Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្ដរមានជ័យ​ព្រមាន​មិន​ទទួល​ស្គាល់​អ្នក​សារ​ព័ត៌មាន​ដែល​មិន​បាន​ចុះ​ឈ្មោះ​និង​បង្ហាញ​មុខ​នៅ​មន្ទីរ​

មន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យ ជំរុញឱ្យអ្នកសារព័ត៌មានដែលកំពុងបំពេញការងាររបស់ខ្លួនទៅចុះឈ្មោះ និងបង្ហាញមុខ នៅការិយាល័យព័ត៌មាន និងសោតទស្សន៍នៅមន្ទីរព័ត៌មានខេត្តនេះ​តាមការកំណត់ ​ ហើយបើខកខានខាងមន្ទីរនឹងមិនទទួលស្គាល់ពួកគេ​អំឡុងពេលចុះយកព័ត៌មានឡើយ។

ក្នុងសេចក្ដីជូនដំណឹងរបស់មន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យដែលចេញកាលពីខែធ្នូ ឆ្នាំ២០២២ ដែលវីអូឌីទើបទទួលបាន ឱ្យដឹងថា ចាងហ្វាងកាសែត ទូរទស្សន៍ គេហទំព័រ TV online ទស្សនាវដ្ដី និងទីភ្នាក់ងារព័ត៌មានទាំងអស់ ត្រូវទៅចុះឈ្មោះ និងបង្ហាញមុខ នៅការិយាល័យព័ត៌មាននិងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ ជាកំហិត។

ការជូនដំណឹងនេះ ដោយមន្ទីរព័ត៌មានលើកហេតុផលថា ដើម្បីមានមូលដ្ឋានស្រង់ស្ថិតិ​ចំនួនភ្នាក់ងារសារព័ត៌មានប្រចាំខេត្ត និងធ្វើ​របាយការណ៍ជូនទៅអភិបាលខេត្ត និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២៣ ឱ្យបានច្បាស់លាស់។ ប្រភពដដែលបន្ថែមថា អ្នកសារព័ត៌មានទាំងនោះត្រូវមកជួបខាងមន្ទីរព័ត៌មានតាមការកំណត់ជាកំហិត ដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធមួយចំនួនផង។

សេចក្តីជូនដំណឹងលើកឡើងថា៖ បញ្ជាក់ ករណីឯកឧត្តម លោកជំទាវ លោក លោកស្រី ​ ចាងហ្វាងកាសែត ទូរទស្សន៍ គេហទំព័រ TV online ទស្សនាវដ្ដី និងទីភ្នាក់ងារព័ត៌មានទាំងអស់ ដែលមានទីតាំងបម្រើការងារក្នុងភូមិសាស្ត្រខេត្តឧត្ដមមានជ័យ មិនបានទៅចុះឈ្មោះ និងបង្ហាញមុខតាមកាលកំណត់ខាងលើទេនោះ មន្ទីរ​មិនទទួលស្គាល់ឡើយ»។

អភិបាលរងខេត្តឧត្ដរមានជ័យលោក ឌី រ៉ាដូ មានប្រសាសន៍ថា ការដែលអាជ្ញាធរទាមទារឱ្យអ្នកសារព័ត៌មានចុះឈ្មោះ និងបង្ហាញមុខនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអ្នកសារព័ត៌មានទាំងនោះក្នុងពេលបំពេញការងារ។

លោកបន្តថា៖«សួរខាងមន្ទីរផ្ទាល់បានគាត់ដឹងច្បាស់ ។ តាមធម្មតា យើងចង់ដឹងដែរ ថា អ្នកសារព័ត៌មាន ប៉ុន្មានដែលធ្វើការនៅខេត្តឧត្ដរមានជ័យ ដើម្បីក្ដោបតួលេខ និងស្ថិតិ ងាយស្រួយក្នុងការគ្រប់គ្រង។ យើងចង់ដឹងអ្នកសារព័ត៌មាន មានច្បាប់ គ្រប់គ្រាន់ហើយឬនៅពេលយើងដាក់ទៅមន្ទីរ លោកពិនិត្យហើយ។ ដើម្បីយើងដឹងថា គាត់មានច្បាប់មានអីសុំការអនុញ្ញាត ​ពីក្រសួងហើយ ពេលគាត់ទៅធ្វើការនៅខេត្តហ្នឹង ​គាត់ត្រូវទៅជួបខាងមន្ទីរ ដើម្បីគាត់ប្រមូលទិនិ្នន័យប្រមូលអី ព្រោះកន្លងមក មានអ្នកសារព័ត៌មានខ្លះអត់មានការអនុញ្ញាតនៅឡើយ»។

វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីប្រធានមន្ទីរព័ត៌មា នលោក ផល លឹម បានទេ នៅថ្ងៃសៅរ៍នេះ។

អ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ប្រចាំប្រទេសកម្ពុជា លោក ស៊ុន ណារិន មានប្រសាសន៍ចាត់ទុកការទាមទារឱ្យអ្នកសារព័ត៌មានចុះឈ្មោះ និងបង្ហាញមុខនៅមន្ទីរព័ត៌មានខេត្ត បើទោះបីជាបានចុះបញ្ជីនៅក្រសួងរួចហើយថា អាចប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។

លោកចាត់ទុកការទាមទារនេះ ថាអាជ្ញាធរហាក់ដូចជាចង់ដឹងពីការងាររបស់អ្នកសារព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ការងារ បើសិនជាអ្នកសារព័ត៌មានទាំងនោះ ចង់ធ្វើព័ត៌មានស៊ើបអង្កេតឬរឿងស៊ីជម្រៅជាដើម។

លោកថា៖«អ្នកសារព័ត៌មាន គាត់មានសេរីភាពដើរហើរដូចប្រជាពលរដ្ឋធម្មតា។ អ៊ីចឹង ទោះបីជាគាត់នៅទីតាំងណាមួយ ដែលឱ្យចុះបញ្ជី បង្ហាញមុខក្នុងតំបន់ដែរ ព្រោះកន្លងទៅយើងចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយ។ ក្រសួងព័ត៌មានបានចេញកាត ចេញអីវាគ្រប់គ្រាន់ហើយ មិនបាច់មានតាមមន្ទីរ ឬតំបន់ៗមួយទាមទារបង្ហាញឬចុះអីទៀតទេ។ អាជ្ញាធរហាក់ដូចជាចង់ដឹងច្រើនថា ការងារ អ្នកកាសែតធ្វើអី។ អ៊ីចឹងវាអាចប៉ះពាល់ការងារអ្នកសារព័ត៌មានដែរ ដូចជា ជួនកាលគាត់ធ្វើព័ត៌មានបែបស៊ើបអង្កេត បែបស៊ីជម្រៅអី បើសិនគាត់ត្រូវតែបង្ហាញមុខ បង្ហាញអីអាច អាជ្ញាធរ គាត់ដឹងមុន គាត់អាចមានវិធានការអីផ្សេង។ អ៊ីចឹងវាអាចប៉ះពាល់ការងារអ្នកសារព័ត៌មាន»។

រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា មាត្រា៤១ បានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ៕