើឱ្យកម្ពុជាទទួលបានផលចំណេញច្រើន។

ការអះអាងនេះ ស្របពេលប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកនៅមិនទាន់ភ្ជាប់ឡើងវិញដល់កម្ពុជាឡើយ បន្ទាប់ពីប្រព័ន្ធអនុគ្រោះនេះបានផុតកំណត់កាលពីឆ្នាំ២០២០មក។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់​សហរដ្ឋអាមេរិក បានផ្តល់លទ្ធភាពឱ្យកម្ពុជា​នាំទំនិញជាង៥ ០០០មុខចេញទៅកាន់ទីផ្សារអាមេរិកដោយមិនបង់ពន្ធគយ​។ ប៉ុន្តែប្រព័ន្ធអនុគ្រោះពន្ធនេះ បានផុតសុពលភាពកាលពីឆ្នាំ២០២០ ហើយមិនទាន់បានផ្តល់សុពលភាពឡើងវិញទេចាប់តាំងពីឆ្នាំ២០២១មក​៕