Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក សាមឺឌី ស៊ីវឌ្ឍនា៖ ការប្រកួតកីឡាការ៉ាតេជើងឯក មានសារសំខាន់ បង្ហាញសមត្ថភាពរបស់អត្តពលិក តាមបណ្តាសមាគម និងក្លិបការ៉ាតនានា

Views: 10

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ព្រមទាំងជាអនុប្រធានសហព័ន្ធការ៉ាតេ អាស៊ីអាគ្នេយ៍ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញប្រកាសបើក ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក សាមឺឌី ស៊ីវឌ្ឍនា បានមានប្រសាសន៍ថាៈ ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២២ ដែលជាកម្មវិធីដ៏មានសារសំខាន់ បង្ហាញសមត្ថភាព របស់កីឡាករ-កីឡាការិនី និងការហ្វឹកហាត់ នៅតាមបណ្តាសមាគម និងក្លិបការ៉ាតេនានា។ ការចូលរួមពីបណ្តាសមាគម ក្លិប គ្រូ ដឹកនាំ គ្រូបង្វឹក កីឡាករ-កីឡាការិនី គណៈកម្មការរៀបចំការប្រកួត បានបង្ហាញឲ្យឃើញ យ៉ាងច្បាស់ពី ការប្រមូលផ្តុំកម្លាំងមហាសាមគ្គី ការប្ដេជ្ញាចិត្ត ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមលើកស្ទួយ វិស័យកីឡាការ៉ាតេកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ក្រោមការដឹកនាំ របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា។

លោកអនុប្រធាន បានបន្តថាៈ ក្រោមការដឹកនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា វិស័យកីឡាការ៉ាតេទទួលបាននូវភាពស្មើមុខស្មើមាត់ និងការកោតសរសើរ លើឆាកអន្តរជាតិ និង ការអភិវឌ្ឍន៍ ដែលទទួលបានមកពីសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមគ្គុទេសក៍ ដ៏ឆ្នើម ។ ការប្រកួតឈ្នះ ឬចាញ់ ក្នុងវិស័យការ៉ាតេ គឺជាការបង្ហាញពីសមត្ថភាព យុទ្ធសាស្ត្រ យុទ្ធវិធីផ្ទាល់ និងជាការទទួលខុសត្រូវ របស់កីឡាករ កីឡាការិនី ខ្លួនឯង។

ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ រាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញរៀបចំដោយ ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕/V/r

Post navigation