Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រី​ហារី​ស ៖ អាម៉េរិក​នឹងធ្វើ​ប្រតិបត្តិការ “​ដោយ​មិន​ញញើត​និង​មិន​ខ្លាច​” នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អនុ​ប្រធានាធិបតី​អាម៉េរិក លោកស្រី កា​ម៉ា​ឡា ហារី​ស បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៨​កញ្ញា​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹងធ្វើ​ប្រតិបត្តិការ​”​ដោយ​មិន​​ញញើត​និង​មិន​ភ័យខ្លាច​” នៅ​ទូទាំង​អាស៊ី រួម​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ខណៈ​លោកស្រី​ថ្លែង​សុន្ទរកថា​ទៅកាន់​កងទ័ព​អាម៉េរិក​នៅ​ជប៉ុន​។​

​ថ្លែង​បន្ទាប់ពី​ចូលរួម​ពិធី​បុណ្យសព​កាលពី​ថ្ងៃ​អង្គារ​សម្រាប់​អតីត​មេដឹកនាំ​ជប៉ុន​ដែល​គេ​ធ្វើឃាដ​លោក ស៊ីន​ហ្សូ អាបេ លោកស្រី​ហារី​ស​បាន​ចោទប្រកាន់​ចិន​ថា​បញ្ចេញ “​អាកប្បកិរិយា​រំខាន​” នៅក្នុង​សមុទ្រ​ចិន​ខាងកើត​និង​សមុទ្រ​ចិន​ខាងត្បូង និង “​បង្ក​រឿង​នៅ​ទូ​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​”​។​

​លោកស្រី​បាន​និយាយថា “​សហរដ្ឋ​អាម៉េរិក​ជឿថា សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​គឺជា​ខ្លឹមសារ​សំខាន់​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី​និង​បើកចំហ​”​។​

​លោកស្រី​បាន​បន្ថែមថា “​យើង​នឹង​បន្ត​ហោះហើរ បើក​នាវា និង​ធ្វើ​ប្រតិបត្តិការ ដោយ​មិន​ញញើត​និង​មិន​ភ័យខ្លាច គ្រប់​ទីកន្លែង និង​គ្រប់ពេល ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​”​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទាមទារ​យក​ទាំង​កោះ​តៃវ៉ាន់​ប្រកាន់​របប​ប្រជាធិបតេយ្យ​និង​ផ្នែក​តូចចង្អៀត​នៃ​ដែនទឹក​ដែល​បំបែក​កោះ​នេះ​ពី​ចិនដីគោក​ដែល​ជា​បណ្តាញ​ដឹកជញ្ជូន​ដ៏​មមាញឹក​បំផុត​មួយ​​របស់​ពិភពលោក​។​

​សហរដ្ឋ​អាម៉េរិក​បាន​ប្រើប្រាស់ “​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​” ជា​យូរ​មក​ហើយ​ដើម្បី​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដើម្បី​រុញច្រាន​ការទាមទារ​របស់​ចិន​ហើយ​សម្ពន្ធមិត្ត​លោក​ខាងលិច​បាន​ចូលរួម​​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ប្រតិបត្តិការ​ទាំងនេះ​។​

​លោកស្រី​ហារី​ស​បាន​រំលឹក​ឡើងវិញ​នូវ​ការប្រឆាំង​ជា​យូរ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការប៉ុនប៉ង​ឯកតោភាគី​ណាមួយ​ដោយ​ប៉េកាំង​ដើម្បី​គ្រប់គ្រង​កោះ​តៃវ៉ាន់​ហើយ​បាន​សន្យា​បន្ត​ផ្តល់​ការ​​គាំទ្រ​របស់​អាម៉េរិក​សម្រាប់​ការការពារ​ខ្លួន​របស់​កោះនេះ​។​

​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​និយាយថា ទាហាន​អាម៉េរិក​នឹង​មក​ជួយ​តៃវ៉ាន់ ក្នុងករណី​មាន​ការឈ្លានពាន​ពី​ចិន បើទោះបីជា​វ៉ាស៊ីនតោន​មាន​គោលនយោបាយ​”​មិន​ច្បាស់​​លាស់​ជា​យុទ្ធសាស្ត្រ​” លើ​បញ្ហា​នេះ​ក៏​ដោយ​។​

​សេត​វិមាន​បាន​និយាយថា​មិន​មាន​ការផ្លាស់ប្តូរ​ចំពោះ​គោលនយោបាយ​នេះ​នោះ​ទេ ហើយ​លោក​ស្រី​មិន​បាន​លើកឡើង​ពី​ការអត្ថាធិប្បាយ​របស់​លោកបៃ​ដិន​នៅក្នុង​សុន្ទរកថា​របស់​លោកស្រី​ទៅកាន់​កងទ័ព​​នៅ​លើ​នាវា USS Howard នៅ​មូលដ្ឋាន​ទ័ពជើងទឹក​យ៉ូ​កូស៊ូ​កា (Yokosuka) នៅក្រៅ​ទីក្រុង​តូ​ក្យូ​នោះទេ​៕

​អនុ​ប្រធានាធិបតី​អាម៉េរិក លោកស្រី កា​ម៉ា​ឡា ហារី​ស កំពុង​ស្ថិត​នៅក្នុង​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​លោក​អាបេ​។​លោកស្រី​បាន​ទៅ​ម់ល​កងទ័ព​អាម៉េរិក​នៅ​លើ​នាវា USS Howard នៅ​មូលដ្ឋាន​ទ័ពជើងទឹក​យ៉ូ​កូស៊ូ​កា (Yokosuka)​នៅក្រៅ​ទីក្រុង​តូ​ក្យូ​

Post navigation