Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស សុខា ប្រគល់អំណោយ និងពិសាអាហារសាមគ្គី ជាមួយនិវត្តន៍ជន នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់

Views: 2

ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកស្រី ញ៉ែម សាខន ស ខេង និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាល ប្រគល់អំណោយ និងពិសាអាហារសាមគ្គី ជាមួយនិវត្តន៍ជន នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ចំនួន ៣៨៧ នាក់ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ។

ក្នុងឱកាសនោះ លោក ស សុខា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡា ហោម និងលោកស្រី ប្រគល់ជូននិវត្តន៍ជន ដែលអញ្ជើញចូលរួមទាំង ៣៨៧ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ចំនួន ២០គីឡូក្រាម សារុង១ ក្រមា១ មី១កេស ទឹកបរិសុទ្ធ និងថវិកា ចំនួន ៥ ម៉ឺនរៀល។

លោក ស សុខា បានគូសបញ្ជាក់ថាៈ ឆ្នាំចាស់ បានកន្លងផុតទៅ ដោយបន្សល់ទុកនូវ អនុស្សាវរីយ៍ ក៏ដូចជាការចងចាំ ដែលមានទាំងរឿងសប្បាយរីករាយ និងបញ្ហាប្រឈម ដែលយើងបានចូលរួមចំណែក រួមគ្នាដោះស្រាយប្រកបដោយ ស្មារតីសាមគ្គីភាព ភារតភាព និងការទទួលខុសត្រូវ របស់ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។ ជាពិសេស ក្រោមដំបូលនៃសុខសន្តិភាព ដែលជាសមិទ្ធផលដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន នៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ រួមទាំងកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីលះបង់ខ្ពស់ ក្រោមចក្ខុវិស័យច្បាស់លាស់ និងឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាអាចងើប ឈរបានយ៉ាងរឹងមាំ អាចយកឈ្នះលើការរីករាលដាល នៃជំងឺកូវីដ-១៩ និងអាចប្រឈម ក៏ដូចជាប្រយុទ្ធតតាំងនឹងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសារវិបត្តិជំងឺសកល និងចុងក្រោយនេះ ដោយសារសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលរហូតមកដល់ពេល នេះ នៅមិនទាន់មាននរណា អាចហ៊ាននិយាយថា វិបត្តិនោះ នឹងបន្តកើតមានរហូតដល់ ពេលណានោះឡើយ។

លោក ស សុខា បានបន្តទៀតថាៈ ការលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងពេលខ្លះ រហូតដល់អាយុជីវិតរបស់ កងកម្លាំងគ្រប់ប្រភេទ ក្នុងនោះ មានទាំងកម្លាំង ដែលចូលនិវត្តន៍ និងមានវត្តមាននៅទីនេះដែរ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សា បាននូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក៏ដូចជាសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ បង្កបរិយាកាសអំណោយផលល្អ ដល់វិនិយោគិន ទាំងក្នុង និងក្រៅប្រទេស បោះទុនវិនិយោគ រាប់រយពាន់លានដុល្លារ។

តាមរយៈគម្រោងវិនិយោគនានា របស់ក្រុមវិនិយោគិនទាំងនោះ ពិតជាបានចូលរួម ចំណែកស្រូបទាញយកកម្លាំងពលកម្មក្នុងស្រុក និងជំរុញដល់កំណើនសេដ្ឋកិច្ច របស់ប្រទេស។

ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានស្នើទៅកាន់អង្គពិធី ឲ្យបន្តយកចិត្តទុកដាក់ចំពោះចំណុចមួយចំនួន ដូចខាងក្រោម ៖

១. សូមយកចិត្តទុកដាក់ថែរក្សាសុខភាព និងអនាម័យ ឲ្យបានគ្រប់ពេលវេលា ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជូន នូវវិធានការនានា ដែលក្រសួងសុខាភិបាល បានដាក់ចេញ នាពេលកន្លងមក សំដៅទប់ស្កាត់នូវ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ផង ក៏ដូចជា ​លើកកម្ពស់នូវសុខុមាលភាពរបស់ខ្លួន និងក្រុមគ្រួសារផង។

ជាការកត់សម្គាល់របស់លោក រហូតមកដល់ពេលនេះ បើទោះបីនៅកម្ពុជា អត្រាឆ្លង នៃជំងឺកូវីដ-១៩ មានកម្រិតទាបក្តី ក៏ប៉ុន្តែនៅប្រទេសធំៗមួយចំនួន មានប្រទេសចិនជាដើម នៅរយៈពេលចុងក្រោយនេះ អត្រាឆ្លងប្រចាំថ្ងៃ មានកម្រិតខ្ពស់ គួរឲ្យកត់សម្គាល់ និងកំពុងតែបង្កនូវក្តីបារម្ភ ពីការផ្ទុះឡើងខ្លាំងសារជាថ្មី រហូតដល់បណ្តាលប្រទេស មួយចំនួន បានដាក់ចេញនូវការរឹតត្បិត​ការធ្វើដំណើររបស់ជនជាតិចិន ទៅកាន់ប្រទេស របស់គេ ដូចជាករណីនៅប្រទេសអាមេរិក និងប្រទេសជប៉ុន ជាដើម។

២. សូមបន្តលើកកម្ពស់នូវស្មារតីសាមគ្គីភាព នៅក្នុងសហគមន៍ ក៏ដូចជា នៅក្នុងសង្គមជាតិទាំងមូល ដោយចៀសវាង នូវទំនាស់ទាស់ទែងគ្នា ឈានទៅបែកបាក់ សាមគ្គីភាពរវាងគ្នានិងគ្នា ដែលអាចនាំឱ្យសង្គមជាតិ ឈានទៅរកការបែកបាក់ មានអស្ថិរភាពកើតឡើង។

៣. សូមបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើង ជាយថាហេតុ ក្នុងរដូវប្រាំងនេះ ជាពិសេសនៅរាល់ពេលអុជធូបទៀន សែនព្រេនផ្សេងៗ ចង្ក្រានហ្កាស រួមទាំងការឆ្លងចរន្តអគ្គិសនី។

៤. សូមបន្តយកចិត្តទុកដាក់តាមដានសកម្មភាព ក៏ដូចជា ឥរិយាបទរបស់កូនៗ ឲ្យបាន ជាប់ជាប្រចាំ ថាតើពួកគេបានសេពគប់ជាមួយនរណាខ្លះ? បានទៅសិក្សាជាប់លាប់ ដែរឬក៏អត់? ដើម្បីឲ្យប្រាកថា កូនៗ ទទួលបានការសិក្សាអប់រំពិតប្រាកដ ចៀសឆ្ងាយ ពីអំពើអបាយមុខទាំងឡាយ ជាពិសេសបញ្ហាគ្រឿងញៀន៕/V-PC

Post navigation