Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លឹម អេង ៖ អតីត​កង​នេសាទ​ក្នុង​របប​ខ្មែរក្រហម​

Views: 2

ដោយៈ អេង វ​ណ្ណី​កា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ ខេត្តកំពង់ចាម​/ភ្នំពេញ៖​ខ្ញុំ​ឈ្មោះ លឹម អេង អាយុ​៧៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ទី​៩ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ខ្ញុំ​គឺជា​កសិករ ប៉ុន្តែ​ដោយសារតែ​ជរាភាព ខ្ញុំ​មិនអាច​ប្រកប​របរ​នេះ​បាន​ទៀត​ទេ​។ ខ្ញុំ​រៀបការ​ប្រពន្ធ​ឈ្មោះ សេត ឡាង និង​មានកូន​ចំនួន​៦​នាក់​។ ខ្ញុំ​កើត​នៅ​ភូមិ​ទី​៩ ឃុំ​កោះសូទិន ស្រុក​កោះសូទិន នេះ​តែម្ដង​។

ខ្ញុំ​មាន​ឪពុក​ឈ្មោះ គុយ លឹម និង​ម្ដាយ​ឈ្មោះ អោ សេន​។ ខ្ញុំ​គឺជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន​៥​នាក់​។ នៅ​វ័យ​កុមារ ខ្ញុំ​ចូលរៀន​នៅ​សាលាបឋមសិក្សា​វត្ត​ចុង​កោះសូទិន និង​បន្ត​ការសិក្សា​នៅ​ទី​រួម​ខេត្តកំពង់ចាម​។ ខ្ញុំ​រៀន​នៅ​សាលា​ឯកជន​មួយ​ដើម្បី​ត្រៀមប្រឡង​ចូល​ថ្នាក់​ទី​៣​សង្គមចាស់​។ ក្រោយមក ខ្ញុំ​សម្រេចចិត្ត​ទៅ​រៀន​នៅ​សាលា​ព្រែក​ដំណឹង ក្នុងស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​វិញ ពីព្រោះ​ខ្ញុំ​មាន​ឪពុកមា​រស់នៅ​ទីនោះ​។ នៅពេលដែល​ខ្ញុំ​កំពុងស្នាក់នៅ និង​រៀន នៅ​ស្រុក​ស៊ីធរ​កណ្ដាល ខ្ញុំ​ឮដំណឹង​ថា​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្ដេច​ឪ​។ បន្ទាប់មក បងប្អូន​របស់ខ្ញុំ​មក​បបួល​ខ្ញុំ​ចូល​ធ្វើជា​ទាហាន លន់ នល់ នៅ​ទីក្រុង​ភ្នំពេញ​។ ខ្ញុំ​មិនបាន​ចូលធ្វើ​ទាហាន​ទេ​។ បាតុកម្ម​បាន​ផ្ទុះឡើង និង​ដង្ហែរ​ទៅ​ទី​រួម​ខេត្តកំពង់ចាម​។ ដោយ​ឃើញ​ស្ថាន​ភាពមិន​ស្រួល ខ្ញុំ​បាន​វិល​ត្រឡប់មក​រស់នៅ​ជួបជុំ​គ្រួសារ​នៅ​ភូមិកំណើត​វិញ​។

លឹម អេង អាយុ​៧៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ទី​៩ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ (​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅ​ឆ្នាំ​១៩៧១ កងទ័ព​រំដោះ​ខ្មែរក្រហម​បាន​ចូលមក​ក្នុងភូមិ និង​ស្នាក់អាស្រ័យ​នៅក្រោម​ផ្ទះ និង​ក្រោយ​ផ្ទះ​របស់​អ្នកភូមិ​។ ពេលនោះ​គឺជា​វេលា​នៃ​ការផ្ទុះអាវុធ​រវាង​ទាហាន លន់ នល់ ដែល​ឈរជើង​នៅ​ទី​រួម​ខេត្តកំពង់ចាម និង​កងទ័ព​រំដោះ​ខ្មែរក្រហម​ដែល​ឈរជើង​នៅតាម​ភូមិ​នានា​ក្នុងស្រុក​កោះសូទិន​។ ភូមិ​ទី​៩​ទទួលរង​គ្រាប់ផ្លោង​យ៉ាង​សន្ធឹកសន្ធាប់​ដែល​បាន​ផ្លោង​ចេញពី​ភ្នំ​ស្រី​ភ្នំ​ប្រុស​។ នៅក្នុង​ឆ្នាំ​១៩៧១ ដដែល គ្រួសារ​របស់ខ្ញុំ​បាន​រត់​ភៀសខ្លួន​ចេញពី​ភូមិ​ទៅ​រស់នៅ​ជាមួយ​បងប្អូន​នៅ​ភូមិ​ជ្រែក​ឃ្មុំ ឃុំ​ជ្រែក​ឃ្មុំ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ដែលជា​តំបន់​រំដោះ​ខ្មែរក្រហម​។ បន្ទាប់ពី​បាន​ទៅដល់​ទីនោះ ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ចូលធ្វើ​ជា​គ្រូបង្រៀន​នៅ​មូលដ្ឋាន​។ ខ្ញុំ​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​រៀន​វគ្គ​បណ្ដុះបណ្ដាល​អស់​រយៈពេល​៣​ខែ​ថែមទៀត​។ បន្ទាប់ពី​វគ្គ​បណ្ដុះបណ្ដាល​បានបញ្ចប់ ខ្ញុំ​បាន​បង្រៀន​ថ្នាក់​ទី​៣​នៅ​សាលាបឋមសិក្សា​ស្វាយទាប ដែលមាន​មិត្ត ឈាន គឺជា​នាយក​សាលា​។

​នៅ​ឆ្នាំ​១៩៧៣ ខ្ញុំ​រៀបការ​ប្រពន្ធ​ឈ្មោះ សេត ឡាង និង​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​ខាង​ប្រពន្ធ​។ ដោយសារតែ​ផ្ទះ​គ្រួសារ​ខាង​ប្រពន្ធ​ស្ថិតនៅ​ឆ្ងាយ ខ្ញុំ​បាន​ឈប់​បង្រៀន​។ ក្រោយមកទៀត ខ្ញុំ​ស្ម័គ្រចិត្ត​ចូល​ធ្វើជា​ពេទ្យ និង​ត្រូវបាន​បញ្ជូនទៅ​រៀន​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​៣​ខែ​បន្ថែមទៀត អំពី​ការចាក់​ថ្នាំ ផ្សំ​ថ្នាំ និង​ពិនិត្យមើល​អាការ​ជំងឺ​។ បន្ទាប់ពី​រៀន​ចប់ខ្ញុំត្រូវបានចាត់តាំង ​ឲ្យ​ធ្វើជា​ពេទ្យ​ប្រចាំ​ភូមិ​ដើម្បី​ពិនិត្យ និង​ព្យាបាល​ប្រជាជន​មូលដ្ឋាន​។ នៅ​ចុងឆ្នាំ​១៩៧៣ មេភូមិ ដែល​ខ្ញុំ​មិនបាន​ចាំ​ឈ្មោះ បានជ្រើសរើស​ពេទ្យ​ជំនាញ​វះកាត់​។ នៅពេលនោះ បងថ្លៃ​ខ្ញុំ​ដែលជា​ពេទ្យ​មូលដ្ឋាន បាន​ស្ម័គ្រចិត្ត​ចូលរៀន​ជំនាញ​ពេទ្យវះកាត់ និង​ត្រូវបាន​បញ្ជូនទៅ​រៀន​បន្ត ប៉ុន្តែ​បងថ្លៃ​របស់ខ្ញុំ​មិនដែល​វិលត្រឡប់​មក​ភូមិ​វិញ​ទេ​។ នៅ​ឆ្នាំ​១៩៧៤ ខ្ញុំ​នាំ​ប្រពន្ធ និង​កូន​មក​រស់នៅ​ភូមិ​ទី​៩​ដែលជា​ភូមិកំណើត​វិញ​។ នៅពេលដែល​ខ្ញុំ​ត្រៀម​ឆ្លងទន្លេ​មក​ភូមិ ម៉ា​រី​ន​ទាហាន លន់ នល់ បាន​បើក​ល្បាត​ចុះឡើង​ពិនិត្យមើល​សភាពការណ៍ បន្ទាប់មក​ក៏​បន្តដំណើរ​ទៅ​ក្រុង​កំពង់ចាម​។ ខ្ញុំ​និង​ប្រពន្ធ​កូន​ស្នាក់នៅ​ម្ដុំ​កោះ​ចិន​មួយ​យប់​សិន​។ នៅពេលដែល​សភាពការណ៍​ស្ងប់ស្ងាត់​ទើប ខ្ញុំ​និង​ប្រពន្ធ​កូន​ជួល​ទូក​ជិះ​ឆ្លងទន្លេ​មក​រស់នៅក្នុង​ភូមិកំណើត រហូតដល់​ខ្មែរក្រហម​ទទួល​ជ័យជម្នះ នៅ​ថ្ងៃទី​១៧ ខែមេសា នៅ​ឆ្នាំ​១៩៧៥​។

​នៅ​ឆ្នាំ​១៩៧៦ ខ្ញុំ​និង​អ្នកភូមិ​ផ្សេងទៀត​ចាប់ផ្ដើម​ហូបបាយ​រួម​។ ក្រោយមក ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើការ​នៅ​កង​នេសាទ​ភូមិ ដែលមាន​សមាជិក​ចំនួន​១០​នាក់ ដើម្បី​រកត្រី​មក​ឲ្យ​រោង​បាយ​។ កង​នេសាទ​ក៏មាន​ខ្មែរ​-​អ៊ីស្លាម ដូចជា មិត្ត​លាស់ មិត្ត​កូប និង​មិត្ត ម៉ាន ដែលជា​អ្នកជំនាញ​ជួស​មង ឬ​ដោះ​មង​ដែល​ជាប់​នៅ​បាតទន្លេ​ដែរ​។ ប្រធាន​កង​នេសាទ​នៅពេលនោះ ឈ្មោះ វែង ថៃ​, លាស់​, កូប និង ម៉ាន​។ កង​នេសាទ​របស់ខ្ញុំ​គឺ​ធ្វើការ​ចាប់ពី​ពាក់កណ្ដាល​អ​ធ្រា​ត ដោយបាន​រាយ​មង​នៅ​កណ្ដាលទន្លេ បន្ទាប់មក​ទើប​ចូលមក​សម្រាក​វិញ​។ រហូតដល់​ម៉ោង​៦​ព្រឹក កង​នេសាទ​បាន​ចែវ​ទូក​ទៅលើ​កមង និង​ប្រមូលបាន​ត្រី គល់រាំង ត្រី​ក្អែក និង​ត្រី​ព្រួល ជាដើម​។ បន្ទាប់មក កង​ដឹកជញ្ជូន​បាន​ដឹក​ត្រី​ដែល​កង​នេសាទ​រកបាន​ទៅ​ដាក់​នៅ​រោង​បាយ​រួម​ដើម្បី​ធ្វើ​ម្ហូប​ឲ្យ​អ្នកភូមិ​។
​នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​ឃើញ​កងទ័ព​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​ទាំង​ក្មេង​ចាស់​ចូលមក​ក្នុងភូមិ​។ ខ្ញុំ​មិន​ហ៊ាន​និយាយ​រក និង​មើលមុខ​កងទ័ព​ខ្មែរក្រហម​ទាំង​នោះទេ​។ ខ្ញុំ​បន្ត​ធ្វើការ​នៅ​កង​នេសាទ និង​ពេលខ្លះ​ខ្ញុំ​បាន​សុំច្បាប់​មកលេង​ប្រពន្ធ និង​កូន​នៅផ្ទះ​។

ក្រោយមក មិត្ត​លាស់ មិត្ត​កូប និង​មិត្ត​ម៉ាន នៅ​កង​នេសាទ​ភូមិ ត្រូវបាន​ចាប់ខ្លួន​យកទៅ​សម្លាប់​។ ខ្ញុំ​មិនដឹងថា​ខ្មែរក្រហម​សម្លាប់​អ្នក​ទាំងនោះ​នៅ​កន្លែង​ណា​ទេ​។ ខ្ញុំ​ធ្វើការ​នៅ​កង​នេសាទ រហូតដល់​កងទ័ព​វៀតណាម​ចូលមក​នៅ​ដើមឆ្នាំ​១៩៧៩​។ ខ្ញុំ​និង​គ្រួសារ​រួចផុត​ពី​ជីវិត​ពីរ​បប​ខ្មែរក្រហម និង​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹមជីវិត​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​៕សរន

Post navigation