Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនប្តេជ្ញាកម្ចាត់នយោបាយនិងសកម្មភាពជ្រុលនិយមគ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា

Views: 2

ដោយ៖តារារិទ្ធ(ភ្នំពេញ)មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជារយៈពេល២ថ្ងៃបានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៩ ខែមករាឆ្នាំ២០២៣ នេះបាតបញ្ជាក់ច្បាស់ការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយនិងសន្តិសុខឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ លើកកម្ពស់ ការគោរព និងអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពប្រទូសរ៉ាយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋនិងការអភិវឌ្ឍនៅកម្ពុជា។

មហាសន្និបាតបញ្ជាក់ថា៖ក្នុងស្មារតីនេះចាំបាច់ត្រូវកម្ចាត់នយោបាយនិងសកម្មភាពជ្រុលនិយមគ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជាមិនទុកឱ្យនិន្នាការនេះបង្កការបែកបាក់ ជាតិឡើយដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិនិងធានាបរិយាកាសរស់នៅដ៏សុខសាន្តជូនប្រជាជន ។ ជាមួយគ្នានេះបន្តលើកកម្ពស់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែបានល្អប្រសើរតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

មហាសន្និបាតក៏បានបញ្ជាក់ច្បាស់នូវគោលជំហរឥតងាករេក្នុងការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឱ្យស្ថិតស្ថេរជានិរន្តរ៍ ។ ព្រមជាមួយនោះបន្តពង្រឹងពង្រីកលទ្ធិ ប្រជាធិបតេយ្យសេរី ពហុបក្សនិងលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជាដែលជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនិងជំរុញការអភិវឌ្ឍសង្គម -សេដ្ឋកិច្ច ។

ក្នុងស្មារតីនេះគណបក្សប្រជាជនកម្ពុជាចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្ដាគណបក្សនយោបាយនិងគ្រប់មជ្ឈដ្ឋាន ផ្សេងទៀតក្នុងសង្គម ក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែងនិងសុវត្ថិភាពលើ មូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍ច្បាប់ ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះប្រព្រឹត្តទៅ ដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ៕

Post navigation