Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រី និង​យុវជន​ជាង ២.៤០០​នាក់ ត្រៀម​ប្រមូល​សំរាម​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ព្រះសីហនុ​

Views: 8

ដោយៈ​សុផល​/​ព្រះសីហនុ​៖ មន្ត្រីរាជការ កម្លាំង​សមត្ថកិច្ច ព្រមទាំង​ប្រជាពលរដ្ឋ និង​យុវជន​ជាង​២.៤០០​នាក់ ឬ​ច្រើនជាង​នេះ បាន​ត្រៀមខ្លួន​ចូលរួម​ប្រមូល​សំរាម​សម្អាត​បរិស្ថាន នៅ​ទីតាំង​សំខាន់ៗ​នៃ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​៩-១១ ខែធ្នូ ឆ្នាំ​២០២២​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក ហួត រិទ្ធី ប្រធាន​នាយកដ្ឋាន​គាំពារ​ទីក្រុង​ស្អាត​និង​ជំរុញ​ការប្រឡងប្រណាំង​នៃ​ក្រសួងទេសចរណ៍​។​

​នាឱកាស​នោះ លោក ហួត រិទ្ធី បានលើកឡើង​អំពី​បញ្ហា​សំរាម​ដែល​បាន​កើតមាន​ក្នុង​ការរៀបចំ​កម្មវិធី​តូចធំ​កន្លងមក ដូចជា បុណ្យអុំទូក​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ខេត្តកំពត​ជាដើម​។​

​លោក​ប្រធាន​នាយកដ្ឋាន​បាន​បន្តថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​មន្ត្រី​ជំនាញ​នៃ​ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ​ដំណោះស្រាយ​ជាច្រើន​ដែល​ផ្តោតលើ​ការអប់រំ​បណ្ដុះបណ្ដាល សកម្មភាព​សម្អាត​បរិ​ស្ថាន​និង​ការប្រមូល​សំរាម​ជាក់ស្ដែង និង​ការបញ្ជ្រាប​ការយល់ដឹង​ដល់​ម្ចាស់​អាជីវកម្ម ភ្ញៀវទេសចរ ក៏ដូចជា​អ្នកចូលរួម​ទូទៅ​។​
​តួយ៉ាង​ក្នុងឱកាស​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​នេះ គឺ​ក្រសួងទេសចរណ៍​បានទទួល​នូវ​ជំនួយ​ធុងសំរាម​សរុប​ចំនួន​១០០​ធុង សម្រាប់​ផ្ដល់​ជម្រើស​រើស​កាន់តែច្រើន​ដល់​អ្នកចូលរួម​កម្សាន្ត បន្ថែម​ពីលើ​អ្វីដែល​រដ្ឋបាលខេត្ត​បានរៀបចំ​រួចហើយនោះ​។​

​លោក ហួត រិទ្ធី បានបញ្ជាក់​អំពី​សកម្ម​ភាព​ប្រមូល​សំរាម​និង​សម្អាត​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២២ នៅ​ពយ​សម្ដេច​តេ​ជោ​ដែលមាន​អ្នកចូលរួម​ចំនួន​៧១៦​នាក់ និង​ដើមឈើ​ចាំ​ស្នេហ៍​ដែលមាន​អ្នកចូលរួម​ចំនួន​១.៦៩៩​នាក់ ដោយមាន​កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍ និង​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២ គឺមាន​សកម្មភាព​ធ្វើ​នៅ​ឆ្នេរ​អូរ​ឈើទាល (​បន្ទប់ទឹក​លេខ​១) និង​នៅ​ឆ្នេរ​អូ​ត្រេះ ដែលមាន​អ្នកចូលរួម​ប្រហាក់ប្រហែលគ្នា​នឹង​ថ្ងៃទី​១០​ដែរ​។​
​ក្រៅពីនោះ ក៏មាន​ស្ដង់​លេខ​រៀង​៤២ (VIP) ដែលមាន​ការចាក់ផ្សាយ​វីដេអូ​អប់រំ​ពាក់ព័ន្ធ​នឹង​ការ​ទុកដាក់​សំរាម និង​មាន​ការលេង​ហ្គេម​អប់រំ ព្រមទាំង​មានការ​ផ្ដល់​រង្វាន់​។​

​លោក ហួត រិទ្ធី បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​យុទ្ធនាការ​កម្ពុជា​ស្អាត​នាឱកាស​បុណ្យ​សមុទ្រ​នេះ​ឱ្យបាន​ផុសផុល ដើម្បី​រួមចំណែក​ធ្វើឱ្យ​ព្រឹត្តិការណ៍​នេះ​ពិរ​ពេញ​ដោយ​ភាព​ស្អាត មាន​អនាម័យ មាន​សោភ័ណ​ភាពល្អ ធានាបាន​នូវ​បរិស្ថាន​ស្អាត និង​សប្បាយរីករាយ​ទាំងអស់គ្នា​៕​/R

Post navigation