Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តសៀមរាប ចាប់ផ្តើមដំណើរការឡើងវិញ

Views: 1

ដោយៈ មេសា / ភ្នំពេញៈ ដោយមានជំនួយបដិភាគរបស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈ កម្មវិធី ACCESS នៅថ្ងៃ១ ខែធ្នូ ឆ្នាំ២០២២ នេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទា ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការឡើងវិញហើយ ក្រោមអធិបតីភាពរបស់លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក នៃមូលនិធិជនពិការ ហើយលោក ស៊ឹម សុធន បានមានប្រសាសន៍ថាៈ ការទទួលបាន អគារថ្មីនេះ គឺស្របទៅនឹងកំណើន នៃតម្រូវការសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ក៏ដូចជា ចូលរួមគាំទ្រដល់ជនពិការ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ប្រកបដោយភាពថ្លៃថ្នូរ និងស្មើភាពគា្នក្នុងសង្គម ។

លោក ផាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានថ្លែងថាៈ ក្នុងភាពជាដៃគូអភិវឌ្ឍ រដ្ឋាភិបាលអូស្រ្តាលី តែងតែគាំទ្រលើសកម្មភាពនានា ដែលសំដៅដល់ការលើកកម្ពស់ សមភាព សុខភាព និងស្តារលទ្ធភាពពលកម្ម ដល់ប្រជាជនកម្ពុជា ដូចអ្វីដែលមាននៅទីនេះ គឺរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS បានចូលរួមជាថវិកាបដិភាគ ជាមួយមូលនិធិជនពិការ ក្នុងការកសាង និងរៀបចំអាគារ នៃមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្ម កាយសម្បទាខេត្តសៀមរាប នេះឡើងវិញ ។

របាយការណ៍របស់ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាខេត្តសៀមរាប បានឱ្យដឹងថាៈ គិតចាប់ពីឆ្នាំ១៩៩១ មក មានជនពិការ ជាង ៨.០០០ នាក់ បានមកទទួល សេវាស្តារលទ្ធភាពពលកម្ម កាយសម្បទា ពីមជ្ឈមណ្ឌលនេះ ហើយទិន្នន័យនេះ នៅមាន ចំនួនទាបនៅឡើយ បើប្រៀបធៀបនឹងតម្រូវការជាក់ស្តែង របស់ជនពិការក្នុងខេត្តសៀមរាប និងខេត្តជាប់ព្រំប្រទល់ផ្សេងទៀត ដោយសារកង្វះការផ្សព្វផ្សាយ អំពីសេវាស្តារលទ្ធភាព ពលកម្មកាយសម្បទា កង្វះកិច្ចសហការ ពីស្ថាប័នពាក់ព័ន្ធ តម្រូវការ នៃឧបករណ៍ជំនួយ រួមទាំងរទេះរុញ មានការកើនឡើង ធនធានមនុស្ស និងធនធានថវិកា នៅមានកម្រិត ។

លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប បានថ្លែងអំណរគុណ ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមូលនិធិជនពិការ ដែលបានយកចិត្តទុកដាក់ ជួយគាំទ្រដល់ជនពិការ ក្នុងខេត្តសៀមរាប​ហើយលោកសង្ឃឹម ថា មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប នឹងពង្រីកការផ្តល់ សេវារបស់ខ្លួន ទៅដល់ជនពិការ ដែលមានតម្រូវការនៃសេវានេះ ៕/V

Post navigation