Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ពន្យល់និងអប់រំ​ដេីម្បីសុខភាពប្រជាជន

Views: 10

ដោយៈ ទេព មង្គល / ក្រចេះ ៖ ក្នុងអំឡុងពេលពីរថ្ងៃ​ គឺនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បានចុះពិនិត្យ​គាំទ្រ ពន្យល់ អប់រំ​សុខភាព​និងជំរុញការចាក់វ៉ាក់សាំង កូវីដ-១៩ នៅខេត្តក្រចេះ។

នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជា មូលដ្ឋានសុខាភិបាលសាធារណៈចំនួន បួនកន្លែង​មាន វិទ្យាល័យសិលាវេទីគាត ឈន់, ផ្សារសាមគ្គី ក្រុងក្រចេះ, វិទ្យាល័យព្រះ មហាក្សត្រីយ៉ានីកុសុមៈ និងមណ្ឌលសុខភាព បុសលាវ​ មានប្រជាពលរដ្ឋ​ សិស្សានុសិស្ស ព្រះសង្ឃ ជនវ័យចាស់ រួមទាំងអ្នកមានជំងឺប្រចាំកាយ ជាច្រេីនរយនាក់​ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ ហេីយក្រុមការងារ​ គ.វ.ក-១៩​ ដែលចុះបេសកកម្មនេះ ក៏បានជួយដោះស្រាយបញ្ហាសុខភាព និងបណ្ណចាក់វ៉ាក់សាំង​ ដែលប្រជាជនភ័ន្តច្រឡំ មិនហ៊ានទទួលយកវ៉ាក់សាំងកូវីដ-១៩​ ភ្លាមៗផងដែរ។

មានប្រសាសន៍នៅឯវិទ្យាល័យសិលាវេទីគាត ឈន់ លោកស្រី​រដ្ឋលេខាធិការ​ បានសង្កត់ធ្ងន់ថាៈ ចំពោះសិស្សានុសិស្ស បងប្អូន ប្រជាពលរដ្ឋ កម្មករ កម្មការិនីទាំងអស់ សូមកុំពន្យារពេលចាក់វ៉ាក់សាំងដូសជំរុញ លើសពីររយៈពេល ដែលក្រសួងសុខាភិបាល បានកំណត់ ពោលគឺរយៈពេលពីដូសជំរុញមួយ ទៅដូសជំរុញមួយទៀត​ គឺពី​ ៤-៦ខែ​ និងពី​ ៣ខែឡេីងទៅ សម្រាប់អ្នកជាសះស្បេីយ ពីជំងឺកូវីដ-១៩​ ហេីយត្រូវចងចាំថ្ងៃខែឆ្នាំ ដែលបុគ្គលបានចាក់ដូសចុងក្រោយ​សម្រាប់ការចាក់ដូសបន្តបន្ទាប់ទៀត នៅពេលដល់ វេនចាក់ ដោយមិនហួសពេលយូរពេក ដែលធ្វេីឱ្យកងការពារ ក្នុងសរីរាង្គកាយបុគ្គល នឹងធ្លាក់ចុះខ្សោយ ឬចុះអស់តែម្តង។

ក្នុងឱកាសនេះដែរ លោកស្រី​បានណែនាំទៅដល់គណៈនាយកសាលា ឱ្យបន្តយកចិត្ត ទុកដាក់ ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់សិក្សានុសិស្ស​ និងអ្នកគ្រូ-លោកគ្រូ​ ព្មទាំងបុគ្គលិកសាលារបស់ខ្លួន ពោលគឺ រៀបចំកាលវិភាគ ដើម្បីឲ្យក្រុមគ្រូពេទ្យ មកផ្ដល់សេវាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាផ្ទាល់តែម្ដង ទៅតាមវេន​ និងបន្តការអនុវត្តវិធានការ អប់រំ ការពារ បង្ការ និងទប់ស្កាត់ការរីករាលដាល​ ឬផ្ទុះឡេីងសារជាថ្មីនៃជំងឺឆ្លង ដ៏កាចសាហាវនេះ ជាបន្តទៀត។

លើសពីនេះ លោកស្រី ប្រធាន គ.វ.ក-១៩ ​ក៏បានគូសបញ្ជាក់បន្ថែមទៀតថាៈ យើងទាំងអស់គ្នា មិនត្រូវភ្លេចពេលវេលា ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយនោះទេ ពីព្រោះវាងាយស្រួល ដើម្បីទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសបន្តបន្ទាប់ ត្រូវទៅតាម ពេលវេលាកំណត់ ដែលជួយរក្សាបាន នូវភាពស៊ាំរឹងមាំរបស់បុគ្គល​និងសហគមន៍យេីង​ ដេីម្បីនិរន្តរ៍ភាពនៃការស់នៅធម្មតា​ ក្នុងគន្លងប្រក្រតីភាពថ្មី ជាមួយនឹងរួមចំណែកជំរុញ សេដ្ឋកិច្ចគ្រួសារ -សង្គម កេីនឡេីងជាបន្តបន្ទាប់ផងដែរ។

បន្ទាប់ពីបានជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករលក់ដូរ នៅផ្សារសាមគ្គី ក្រុងក្រចេះ រួចមក លោកស្រី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ នៅតែបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋទូទាំងប្រទេស សូមអញ្ជេីញទៅទទួលការចាក់វ៉ាក់ សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញ ព្រមទាំងបន្តអនុវត្តន៍ វិធានការការពារ “៣ការពារ​ និង៣កុំ” ដេីម្បីសុខភាពផ្ទាល់ខ្លួន​គ្រួសារ និងសហគមន៍។ ការចាក់វ៉ាក់សាំងកូវីដ-១៩ មិនត្រឹមតែជួយទប់ទល់ ដល់ការផ្ទុះឡើងវិញ នូវការរាតត្បាត នៃវីរុសនេះនោះទេ តែវាថែមទាំងបានកាត់បន្ថយការឈឺធ្ងន់ ការឈឺសម្រាកពេទ្យ និងការស្លាប់ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩​ បានជាអតិបរិមាផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ មាននៅតាមមូលដ្ឋានសុខាភិបាល សាធារណៈ ទូទាំង ២៥ រាជធានី-ខេត្ត និងនៅតាមមន្ទីរពេទ្យជាតិ​ដែលផ្តល់ភាពងាយ ស្រួល ជូនដល់ប្រជាពលរដ្ឋ អាចទៅទទួលវ៉ាក់សាំង បាននៅគ្រប់ទីកន្លែង នៅក្នុងប្រទេស​៕ V / N

Post navigation