Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ល្បុក្កតោ​អបអរ​ការដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​

Views: 1

​ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បានរៀបចំ​កម្មវិធី​អបអរសាទរ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២ ដោយបាន​បង្ហាញ​នូវ​មោទនភាព​ជាតិ​ចំពោះ​ការដាក់​ប​ញ្ជូ​ល​គុន​ល្បុក្កតោ​ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៧ នៅ​ទីក្រុង​រ៉ា​បាត ប្រទេស​ម៉ា​រ៉ុ​ក កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​លោក​បណ្ឌិតសភា​ចា​រ្យ​ច័ន្ទ សារុន​ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​ចាត់​ទុក​ថា​នេះ​គឺជា​ជោគជ័យ​ប្រកបដោយ​មោ​នកភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​​សម្តេច​តេ​ជោ ហ៊ុន សែន​។ ជោគជ័យ​នេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​ការស្រឡាញ់​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រឹងប្រែង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ព្រមទាំង​សាលា​គុន​លោកគ្រូ​ព្រឹទ្ធាចារ្យ និង​សិស្ស​គុន​ល្បុក្កតោ​ទាំងអស់​តាម​បណ្តា​​រាជធានី​ខេត្ត​ទូទាំង​ព្រះ​រា​ណា​ចក្រ​កម្ពុជា​។​

​លោក​បណ្ឌិតសភា​ចា​រ្យ​គូសបញ្ជាក់​បន្ថែមថា ជោគជ័យ​ដ៏​ធំធេង​នេះ គឺ​សបញ្ជាក់​ពី​ការខិតខំ​តស៊ូ​ក្រាញននៀល​រួមគ្នា​ជា​ធ្លុង​មួយ​ក្នុងការ​តស៊ូ​មតិ​យ៉ាងយូរ​មិនតិចជាង​១​ទសវត្ស​ន៍​នោះឡើយ​។ «​ក្នុងឱកាស​ដ៏​សប្បាយរីករាយ​នេះ​ខ្ញុំ​នៅតែ​ស្តាយ​ថា​លោកគ្រូ​តា​ជាច្រើនរូប​បាន​បាត់​បងជីវិត​ជា​បន្តបន្ទាប់​។​ហើយ​នៅពេលនេះ​ប្រសិនបើ​ពួកគាត់​នៅមាន​ជីវិត​មិនដឹង​ពួកគាត់​សប្បាយ​ចិត្តខ្លាំង​ប៉ុណ្ណា​នោះទេ​។ យើង​សប្បាយ​មួយ​ពួកគាត់​សប្បាយ​ដប់​។ បើ​យើង​សប្បាយ​ដប់ ពួកគាត់​សប្បាយ​១០០​ដង​។ នេះ​ជា​ហេតុផល​មួយ​ដែល​យើងទាំងអស់គ្នា​ត្រូវ​ចងចាំ​នូវ​ការខិតខំ​តស៊ូ​យ៉ាងច្រើន​របស់​ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ​ទាំង​អស់ហើយ​ខ្ញុំ​សូម​ឧទ្ទិស​នូវ​ស្នាដៃ​ដ៏​ធំធេង​នេះ​ជូន​ដល់​ពួកគាត់​»​។​នេះ​ជា​មោទកភាព​ជាតិ​កម្ពុជា​ដែល​ប្រជាជន​នៅលើ​ពិភពលោក​បានទទួល​ដឹងឮ​រួច​
​ហើយ​នូវ​គុន​ល្បុក្កតោ​ត្រូវបាន​ដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​។ បើ​យើង​មិនបាន​បំពេញ​លក្ខខណ្ឌ​បាន​ពេញលេញ​នោះទេ អង្គការ​យូណេស្កូ​នឹង​ដក​ទៅវិញ​ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ថែរក្សា​ការពារ​ឲ្យ​បានល្អ​ប្រសើរ​នូវ​ភាពជោគជ័យ​នេះ​។

​ដោយឡែក​លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​ទទូច​ស្នើសុំ​ដល់​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​គុន​ល្បុក្កតោ​ទាំងអស់​ត្រូវ​បន្ត​ការខិតខំ​ថែរក្សា​ក្បាច់គុន​ព្រលឹង​ជាតិ​មួយ​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​។​«​ប្រសិនបើ​យើង​មិន​ថែរក្សា​បានល្អ​នោះទេ​គឺ ទី​១ គេ​ព្រមាន​, ទី​២ គេ​នឹង​ព្យួរ ហើយ​ទី​៣​គឺ​នឹង​ដក​បេក្ខភាព​ចេញពី​បញ្ជី​វិញ​»​។ លោក​អគ្គលេខាធិការ​បា​ន​សំណូម​ឲ្យ​អ្នក​គ្រប់គ្នា​ត្រូវ​បន្ត​ពង្រឹង​ការខិតខំ​ថែរក្សា​អភិរក្ស​និង​អភិវឌ្ឍ​ក្បាច់គុន​ព្រលឹង​ជាតិ​ខ្មែរ​មួយ​នេះ​ឲ្យ​បាន​គង់​វង់ កុំ​ឲ្យ​បាត់បង់​៕​

Post navigation