Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ម្ចាស់​ជើង​ឯកអុក​ពិភពលោក ម៉ា​កនូស ខាល់​សិន ចោទប្រកាន់ ហាន នី​មែន ថា​លេង​បន្លំ​ច្រើនជាង​គាត់​សារភាព​

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ម្ចាស់​ជើង​ឯកអុក​ពិភពលោក ម៉ា​កនូស ខាល់​សិន (Magnus Carlsen) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​កញ្ញា​ថា គាត់​ជឿថា ហាន នី​មែន (Hans Niemann) “​បាន​លេង​បន្លំ​កាន់តែ​ច្រើនឡើង ហើយ​ថ្មីៗ​នេះ​បាន​លេង​បន្លំ​ច្រើន​ជាង​គាត់​សារភាព​ជា​សាធារណៈ​ទៅទៀត​” ដោយ​បន្ថែម​ថា​រូប​គេ​លែង​ចង់​លេង​ជាមួយ​ជនជាតិ​អាម៉េរិក​រូបនេះ​​និង​គូប្រជែង​ណា ដែល​លេង​ខូច​ម្តង​ហើយ​ម្តង​ទៀត​កាលពី​អតីតកាល​។​

​កីឡាករ​សញ្ជាតិន័​រវែ​សវ័យ ៣១ ឆ្នាំ​រូប​នេះ​បាន​លាឈប់​ពី​កីឡា​អុក​នៅ​កម្មវិធី​ប្រកួត​អុក Julius Baer Generation Cup កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​ចំណាត់ការ​មួយ​ប្រឆាំង​នឹង​កីឡា​ករនី​មែន ដែល​ដេញ​ពី​ក្រោយ​គាត់​ស្ទើរតែ ២០០ ពិន្ទុ Elo ដែល​ជា​ប្រព័ន្ធ​វាយ​តម្លៃ​មួយ​ប្រើ​ដើម្បី​គណនា​កម្រិត​ជំនាញ​ទាក់ទង​របស់​កីឡាករ​អុក​។​

​ខាល់​សិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ Twitter​ថា “​រហូតមកទល់​ពេលនេះ​ខ្ញុំ​គ្រាន់តែ​អាច​និយាយ​ជាមួយនឹង​សកម្មភាព​របស់​ខ្ញុំ​ប៉ុណ្ណោះ​ហើយ​សកម្មភាព​ទាំងនោះ​បាន​បញ្ជាក់​​យ៉ាងច្បាស់​ថា​ខ្ញុំ​មិន​មាន​ឆន្ទៈ​ក្នុងការ​លេងអុក​ជាមួយ​នី​មែន​ទេ​”​។​

​ខាល់​សិន ដែល​ជា​ម្ចាស់​ជើង​ឯកអុក​ពិភពលោក​តាំងពី​ឆ្នាំ ២០១៣ ក៏​បាន​ដកខ្លួន​ចេញពី​ការប្រកួត Sinquefield Cup នៅ​ទីក្រុង​សេន​ល្វីស (St Louis) រដ្ឋ​មី​ស​សួ​រី (Missouri) កាលពីដើម​ខែ​នេះ​ផងដែរ បន្ទាប់​ពី​ចាញ់​កីឡាក​រវ័យ ១៩ ឆ្នាំ​រូប​នេះ​ដោយ​មិន​បាន​រំពឹងទុក ដោយ​បង្ក​ឱ្យ​មាន​ការអត្ថាធិប្បាយ​ដ៏​ខឹងសម្បា​និង​ការចោទប្រកាន់ថា នី​មែន​បាន​លេង​បន្លំ​។​

​នី​មែន​បាន​បដិសេធ​រាល់​ការប្រព្រឹត្ត​ខុស​នៅក្នុង​ការប្រកួត​អុក​។​

​ខាល់​សិន​និយាយថា “​នៅពេល​ដែល​នី​មែន​ត្រូវបាន​អញ្ជើញ​នៅ​នាទីចុងក្រោយ​ទៅកាន់​កម្មវិធី​ប្រកួត​អុក Sinquefield Cup ឆ្នាំ ២០២២ ខ្ញុំ​បាន​ពិចារណា​យ៉ាង​មុតមាំ​ថា​នឹង​ដក​ខ្លួន​ចេញ​មុន​ព្រឹត្តិការណ៍​នេះ​មកដល់​។ នៅ​ទីបំផុត​ខ្ញុំ​បាន​ជ្រើសរើស​លេង​”​។​

​ខាល់​សិន​បាន​និយាយថា នី​មែន​ពី​មុន​ត្រូវ​បាន​ហាមប្រាម​ពី​វេបសាយ chess.com សម្រាប់​ការលេង​បន្លំ​តាម​អ៊ីនធឺណិត បន្ទាប់ពី​បាន​សារភាព​ថា​គាត់​មិន​បាន​លេង​ដោយ​យុត្តិធម៌​នៅក្នុង​ហ្គេម​ដែល​មិន​មាន​ការប្រកួតប្រជែង​មួយ​នៅ​លើ​វេបសាយ​នេះ​ក្នុងវ័យ​កុមារភាព​របស់គាត់​។​

​ខាល់​សិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​ខ្ញុំ​ជឿថា នី​មែន​បាន​លេង​បន្លំ​ច្រើនជាង​នេះ ហើយ​ថ្មីៗ​នេះ លេង​បន្លំ​ច្រើន​ជាង​គាត់​បាន​សារភាព​ជា​សាធារណៈ​ទៅទៀត​”៕

​ម៉ា​កនូស ខាល់​សិន (​ឆ្វេង​) បាន​និយាយថា ហាន នី​មែន ពី​មុន​ត្រូវ​បាន​ហាមឃាត់​ពី​វេបសាយ chess.com សម្រាប់​ការលេង​បន្លំ​តាម​អ៊ីនធឺណិត​ក្នុង​វ័យ​កុមារភាព​របស់គាត់

Post navigation