Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​មេទ័ព​ជើងគោក ៖ ការងារ​សម្ព័ន្ធមេត្រីភាព​រវាង​អង្គភាព នៃ​កងយោធពល​ខេមរភូមិន្ទ​ជាមួយ​អង្គភាព​ស៊ីវិល​បានរួម​ចំណែក​យ៉ាងសំខាន់​ពង្រឹង​ខឿន​ការពារជាតិ​ឱ្យបាន​កាន់តែ​រឹងមាំ​

Views: 4

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ការងារ​សម្ព័ន្ធមេត្រីភាព​រវាង​អង្គភាព នៃ​កងយោធពល​ខេមរភូមិន្ទ​ជាមួយ​ស្ថាប័ន​-​អង្គភាព​ស៊ីវិល គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​បញ្ញាញាណ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហើយ​យន្តការ​មួយ​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការកសាង និង​ពង្រឹង​ខឿន​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យបាន​កាន់តែ​រឹងមាំ​។ នេះ​ជាការ​បញ្ជាក់​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​ពិធី​បើក​សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ​សម្ព័ន្ធមេត្រីភាព​ឆ្នាំ​២០២១ ឆមាស​ទី​១ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​បន្ត រវាង​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយនឹង​ស្ថាប័ន​-​អង្គភាព​ស៊ីវិល នៅ​ទីស្តីការក្រសួង​ការពារជាតិ​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ពិតណាស់​បណ្តា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​របស់​កងកម្លាំង​ប្រដាប់អាវុធ​ជាតិ​កន្លងមក សុទ្ធតែ​មានការ​ឧបត្ថម្ភ​គាំទ្រ​ចូលរួមចំណែក​ដោយផ្ទាល់​របស់​កម្លាំង​មហាជន​ពី​គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់​មជ្ឈដ្ឋាន ដែល​បានធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង និង​លះបង់​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ រហូត​សម្រេចបាន​ជោគជ័យ​ធំៗ​ជាច្រើន ទាំង​ក្នុង​ភារកិច្ច​ការពារជាតិ​មាតុភូមិ​, ការរួមចំណែក​កសាង​អភិវឌ្ឍ​ជាតិ និង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដែល​យើង​សម្រេចបាន​ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ កន្លងទៅនេះ ក៏ដូចជា​ការចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ រហូត​សម្រេចបាន​ជោគជ័យ​គួរ​ជាទី​មោ​ទកៈ​ផងដែរ​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា ការរៀបចំ​សិក្ខាសាលា​ក្នុងថ្ងៃនេះ បាន​ស្តែង​ឱ្យឃើញ​អំពី​ការខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់រ​បស់​ក្រុមការងារ​សម្របសម្រួល​កិច្ចការ​សម្ព័ន្ធមេត្រីភាព​រវាង​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ស្ថាប័ន​-​អង្គភាព​ស៊ីវិល នៅក្នុង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការងារ​សម្ព័ន្ធមេត្រីភាព​តាមរយៈ​ការរៀបចំ​ឱ្យមាន​ការជួប​ប្រជុំពិភាក្សា​ចែករំលែក និង​ផ្លាស់ប្តូរ​មតិយោបល់ ដើម្បី​ធ្វើការ​បូកសរុប​វាយតម្លៃ​ចំពោះ​បទពិសោធន៍ និង​លទ្ធផល​ការងារ​ដែល​សម្រេចបាន​កន្លងមក ដោយ​រកឱ្យឃើញ​ចំណុចខ្លាំង​-​ខ្សោយ ការលំបាក និង​បញ្ហា​ប្រឈម​នានា សំដៅ​ធ្វើយ៉ាងណា​តម្រង់ទិស​ឱ្យចំ​គោលដៅ និង​ឆ្លើយតប​ឱ្យបាន​ត្រូវ​នឹង​តម្រូវ​ការចាំបាច់​ជាក់ស្តែង​របស់​អង្គភាព​ទ័ព​។​

​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់ថា ទោះបី​មាន​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​ជាច្រើន ដូចជា​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ជាដើម ក៏​ស្ថាប័ន​-​អង្គភាព​ស៊ីវិល​ស្ទើរ​ទាំងអស់ ពិតជា​បាន​ពុះពារ​ជម្នះ​ការលំបាក​ដោយ​ខិតខំ​បន្ត​រក្សា​ការ​ប្រា​ស័​យ​ទាក់ទង និង​ជួយឧបត្ថម្ភ​ដល់​អង្គភាព​កងទ័ព​ជាប់​ជាប្រចាំ ហើយ​សម្ព័ន្ធមេត្រីភាព​ដែល​កងយោធពល​ខេមរភូមិន្ទ ពុំ​អាច​បំភ្លេចបាន​នោះ គឺ​ការជួយឧបត្ថម្ភ​គាំទ្រ​ដោយផ្ទាល់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​តែង​បានផ្តល់​ជំនួយ​ឧបត្ថម្ភ​ជួយ​ដល់​បណ្តា​កងឯកភាព​, យោធិន និង​គ្រួសារ​យោធិន តាំងពីដើម​រៀងមក​ដោយ​ឥតមាន​ចន្លោះពេល​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ក្នុង​រយៈកាល​កន្លងទៅ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​ជួយ​ធានា​លំនឹង​ជីវភាព​របស់​កងទ័ព និង​គ្រួសារ​កងទ័ព តាមរយៈ​ការ​ផុ្ត​ល់​ដីធ្លី និង​ផ្ទះសម្បែង ហើយ​ក្រសួង​ជំនាញ​ក៏បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ផ្សេងៗ ជាពិសេស​ជំនាញ​កសិកម្ម​។ ឈរលើ​មូលដ្ឋាន​នេះ ដើម្បី​បង្កើន​លទ្ធភាព​ទៅមុខ​ឱ្យមាន​និរន្តរភាព និង​ចីរភាព​, អង្គភាព​ទ័ព និង​ដៃគូ​សម្ព័ន្ធមេត្រីភាព ក៏​អាច​សហការ​ជួយ​គ្នា​រៀបចំ​គិតគូរ​អំពី​ការស្វែងរក និង​ការពង្រីក​ទីផ្សារ​ឱ្យបាន​ធំ និង​រឹងមាំ​បន្ថែម តាមរយៈ​ការពង្រីក​ទំហំ​ផលិតកម្ម​ក្នុង​ទម្រង់​ជា​សេដ្ឋកិច្ច​មាត្រដ្ឋាន ដោយ​តម្រូវឱ្យមាន​ការរៀបចំ​សហគមន៍​គ្រួសារ​កងទ័ព​ដើម្បី​បង្កបង្កើនផល​សំដៅ​ធានា​ប្រភព​ផ្គត់ផ្គង់​ទិន្នផល​ក្នុង​ទីផ្សារ​ឱ្យបាន​ច្រើន​គ្រប់គ្រាន់ និង​ទៀងទាត់​តាម​តម្រូវការ​។ ទិសដៅ​នេះ ក៏មាន​លក្ខណៈ​ស្របគ្នា​ផងដែរ​ជាមួយនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ពង្រឹង​វិស័យ​កសិកម្ម ដូច្នេះ​ដើម្បី​ជំរុញ​ការងារ​នេះ គឺ​ទាមទារ​ចាំបាច់​ឱ្យមាន​កិច្ចសហការ​ជិតស្និទ្ធ និង​ការសម្របសម្រួល​អនុវត្ត​ដោយមាន​យន្តការ​ច្បាស់លាស់ រវាង​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​, កងទ័ព និង​អង្គភាព​-​ស្ថាប័ន​ស៊ីវិល​ជា​ដៃគូ​សម្ព័ន្ធមេត្រីភាព ជាពិសេស​ការចូលរួម​របស់​ផ្នែក​ឯកជន​។ ក្រៅពី​ការជួយ​ដល់​ការបង្កើន​លំនឹង​ជីវភាព​របស់​កងទ័ព និង​គ្រួសារ​កងទ័ព កិច្ចការ​នេះ ក៏​អាច​ផ្តល់​ផលប្រយោជន៍​ផងដែរ​ទៅដល់​ប្រជាជន​ទូទៅ តាមរយៈ​ការបង្កើន​ទីផ្សារ​ក្នុងស្រុក​, ការជំរុញ​ការនាំចេញ និង​ការបង្កើត​បែបផែន​នៃ​សេដ្ឋកិច្ច​មាត្រដ្ឋាន​។​

​ជាមួយគ្នានេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គភាព​ទ័ព ក្រសួង​-​ស្ថាប័ន​ស៊ីវិល ក្រុមហ៊ុន និង​សប្បុរសជន​ទាំងអស់ ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​ខិតខំ​អនុវត្ត​កិច្ចការ​សម្ព័ន្ធមេត្រីភាព​យ៉ាង​ប្តូរផ្តាច់ សម្រេចបាន​លទ្ធផល​ល្អប្រសើរ និង​សូម​អំពាវនាវ​លើកទឹកចិត្ត​ឱ្យ​បន្ត​ចូលរួមចំណែក​អនុវត្ត​កាតព្វកិច្ច​ការពារជាតិ​ដ៏​ពិសិដ្ឋ​របស់​ពលរដ្ឋ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ខឿន​ការពារជាតិ​របស់​ប្រជា​ជននេះ ឱ្យបាន​សកម្ម​បន្ថែមទៀត ដើម្បី​ចូលរួម​អភិវឌ្ឍ​កងយោធពល​ខេមរភូមិន្ទ បម្រើឱ្យ​គុណប្រយោជន៍ និង​យុទ្ធសាស្ត្រ​យូរអង្វែង​នៃ​កិច្ច​ការពារជាតិ​៕​

Post navigation