Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្រ្តីក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្កើតមុខរបរ ឱ្យប្រជាសហគមន៍ នៅតាមមូលដ្ឋាន

Views: 10

ដោយ​៖ ដេប៉ូ / ព្រះវិហារ​៖ ក្រសួងបរិស្ថាន ដែលជា​សេនាធិការ ឱ្យ​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​បង្កើត​មុខរបរ​ឱ្យ​ប្រជា​សហគមន៍​នៅតាម​មូលដ្ឋាន ដូចជា​ការដាំ​ដំណាំ បន្លែ ចិញ្ចឹមសត្វ ជំ​រុញឱ្យ​ជីវភាព​របស់​ពួកគាត់ កាន់​តែមាន​ភាពល្អ ប្រសើរ កាត់បន្ថយ​ការពឹងផ្អែក ទៅលើ​ផល​អនុផល​ព្រៃឈើ ពិសេស​ក្នុងពេល​បច្ចុប្បន្ន ប្រជា​សហគមន៍ បាន​កំពុង​ចូលរួមចំណែក យ៉ាងសំខាន់ ក្នុង​ការចូល​រួមការ​ពារ​អភិរក្ស សម្បត្តិ​ធនធានធម្មជាតិ ។ នេះ​ជាការ​ថ្លែង​បញ្ជាក់​ពី​សំណាក់ លោក ខ្វៃ អាទិ​ត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន​។​


ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​រៀបចំ​កិច្ចប្រជុំ បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ ថ្នាក់​តំបន់​ខាងជើង​បឹង​ទន្លេសាប ក្រោម​ប្រធានបទ “​ជម្រើស​មុខរបរ​សម្រាប់​បង្កើត​ជីវភាព​សហ​គន៍​” ដែល​រៀ​ចំ​ឡើង ដោយ​នាយកដ្ឋាន​ជីវភាព​សហគមន៍ នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន នៅ​សហគមន៍​តំបន់ការពារធម្មជាតិ តាំងយូរ ស្ថិតក្នុង​ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ ។​

​ក្នុងឱកាស​នោះ លោក ខ្វៃ អាទិ​ត្យា អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថាៈ ការរៀបចំ​បង្កើត​សហគមន៍ តំបន់ការពារធម្មជាតិ ដើម្បី​បង្កើតជា​ដៃគូ​សន្ទនា រវាង​ប្រជា​សហគមន៍ និង​រាជរដ្ឋាភិបាល ផ្តល់​ការទទួលខុសត្រូវ ក្នុងការ​គ្រប់គ្រង ផ្លាស់ប្តូរ​យោបល់​គ្នា ស្វែងរក​ដំណោះស្រាយ រួមគ្នា ចូលរួម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា ចូលរួម​អភិរក្ស បេតិកភណ្ឌ វប្បធម៌​ប្រពៃណី ឱ្យបាន​គង់វង្ស និង​ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន ។​

​លោក អនុរដ្ឋលេខាធិការ បាន​ថ្លែង​ដែរ​ថាៈ ការ​ថែរ​រក្សា​ព្រៃឈើ មាន​សារៈសំខាន់​ណាស់ ក្នុងការ​ចូលរួម​ជួយ ក្នុងការ​បម្រែបម្រួល​អាកាសធាតុ ដែល​បានផ្តល់​ជា​ជម្រក​សត្វព្រៃ ធនធានធម្មជាតិ​ជាច្រើន ដែល​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ និង​ការសិក្សា​ស្វែងយល់​ផ្សេងៗ​ទៀត ដែល​ជំរុញ​ឲ្យ​កា​រស់នៅ​ដោយ​ចីរភាព​។

​លោក ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន សហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ កិច្ចប្រជុំ​បណ្តាញ​សហគមន៍ អភិរក្ស​ធនធានធម្មជាតិ​នេះ រៀបចំឡើង ក្នុង​គោលបំណង​ចែករំលែក​ព័ត៌មាន បទពិសោធន៍​ល្អ និង​ជម្រើស​មុខរបរ សម្រាប់​ការបង្កើន​ប្រាក់ចំណូល សម្រាប់​សហគមន៍​មូលដ្ឋាន ពិនិត្យ​និង​កែសម្រួល សេចក្តីព្រៀង​លក្ខន្តិកៈ​បណ្តាញ​សហគមន៍ អភិរក្ស​ធនធានធម្មជាតិ តាមរយៈ​លទ្ធផល នៃ​កិច្ចប្រជុំ​នេះ សហគមន៍​នឹង​បាន​រៀនសូត្រ​បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក ព្រមទាំង​រៀបចំ​ផែនកា សម្រាប់​អភិវឌ្ឍន៍ នៅតាម​សហគមន៍​របស់ខ្លួន ទៅតាម​ស្ថានភាព​ជាក់ស្តែង ។​

​ទ​ន្ទឺ​ម​នឹង​គ្នា​នេះ លោក​បានបញ្ជាក់​បន្ថែម​ថាៈ ក្រៅពី​ការជួយ​រៀបចំ​បង្កើត និង​ផ្តល់​ការទទួលស្គាល់ សហគមន៍​តំបន់ការពារធម្មជាតិ ឱ្យមាន​លក្ខណៈ​ស្របច្បាប់ ពេញលេញ ក្រសួងបរិស្ថាន តែងតែ​យកចិត្តទុកដាក់ ផ្តល់​ការគាំទ្រ​ដល់​ពួកគាត់ ទាំង​ជា​ទិសដៅ រយៈពេល​វែង តាមរយៈ​ការជំរុញ​ការអនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​នានា​របស់​រដ្ឋ ជាអាទិ៍ អេកូ​ទេសចរណ៍ កសិកម្ម​បែប​ទំនើប សុខភាព​សហគមន៍ ទឹកស្អាត និង​អាហារូបត្ថម្ភ ទាំង​ជា​លក្ខណៈ​ជួយ​អន្តរាគមន៍​បន្ទាន់ ចំពោះមុខ ជាពិសេស​ក្នុង​កំឡុង​វិបត្តិ​កូ​វីដ​១៩ និង​ការផ្តល់​ជា​បន្លែ សត្វ​ចិញ្ចឹម មាន គោ ក្របី ជ្រូក មាន់ ពពែ​ជាដើម​-​ល​- ។​

​សូមបញ្ជាក់ថា ដើម្បី​លើកកម្ពស់​ការចូលរួម​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ ការលើកកម្ពស់​ជីវភាព​សហគមន៍ និង​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ផ្សេងៗ ជាមួយ​ស្ថាប័ន​ជំនាញ និង​ចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល គិត​ត្រឹម​ឆមាស​ទី​២ ឆ្នាំ​២០២២ ក្រសួងបរិស្ថាន បានរៀបចំ​បង្កើត​សហគមន៍ តំបន់ការពារធម្មជាតិ​ចំនួន ១៩០​សហគមន៍ គ្រប់គ្រង​ផ្ទៃដី​ទំហំ ៣២៤,២៣៨​ហិកតា ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ ចំនួន​៣៤ ក្នុង​ខេត្ត​ចំនួន​១៦ និង​មាន​សមាសភាព គណៈកម្មការ​សហគម​ន៍​ចំនួន ១.៨៦៣ នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៣៥១ នាក់​​ ។​ V / N


Post navigation