Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មហោស្រព​ល្ខោនបាសាក់ ទូទាំងប្រទេស ឆ្នាំ​២០២២ បានចាប់ផ្ដើម​បើក

Views: 10

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២២ បានចាប់ផ្ដើម​បើក​មហោស្រព​ល្ខោនបាសាក់​ទូទាំងប្រទេស ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «​វប្បធម៌​សន្តិភាព​» ដែល​កម្មវិធី​នេះ មាន​រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ៣ តុលា ដល់​ថ្ងៃទី​៤ ស្អែក​នេះ នៅ​រោង​មហោស្រព​នាយកដ្ឋាន សិល្បៈ​ទស្សនីយភាព ។​

​បើតាម​មន្ត្រី​ជំនាញ​នៃ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​ថាៈ កម្មវិធី​នេះ បានធ្វើ​ឡើង ក្នុង​គោលបំណង​ថែរ​រក្សា ការពារ និង​លើកស្ទួយ​សិល្បៈ​ល្ខោនបាសាក់ ដែលជា​មរតក​វប្បធម៌​ជាតិ​ដ៏​មានតម្លៃ ពុំ​អាច​កាត់ថ្លៃ​បាន ដោយមាន​វត្តមាន​រប​ស់ ក្រុម​សិល្បករ​ល្ខោនបាសាក់​ជាច្រើន ដែល​មកពី​បណ្តា រាជធានី​-​ខេត្ត ដែល​បាន ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​របស់ខ្លួន លើ​វិធីសាស្ត្រ នៃ​ការដឹកនាំ​រឿង​, សិល្ប៍​វិធី​នៃ​ការតាក់តែង​និពន្ធ និង​សមត្ថភាព​នៃ ការសម្តែង​។​

​ក្នុងឱកាស​បើក​កម្មវិធី នៅ​ព្រឹក​ថ្ងៃទី​៣ តុលា នោះ លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ និង អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន សប្បុរសជន ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដែល​បាន​ចូលរួម​យ៉ាង​ជិតស្និទ្ធ និង​ឧបត្ថម្ភ​គាំទ្រ​កន្លងមក ដែល​នេះ​គឺជា​ការចូលរួម​យ៉ាងសកម្ម ដើម្បី​ជួយ​គាំទ្រ​លើកស្ទួយ​វិស័យ​សិល្បៈ​ទស្សនី​យ ភាព ពិសេស​ល្ខោនបាសាក់ ឱ្យ​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ​។​

​ក្រោម​ការខិតខំ​និង​យកចិត្តទុកដាក់​របស់ ប្រមុខ​រាជរដ្ឋាភិបាល ដោយមាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​សេនាធិការ លោកស្រី រដ្ឋមន្ត្រី បានចាត់ទុក​ថាៈ មហោស្រព ល្ខោនបាសាក់​ទូទាំងប្រទេស ឆ្នាំ​២០២២ នាពេលនេះ មិន​ត្រឹមតែ​ជា​វេទិកា​សម្រាប់ ការបញ្ចេញ​នូវ​សមត្ថភាព និង​ទេពកោសល្យ​របស់​ក្រុម​នីមួយៗ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​នេះ​គឺ ជា​ពេលវេលា​មួយ​ដ៏​សំខាន់ សម្រាប់​សិល្បករ ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ មានឱកាស​បាន ជួបជុំគ្នា និង​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ថ្មីៗ រវាង​គ្នា​និង​គ្នា​។ បន្ថែម​អំពី​នេះ លោកស្រី រដ្ឋមន្ត្រី ជឿជាក់ថា នេះ​គឺ​វេទិកា​មួយ​ដ៏​សំខាន់ សម្រាប់​ផ្សព្វផ្សាយ​ជូន​ទៅដល់​មហាជន គ្រប់​ស្រទាប់​ថ្នាក់ បាន​ទស្សនា និង​ស្វែងយល់​បន្តិច​ម្តងៗ អំពី​ទម្រង់​សិល្បៈ​ខ្មែរ​ជាច្រើន ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​យកចិត្តទុកដាក់ ថែរក្សា​ការពារ និង​លើកស្ទួយ ។​

​សម្រាប់​ទិសដៅ​ការងារ​ទៅមុខ ដើម្បី​ពង្រឹង​និង​ពង្រីក​វិសាលភាព នៃ​វិស័យ​សិល្បៈ ទស្សនីយភាព​នៅ​កម្ពុជា ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​សកម្មភាព​វប្បធម៌ ក្នុង​គោលបំណង ថែរក្សា និង​លើកស្ទួយ​សិល្បៈ​ល្ខោនបាសាក់ ជាពិសេស ការបង្កើតឱ្យមាន​មហោស្រព ឬ​ព្រឹត្តិការណ៍​វប្បធម៌​នានា គឺជា​ការផ្សព្វផ្សាយ និង​ផ្តល់ឱកាស​ដល់​សហគម​ន៍ យុវជន យុវនារី ដើម្បី​ចូលរួម​ថែរក្សា ការពារ​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​របស់ខ្លួន ដូច​ពាក្យ​ថា «​កិច្ច​ថែរក្សា​ការពារ​បេតិកភណ្ឌ​វប្បធម៌ គឺជា​ភារកិច្ច​របស់ កូន​ខ្មែរ​គ្រប់ៗ​រូប​» ៕/V


Post navigation