Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក សុន ឆ័យ បង្ហាញ​ជំហរ​រឹងមាំ​ទៅ​ដៃគូ​ប្រកួត​ទោះ​ប្រឈម​វិធានការ​រឹបអូស​ទ្រព្យសម្បត្តិ

អ​នុប្រធា​នគ​ណ​បក្ស​ភ្លើ​ងទៀ​ន​ លោ​ក​ ​សុ​ន ​ឆ័​យ ​បាន​លើ​ក​ឡើងថា ដើ​ម្បី​ឆ្ពោះ​ទៅរ​ក​ជ័​យជ​ម្នះនៃ​ការបោះ​​​​ឆ្នោ​​ត​ជា​តិ​ឆ្នាំ​​​២០២៣ខាងមុខ លោកមិនធ្វើតាមការគំរាមកំហែងរបស់ដៃគូប្រកួតឡើយ ខណៈលោកកំពុងប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិឱ្យទៅបក្សកាន់អំណាចដែលជាភាគីឈ្នះក្ដី។

ក្នុងពិធីប្រារព្ធខួប២៧ឆ្នាំ គណបក្សភ្លើងទៀន ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញ លោក សុន ឆ័យ បានកោតសរសើរសកម្មជន និងបេក្ខភាពក្រុមប្រឹក្សាជាប់ឆ្នោតថ្មីៗនេះ ដែលថាសម្លុតមិនខ្លាច ទិញមិនលក់។

លោកថា៖ «ដូច្នេះសម្រាប់ សុន ឆ័យ សូមប្ដេជ្ញាដូច្នេះថា សុន ឆ័យ ក៏មិនសុខចិត្តថោកទាបជាមួយនរណា ក្នុងការគំរាមកំហែងនោះដែរ»

ការបង្ហាញជំហររបស់លោក សុន ឆ័យ នេះ ក្រោយចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធី បានចេញដីកាបង្គាប់ឱ្យរឹបអូសបណ្ដោះអាសន្ននូវដីលំនៅឋានរបស់លោក សុន ឆ័យ ចំនួនពីរកន្លែង ដែលមួយកន្លែងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តសៀមរាប តាមការស្នើសុំ​របស់មេធាវី ដែលជាដើមបណ្ដឹងគណបក្សប្រជាជនកម្ពុជា។

តាមដីកាបង្គាប់ ចុះថ្ងៃទី១១ ខែវិច្ឆិកា របស់ចៅក្រមសាលាដំបូង វិធាននេះសម្អាងទៅលើការអះអាងរបស់មេធាវីដើមចោទថា លោក សុន ឆ័យ គ្មានបំណងបង់ប្រាក់ឱ្យទៅដើមបណ្ដឹង តាមការកាត់សេចក្ដីរបស់ចៅក្រម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។

យ៉ាងណា ការកាត់សេចក្តីពេលនោះ ចៅក្រមបង្គាប់ឱ្យលោក សុន ឆ័យ បង់ប្រាក់ប្រមាណ​៧៥ម៉ឺនដុល្លារ ឱ្យទៅគណបក្សប្រជាជនកម្ពុជា ជាភាគីឈ្នះក្ដី និង៤ពាន់ដុល្លារទៀតជាប្រាក់ពិន័យ ពាក់ព័ន្ធនឹងសំណុំរឿងដែលលោក សុន ឆ័យ រិះគន់ការបោះឆ្នោតកន្លងទៅថាមានភាពមិនប្រក្រតី និងមានការលួចបន្លំសន្លឹកឆ្នោត។

តែយ៉ាងណា ចៅក្រមបើកផ្លូវឱ្យលោក សុន ឆ័យ អាចប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បី​សុំ​លុប​ចោល​ដីកា​នេះ​វិញ​បាន បើភាគីចាញ់ក្តី ​តម្កល់​ប្រាក់ចំនួន៣ពាន់​លាន​រៀល ឬ​ស្មើ ៧៥ម៉ឺន​ដុល្លារ

លោក សុន ឆ័យ ឱ្យដឹងបន្ថែមនៅថ្ងៃចន្ទ​ថា លោកមិនទាន់ទទួលបានដីកាបង្គាប់ឱ្យរឹបអូសទ្រព្យសម្បត្តិលោកនៅឡើយទេ តែថាលោកបានឃើញតាមហ្វេសប៊ុក។

តែលោកបង្ហាញការភ្ញាក់ផ្អើលទៅលើវិធាននេះ ដោយថា សំណុំរឿងចោទប្រកាន់នេះកំពុងស្ថិតនៅដៃសាលាឧទ្ធរណ៍នៅឡើយ ដោយថា តុលាការជាន់ខ្ពស់មួយនេះបង្គាប់ឱ្យលោកចូលការពារបណ្ដឹងទាស់នេះនៅថ្ងៃទី១៤ ខែធ្នូ ជាង២សប្ដាហ៍ខាងមុខនេះ។

មួយវិញទៀត លោកក៏ភ្ញាល់ផ្អើលដែរពីការទាមទារសំណងរបស់បក្សកាន់អំណាច ជុំវិញបណ្តឹងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដូចគ្នាទៅនឹងករណីប្ដឹងលោក សម រង្ស៊ី ទៅតុលាការបារាំង ដែលបក្សកាន់អំណាចទារជំងឺចិត្តតែ ១អឺរ៉ូ ឬស្មើនឹងជាង១ដុល្លារនោះ ដែលបញ្ហានេះ លោកថាគ្មានលុយសម្រាប់តម្កល់នៅសាលាដំបូង ដូចការលើកឡើងរបស់ចៅក្រមនោះទេ។

លោកថា៖ «ខ្ញុំថាបើគណបក្សប្រជាជនចង់បានកិត្តិយស មិនចាំបាច់ទារដល់១លានដុល្លារទេ អ្វីដែលខ្ញុំមិនអាចមានឱ្យ ទារ១ពាន់រៀលក៏កិត្តិយសដូចគ្នាដែរ»

ក្នុងន័យនេះ លោកនៅតែចោទជាសំណួរជុំវិញវិធានការរបស់ចៅក្រម ដោយសម្អាងថា ការលក់ដី ឬអចលនទ្រព្យ មិនអាចរំលងអាជ្ញាធរដែនដីបានទេ ហើយថាការរឹបអូសណាមួយគួរធ្វើឡើងក្រោយលោកចាញ់ក្ដី រហូតតុលាការកំពូលបិទការតវ៉ា។

ទីប្រឹក្សាច្បាប់នៅអង្គការតម្លាភាពកម្ពុជា លោក សុក​ សំអឿន ពន្យល់ថា តាមច្បាប់ បើដើមបណ្ដឹងឈ្នះក្ដី ហើយមានការទាមទារឱ្យរក្សាការពារ ឬរឹបអូសបណ្ដោះអាសន្នពីភាគីចាញ់ក្ដី ចៅក្រមអាចពិចារណាលើចំណុចនេះបាន។

លោកថា«ព្រោះអានេះយើងរឹបអូសបណ្ដោះអាសន្ន  ព្រោះខ្លាចដល់ពេលតុលាការកាត់ចប់ទៅ ជនជាប់ចោទទៅណាទៅណីទៅ អាទ្រព្យសម្បត្តិលក់ដូរអស់ទៅ ទារសំណងវាអត់បាន យល់ទេអ៊ីចឹង?»

ដោយឡែក ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា វិធានការនេះជាការគំរាមកំហែងខាងនយោបាយច្រើនជាង បើគេមើលពីទំហំនៃការទារប្រាក់សំណងរបស់បក្សកាន់អំណាច និងកង្វះទំនួលខុសត្រូវរបស់ប្រព័ន្ធតុលាការនោះ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះយល់ថា ការរិះគន់បញ្ហាបោះឆ្នោតរបស់លោក​ សុន ឆ័យ ជាសេរីភាពបញ្ចេញមតិ វាគួរតែភាគីពាក់ព័ន្ធកែលម្អប្រព័ន្ធបោះឆ្នោតដែលរងការរិះគន់ទាំងជាតិនិងអន្តរជាតិ ដើម្បីការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមស្មារតីរដ្ឋធម្មនុញ្ញ មិនមែនជាចំណាត់ការត្រូវផ្តន្ទាទោសអ្នករកឃើញបញ្ហានោះទេ។

លោកថា៖ «យើងមើលឃើញរូបភាពនេះជារូបភាពមានការរឹតត្បិតទៅដល់គូប្រកួតប្រជែង ហើយចុងក្រោយនេះក៏អាចឈានទៅការបំភិតបំភ័យខាងនយោបាយទៀតផង»។

យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលការលើកឡើងនេះ ដោយសម្អាងថា ការទារប្រាក់សំណងជិត១លានដុល្លារនេះក៏ជាការព្រមានដើម្បីតម្រង់ទិសសម្រាប់ឆ្នាំ២០២៣ដែរ។

លោកថា៖ «ឱ្យតែបោះឆ្នោតហើយកើតបញ្ហាហ្នឹងឡើង បើមិនប្រដៅច្បាប់ខ្លះ ធ្វើម៉េចអាហ្នឹងបោះឆ្នោត២០២៣អ៊ីចឹងទៀត។ ឥលូវធ្វើឱ្យចប់រឿងហ្នឹង កុំឱ្យ២០២៣ ប្រកាសលទ្ធផលបោះឆ្នោតហើយ ថាគណបក្សប្រជាជនចោរលួចចោរប្លន់ អាហ្នឹងមិនល្អទេ»

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនបានផ្ដល់ជំនឿ​​ទៅលើអ្នកនយោបាយនិងប្រជាពលរដ្ឋទេ ដែលថាគណបក្សកាន់អំណាចតែងតែមានប្រៀបក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់សម្ពាធទៅលើដៃគូប្រកួតលើសង្វៀននយោបាយ។ លោកកត់សម្គាល់ថា វិធាននេះ បក្សកាន់អំណាចធ្លាប់ប្រើច្រើនដងរួចមកហើយ រួមទាំងការរំលាយគណបក្សសង្រ្គោះជាតិ ការបង្ខាំងសកម្មជន​បក្សប្រឆាំង១១៨រូប រួមទាំងវិធានការលើលោក សុន ឆ័យ ដែលរិះគន់ភាពអវិជ្ជមានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាដើម ដែលការណ៍នេះ ជំរុញឱ្យសហគមន៍អន្តរជាតិមើលឃើញថា ការបោះឆ្នោតនៅកម្ពុជាមិនត្រឹមត្រូវនិងយុត្តិធម៌៕