Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមការងារសមាគម TYDA ចុះពិនិត្យព្យាបាល ជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនអ្នកស្រុកតំបែរ

Views: 8

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅចុងសប្តាហ៍នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន តំបែរ ។

លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថាៈ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខភាព របស់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសស្ថានភាពប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រ ក្រោយពីជំងឺ កូវីដ-១៩ តាមរយៈការបង្ខិតសេវាព្យាបាល ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ព្រោះថា មានតែសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេស រហូតដល់មានការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃ និងបានគិតគូរពីសុខទុក្ខ រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ។ ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាល បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀន ជាដើម។

លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថាៈ នេះជាសកម្មភាពមនុស្សធម៌ ក្នុងការចុះពិនិត្យព្យាបាល ដល់ប្រជាពលរដ្ឋ ដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹម របស់ក្រុមគ្រូពេទ្យ កម្លាំងស្ម័គ្រចិត្ត និងក្រុមការងារ។

យោងតាមរបាយការណ៍ បានឲ្យដឹងថាៈ ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្ត នៃសមាគម TYDA បានព្យាបាលអ្នកជំងឺ បានចំនួនជិត ៤,០០០ នាក់ ក្នុងនោះករណី បញ្ជូនមកព្យាបាលបន្ត មានចំនួន ១០៥ ករណីដែលការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លា​របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕ V / N

Post navigation