Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​មិន​ខ្វល់​នឹង​ចិន ! កូរ៉េខាងត្បូង ដាក់ពង្រាយ​ខែល​មី​ស៊ី​ល THAAD របស់​អាមេរិក ដើម្បី​ក្នុងន័យ​ការពារ​ខ្លួន​

​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​ដកស្រង់​ពី​ប្រភព​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងត្បូង នឹងដាក់​ពង្រាយ និង​ប្រើប្រាស់​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន THAAD របស់​សហរដ្ឋអាមេរិក ដើម្បី​ជា​មធ្យោបាយ​ការពារ​ខ្លួន ខណៈ​ទីក្រុង​ប៉េកាំង បានទាមទារ និង​ដាក់​កំហិត​មិន​ឲ្យ​ទីក្រុង​សេ​អ៊ូ​ល ដាក់ពង្រាយ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល THAAD ឡើយ ។

​ទីក្រុង​ប៉េកាំង ធ្លាប់បាន​ចោទប្រកាន់ថា រ៉ា​ដា​នៃ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក ដ៏​មាន​ឥទ្ធិពល ដែល​ទីក្រុង​សេ​អ៊ូ​ល ដាក់ពង្រាយ​នោះ អាច​លួច​យក​ព័ត៌មាន​ពី​សកម្មភាព​យោធា​របស់​ប្រទេស​ចិន ។

​ប្រទេស​កូរ៉េខាងត្បូង បានដាក់​ប្រើប្រាស់​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន THAAD របស់​សហរដ្ឋអាមេរិក នៅក្នុង​ឆ្នាំ​២០១៦​កន្លងទៅ ហើយ​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​រវាង​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​ប៉េកាំង រហូតដល់​ប្រទេស​ចិន ដាក់ទណ្ឌកម្ម​លើ​ការនាំ​ចូល​ពាណិជ្ជកម្ម​របស់​ប្រទេស​កូរ៉េខាងត្បូង ទៀតផង ។

​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល Terminal High Altitude Area Defense ( THAAD ) គឺជា​ប្រភេទ​មី​ស៊ី​ល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin របស់​សហរដ្ឋអាមេរិក ដែល​អាច​ប្រតិបត្តិការ​បាន​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​ជាង ២០០​គីឡូម៉ែត្រ ជាមួយនឹង​កម្រិត​ល្បឿន ១០ ០០០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង ៕​