ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកបណ្ឌិត យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្សនេះ គឺ លោក ឡឹក សុធារ បានប្រកាសចុះចូលជាមួយគណបក្សកាន់អំណាចនិងស្នើសុំបម្រើការងារជាមួយរាជរដ្ឋាភិបាល ដោយថា ដើម្បីមានឱកាសចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ក្នុងលិខិតពីរដាច់ដោយឡែកពីគ្នាចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលលោបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ជាលិខិតរបស់ពួកលោកនោះ បានស្នើទៅប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សកំពុងគ្រប់គ្រងអំណាចមួយនេះ។
ទាំងលិខិតរបស់បណ្ឌិត យ៉ង សាំងកុមារ និងលិខិតរបស់អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ បានបញ្ជាក់ពីមូលហេតុនៃការចុះចូលនេះថា ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលដាក់ចេញកាលពីពេលថ្មីៗនេះ។
លិខិតក្នុងនោះលើកឡើងថា មានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។
លិខិតទាំងពីរមានន័យដូចគ្នាបានសរសេរថា៖ «នៅក្នុងន័យនេះ ខ្ញុំបាទសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអនុវត្តគោលនយោបាយទាំងនេះឱ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ»។
លិខិតទាំងពីរដែលមានន័យតែមួយនោះ បញ្ជាក់ថា នឹងចាប់ផ្តើមជីវភាពនយោបាយជាមួយគណបក្សដែលធ្លាប់ប្រកួតប្រជែងមួយនេះចាប់ពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ តទៅ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍បញ្ជាក់បន្ថែមនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា លិខិតចុះចូលជាមួយគណបក្សកាន់អំណាចនោះគឺជារបស់ពួកលោកប្រាកដមែន ប៉ុន្តែលោកថាលិខិតដែលពួកលោកត្រៀមនោះបែរជាត្រូវផ្សព្វផ្សាយមុនពេលសម្រេចពីប្រធានគណបក្សប្រជាជនកម្ពុជាទៅវិញ។
លោកបន្តថា ថ្មីៗនេះមានករណីផ្ទុះឡើងនូវវិបត្តិទីផ្សារកសិកម្ម ពិសេសស្រូវកសិករដែលលក់បានតម្លៃថោក ហើយខាងគណបក្សក៏បានដាក់លិខិតជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ដើម្បីជជែកពិភាក្សាអំពីយន្តការនៃការដោះស្រាយវិបត្តិកសិកម្ម ឬវិបត្តិទីផ្សារជូនកសិករ។ ក្រៅពីនេះ លោកក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីក្រៅផ្លូវការបន្ថែមទៀត ដើម្បីពិភាក្សាអំពីបញ្ហានេះ តែជាការឆ្លើយតប ការចូលរួមជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហានេះបាន គឺទាល់តែពួកលោកចូលរួមជីវភាពជាមួយគណបក្សកាន់អំណាចជាមុន។
សំណើនេះ លោកក៏បានយល់ព្រម តែស្នើសុំជួបលោកនាយករដ្ឋមន្ត្រីផ្ទាល់ជាមុនសិន ប៉ុន្តែលិខិតដែលត្រៀមនេះត្រូវបានចេញផ្សាយមុនការសម្រេចទៅវិញ។
លោកបន្តថា៖ «អីចឹងចុងក្រោយខ្ញុំក៏បានឯកភាពដែរ[ឯកភាពចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច] ប៉ុន្តែខ្ញុំបានបញ្ជាក់ថា គឺត្រូវមានពីរជំហាន។ ជំហានទី១ ខ្ញុំសុំជួបផ្ទាល់ជាមួយសម្តេច ដើម្បីជជែកលម្អិតលើផែនការរបស់ខ្ញុំ ដើម្បីទទួលបានការគាំទ្រពីសម្តេចជាមុនសិន។ ទីពីរប្រសិនបើសម្តេចឯកភាព ខ្ញុំសុំឱ្យប្រកាសជាផ្លូវការនៅថ្ងៃទី២ធ្នូ ប៉ុន្តែគួរឱ្យសោកស្តាយ យើងឃើញមិនដឹងជាសំបុត្រ ដែលខ្ញុំបានត្រៀមហ្នឹងហេតុអីបានជាត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅពេលហ្នឹង។ ខ្ញុំអត់យល់ដែរបាទ»។
ក្រៅពីលិខិតសុំចុះចូលជាមួយបក្សកាន់អំណាច ក៏មានលិខិតពីរដាច់ដោយឡែកទៀត មានឈ្មោះ បណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ចុះកាលបរិច្ឆេទថ្ងៃទី២៣ ខែវិច្ឆិកា ដែលជាលិខិតស្នើសុំទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ពិសេសស្រូវអង្ករ។
ក្រោយចេញផ្សាយលិខិត ដែលលោក កុមារ អះអាងថា ជាលិខិតត្រៀមចុះចូលជាមួយបក្សកាន់អំណាច និងចូលរួមបម្រើការងារជាមួយរដ្ឋាភិបាលនៅថ្ងៃទី២៧ ខែវិច្ឆិកា ភ្លាម ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) លោក យ៉េង វីរៈ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រាប់ឱ្យសមាជិកសមាជិការ រួមទាំងអ្នកគាំទ្រគណបក្សទាំងអស់រក្សាភាពស្ងៀមស្ងាត់លើបញ្ហានេះ ដោយបន្តតាមដានលើការវិវត្តន៍បន្ថែមទៀត។
លោក យ៉េង វីរៈ មិនបានច្រានចោលអំពីលិខិតចុះចូលជាមួយគណបក្សកាន់អំណាចពីសំណាក់មន្ត្រីជាន់ខ្ពស់គណបក្សខ្លួនឡើយ ដោយគ្រាន់តែថា ថ្មីៗនេះ មានដំណឹងទាក់ទង លោកបណ្ឌិត យ៉ង សាំងកុមារ ដែលលោកទំនងសំដៅដល់លិខិតចុះចូលនោះ។
ប្រធានគណបក្សរូបនេះ បញ្ជាក់ថា គណបក្សពិតជាបានដាក់លិខិតទៅក្រសួងកសិកម្មកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដើម្បីផ្តល់ជាអនុសាសន៍ក្នុងការដោះស្រាយវិបត្តិទីផ្សារស្រូវអង្ករ ពិសេសស្ថានភាពរបស់កសិករនៅកម្ពុជា។
លោកបន្តថា៖ «ក្រសួងបានទំនាក់ទំនងជាមួយលោកបណ្ឌិត យ៉ង សាំងកុមារ ដែលជាអ្នកបច្ចេកទេសខាងវិស័យកសិកម្ម ដូចដែលយើងទាំងអស់គ្នាបានដឹង បានស្គាល់លោក ហើយក៏ជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានយើងមួយរូបដែរ។ លោកក៏មានឱកាសប្រាប់ពីគំនិតខ្លះៗអំពីដំណោះស្រាយ ចំពោះកសិករយើង»។
យ៉ាងនេះក្តី ប្រធានគណបក្សក្រៅរដ្ឋាភិបាលរូបនេះបន្តថា លោកបណ្ឌិត យ៉ង សាំងកុមារ នៅមិនទាន់ទទួលបានការធានាណាមួយថា រាជរដ្ឋាភិបាលនឹងយកចំណេះដឹង ព្រមទាំងបទពិសោធន៍របស់លោកទៅប្រើនៅក្នុងក្រសួងកសិកម្ម ដើម្បីអាចដោះស្រាយបញ្ហារបស់កសិករនៅឡើយទេ៕