Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក សោម សូរីដា ៖ រយៈពេល ៤៦ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតជាង ៥៤ម៉ឺននាក់ និងដំណើរការប្រព្រឹត្តទៅដោយរលូន

Views: 1

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោក សោម សូរីដា អគ្គលេខាធិការងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន មានប្រសាសន៍ថា រយៈពេល ៤៦ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គឺគ.ជ.ប បានចុះឈ្មោះជូនប្រជាពលរដ្ឋថ្មីបានជាង ៥៤ម៉ឺននាក់ ។ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន និងស្ថិតក្នុងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពល្អ និងពុំមានបញ្ហាដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះទេ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតសូមអញ្ជើញទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ពីព្រោះគិតពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គឺនៅសល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ នឹងបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ហើយដើម្បីបោះឆ្នោតបាន គឺប្រជាពលរដ្ឋត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

អគ្គលេខាធិការរង គ.ជ.ប បានបញ្ចាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ហើយនៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ គ.ជ.ប នឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋដែលបានផ្លាស់ លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕សរន

Post navigation