Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ស.ស.យ.ក. គឺជាអង្គការយុវជនដ៏ធំមួយ ដែលអនុញ្ញាតឱ្យ គ្រប់កោសិកានៃសង្គមកម្ពុជា អាចចូលរួម ក្នុងកិច្ចការងារស្ម័គ្រចិត្ត ដើម្បីសម្រេចបាននូវ ចក្ខុវិស័យរួមសម្រាប់កម្ពុជា

Views: 9

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គឺជាវេទិកា ទូលំទូលាយ និងជាអង្គការយុវជនដ៏ធំមួយ ដែលអនុញ្ញាតឱ្យគ្រប់កោសិកា នៃសង្គមកម្ពុជា អាចចូលរួមដោយ មិនប្រកាន់និន្នាការ ក្នុងកិច្ចការងារស្ម័គ្រចិត្ត ដើម្បីសម្រេចបាននូវ ចក្ខុវិស័យរួម សម្រាប់កម្ពុជា។ មួយវិញទៀត វេទិកាមួយនេះ ក៏បានផ្តល់ឱកាសដល់ យុវជនជំនាន់ក្រោយ ក្នុងការកសាងសមត្ថភាព តាមរយៈការចូលរួម ធ្វើការងារជាក្រុម ទាំងក្នុងវិស័យ នយោបាយ វប្បធម៌ មនុស្សធម៌ ដោយបានផ្សារភ្ជាប់ កាន់តែជិតស្និទ្ធ ជាមួយគោលនយោបាយរបស់ រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន។

នេះជាការបញ្ជាក់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយស សហភាពសហព័ន្ធ យុវជនកម្ពុជា ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត​ក្នុងការបន្តស្មារតី ឆន្ទៈ និងសកម្មភាពដ៏ ថ្លៃថ្លានេះ ដែលជាមូលដ្ឋាន ប្រកបដោយឥទ្ធិពល ជាវិជ្ជមាន ក្នុងការអប់រំផ្នត់គំនិត និងឥរិយាបទរបស់យុវជន ដើម្បីឱ្យក្លាយជា ប្រជាពលរដ្ឋល្អ ក្នុងសង្គម និងមានសមត្ថភាព ស័ក្តិសមជាធនធានបន្តវេន យ៉ាងសំខាន់សម្រាប់ជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ក្រោមបាវចនា «ខែ្មរតែមួយ អនាគតតែមួយ» និង «ខ្មែរធ្វើបាន» ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែលរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាប់ផ្ដើមបង្កើតឡើង ហើយពេលនោះ យុវជនយើង ជំនាន់មុន ដែលជាថ្នាក់ដឹកនាំ នាពេលបច្ចុប្បន្ននេះ បានជម្នះរាល់ឧបសគ្គ ដើម្បីរៀបចំនូវ មហាសន្និបាត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយជោគជ័យ និងបានក្លាយជា មូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការរៀបចំរចនាសម្ព័ន្ធ អង្គការចាត់តាំង ដើម្បីដឹកនាំអនុវត្តឈានទៅ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងដឹកនាំស្តារ កសាង និងអភិវឌ្ឍន៍ ប្រទេស ឱ្យមានការរីកចម្រើនលូតលាស់ លើគ្រប់វិស័យ រហូតសព្វថ្ងៃ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ ស្មារតីអមតៈ ២ ធ្នូ គឺជាស្មារតីនៃការលះបង់ ប្រយោជន៍ផ្ទាល់ខ្លួន មករួបរួមគ្នា ដើម្បីសម្រេចនូវបុព្វហេតុរួម ជូនមាតុភូមិ និងប្រជាជន។ គំរូពលិកម្មដ៏ឧត្តុងឧត្តមទាំងនេះ គឺជាមរតក មិនអាចកាត់ថ្លៃ សម្រាប់យុវជនជំនាន់បច្ចុប្បន្ន ក្នុងនាមជា យុវជនបន្តវេន ដូច្នេះយើងត្រូវបន្តថែរក្សានូវសមិទ្ធផល ដែលយុវជនជំនាន់មុន សម្រេចបាន ហើយបង្កើនសមិទ្ធផល និងស្នាដៃវិជ្ជមានថ្មីៗ បន្ថែមទៀត ដើម្បីធ្វើយ៉ាងណា បម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា បន្តដឹកនាំនាវាកម្ពុជា ទៅកាន់វឌ្ឍនភាព និងសុភមង្គល ជានិច្ចនិរន្តរ៍។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមឲ្យបន្តយកចិត្តទុកដាក់ លើទិសដៅការងារ សំខាន់ៗ ជាអាទិភាពមួយចំនួន រួមមានជាអាទិ៍៖ ការពង្រឹង និងពង្រីកខ្លួនដើម្បីបម្រើ ប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ, ការកសាងចលនាយុវជន ឱ្យចូលរួមអភិវឌ្ឍន៍សង្គមជាតិ មួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ ប្រកបដោយគុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងសុខភាព កាយសម្បទារឹងមាំ, ការបន្តការពារ និងថែរក្សាកេរតំណែលរបស់ រៀមច្បងជំនាន់មុន ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ន ទាំងការរំដោះប្រជាជន ចេញពីរបបកាប់សំលាប់ ប៉ុល ពត និងការបញ្ចប់សង្រ្គាម ជាង ៥០០ ឆ្នាំ ដោយបានកសាងសន្តិភាព តាមរយៈការនាំមកនូវ ឯកភាពជាតិ និងឯកភាពទឹកដី ពេញលេញ, ការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរស់នៅរបស់ ប្រជាជន ព្រមទាំងការលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិ លើឆាកអន្តរជាតិ ។ល។
ជាមួយគ្នានេះ ក៏សូមបន្តជំរុញស្មារតីសេ្នហាជាតិ មាតុភូមិ របស់យុវជន ឱ្យមានភាពប្រាកដ និយម មានទឹកចិត្តទូលំទូលាយ ស្វាហាប់ ហ្មត់ចត់ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជាប្រចាំ ដោយប្រកាន់យកអភិក្រម «ការសិក្សាពេញមួយជីវិត» ដើម្បីអាចបំពេញការងារប្រកប ដោយវិជ្ជាជីវៈ និងចូលរួមបំផុសទឹកចិត្តស្មារតី ដល់យុវជនដទៃទៀត ក៏ដូចជា សាធារណជន ឱ្យស្រឡាញ់ជាតិមាតុភូមិ វប្បធម៌សន្តិភាព ការផ្សព្វផ្សាយអំពីអត្តសញ្ញាណជាតិ គុណតម្លៃ ជាតិ ការលើកស្ទួយសម្រស់កម្ពុជា និងកិត្យានុភាពជាតិ។ លើសពីនេះ ក៏សូមបន្តបង្កើនកិច្ច សហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងល្អជាមួយ អង្គការយុវជន និងយុវជន បណ្តាប្រទេស នានា លើសកលលោកផងដែរ ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពសាកល។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ ចំពោះជោគជ័យ នៃមហាសន្និបាត វិសាមញ្ញ តំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបូកសរុប សមិទ្ធផលការងារសំខាន់ៗ ជាច្រើនសន្ធឹកសន្ធាប់ ដែលក្រុមគ្រួសារ ស.ស.យ.ក. សម្រេចបាន ក្នុងរយៈពេលកន្លងមក និងបន្តលើកទិសដៅ «យុវជនដើម្បីបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨» ដោយទាំងនេះ ពិតជាបានឆ្លុះបញ្ចាំងនូវស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ និងការបេ្តជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន៕ V / N

Post navigation