Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស សុខា ៖ គុណបំណាច់លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ថ្លៃបាន

Views: 3

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ “គុណបំណាច់របស់លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ ថ្លៃបាន” ។ នេះជាការបញ្ជាក់របស់លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​ នៅលេីហ្វេសប៊ុកផ្លូវការ​នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ។

លោក ស សុខា ក៏បានសម្ដែងការសាទរ ក្នុងឱកាសដែលប្រទេសកម្ពុជា ប្រារព្ធពិធីអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី២៥ ក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ ។

រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាៈ ក្នុងរយៈពេលជាង ២ឆ្នាំ ចាប់តាំងពីមានការរីករាលដាល នៃជំងឺកូវីដ-១៩ មក គ្រូបង្រៀននៅក្នុងប្រទេស កម្ពុជា ក៏ដូចជាពិភពលោក បានឈានមុខគេក្នុងការគាំទ្រសិស្សានុសិស្ស ឲ្យបន្តការសិក្សា និងស្តារការរៀនសូត្រដែលបាត់បង់។ ជំងឺរាតត្បាតកូវីដ-១៩ បានបង្ខំអោយមនុស្ស នៅលើសកលលោក ត្រូវរៀនសម្របខ្លួន ក្នុងវិស័យជាច្រើន នៃជីវិត ។ ក្នុងនោះ គ្រូបង្រៀននៅប្រទេសកម្ពុជា ត្រូវខិតខំរៀនជំនាញថ្មីៗ ឲ្យបានឆាប់រហ័ស ទាន់សភាពការណ៍ ដើម្បីត្រៀមខ្លួនសម្រាប់ជួយសិស្សានុសិស្ស ឲ្យបន្តការសិក្សារៀនសូត្រនៅពេលដែលស្ថានភាពប្រែប្រួល” ។

លោក ស សុខា បានបន្តទៀតថាៈ ដោយក្នុងបរិបទកូវីដ-១៩ សាលារៀនត្រូវបានបិទទ្វារ លោកគ្រូ អ្នកគ្រូជាច្រើន បានខ្នះខ្នែងរៀនជំនាញឌីជីថលថ្មីៗ ដើម្បីផ្លាស់ទីការបង្រៀន និងរៀនពីថ្នាក់រៀនបែបប្រពៃណី ទៅជាការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត និងតាមបែបចម្រុះ ។

ជាមួយគ្នានោះ​ លោក ស សុខា ក៏បានលើកឡើង អំពីគុណបំណាច់ដ៏ធំធេងរបស់ លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ថ្លៃ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ចំណេះជំនាញ បញ្ញាស្មារតី ដើម្បីបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងបទពិសោធ ក៏ដូចជាអប់រំទូន្មាន តម្រង់ទិសដល់សិស្សានុសិស្ស ដូចជាកូនៗរបស់ខ្លួន រហូតដល់លោកគ្រូ អ្នកគ្រូ ត្រូវបានមនុស្សទាំងឡាយប្រសិទ្ធនាមថា “ជាឪពុកម្តាយទី២ របស់សិស្សានុសិស្ស” បន្ទាប់ពីឳពុកម្តាយ ដែលបានបង្កើត និងចិញ្ចឹមបីបាច់ថែរក្សា កូននោះ ។

លោក ស សុខា ក្នុងនាមពលរដ្ឋខ្មែរ និងជាកូនសិស្សមួយរូប បានចូលរួមអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី២៥ ក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” និងជូនពរលោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ទូទាំងប្រទេស សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕/V

Post navigation