Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មនុស្ស​៩​នាក់​ស្លាប់​និង​ជាង​៨​ម៉ឺន​នាក់​ទៀត​រង​គ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​នៅ​ទូទាំង​ប្រទេស​ ​

យ៉ាងហោចណាស់មនុស្ស៩នាក់ស្លាប់  និងជាង៨ម៉ឺននាក់ទៀតរងគ្រោះ រួមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀត ដោយសារជំនន់ទឹកភ្លៀងនៅទូទាំងប្រទេស នាអំឡុងខែសីហាកន្លងមកនេះ។

ក្នុងរបាយការណ៍ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែសីហា ឆ្នាំ២០២២ និងទិសដៅបន្តខែកញ្ញា ឆ្នាំ២០២២  ដែលវីអូឌីទទួលបាននៅថ្ងៃទី២៥ ខែកញ្ញានេះ បានឱ្យដឹងថា ចាប់តាំងពីក្នុងរដូវប្រាំងទឹកទន្លេមេគង្គចាប់ផ្តើមមានចលនាជនឡើងបន្តិចម្តងៗ ហើយបានហូរចូលទឹកទន្លេសាបនៅពាក់កណ្តាល ខែ​ឧសភា លឿនជាងឆ្នាំមុន។

ចាប់ពីខែឧសភា ដល់ខែសីហា កម្រិតកម្ពស់ទឹកមានការកើនឡើងលឿន ដោយសារតែបរិមាណភ្លៀងធ្លាក់ច្រើន ក្នុងភូមិសាស្ត្រប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ រួមនិងផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គលើ ហើយមកដល់ដំណាច់ខែសីហា កម្ពស់ទឹកទន្លេមេគង្គមានកម្ពស់ខ្ពស់ជាងកម្ពស់ទឹកកាលពីឆ្នាំទៅ។ ប្រភពដដែលបន្តថា ក្នុងរយៈពេលដូចគ្នា និងស្ថិតនៅក្រោមកម្រិតប្រុងប្រយ័ត្នគ្រប់ស្ថានីយ៍ជលសាស្ត្រតាមដងទន្លេ ប៉ុន្តែទឹកបានចូលលិចតំបន់ទំនាបមួយចំនួន និងបានហូរចូលតាមបណ្តាព្រែក តាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ។

ក្រោយមកនៅអំឡុងខែសីហា កម្ពុជាទទួលរងឥទ្ធិពលបន្តបន្ទាប់ នៃព្យុះទី៥ រួមនឹងប្រព័ន្ធសម្ពាធផ្សេងៗ បានបង្កឱ្យមានការជន់លិចបន្ថែមទៀត ហើយទន្លេ ស្ទឹង ព្រែកមួយចំនួនដែលជាដៃទន្លេមេគង្គ និងបឹងទន្លេសាប កម្ពស់ទឹកបានឡើងលើសកម្រិតប្រុងប្រយ័ត្នដូចជា ទន្លេស្រែពក ខេត្តរតនគិរី ស្ទឹងក្រឡាញ់ ខេត្តសៀមរាប និងស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងកំពង់ធំ ខណៈខេត្តចំនួន ១៩ទៀតរងប៉ះពាល់កម្រិតស្រាល និងមធ្យម លើកលែងតែខេត្ត កណ្តាល តាកែវ ស្វាយរៀង ព្រៃវែង និងរាជធានីភ្នំពេញ ។

របាយការណ៍ដដែលបញ្ជាក់ថា អំឡុងពេលជំនន់ទឹកភ្លៀងនោះ ធ្វើឱ្យមនុស្សស្លាប់ចំនួន៩នាក់ ដែលមានស្រី៣នាក់។ លើសពីនេះ ពលរដ្ឋរងគ្រោះប្រមាណ ៨៣ ៨៥៦នាក់ ឬស្មើ ២០ ៩៦៤គ្រួសារ ដោយជម្លៀសទៅទីទួលសុវត្ថិភាពប្រមាណ  ១ ២២៨នាក់ ឬស្មើចំនួន ៣០៧គ្រួសារ។ លើសពីនេះ លំនៅដ្ឋានលិចទឹក ៣ ២៧៤ខ្នង និងខូចខាត ៤ខ្នង សាលារៀនលិចទឹក ១៤កន្លែង វត្តអារាម ៧កន្លែង និងមន្ទីរពេទ្យ ២កន្លែង។

ចំណែក ដំណាំស្រូវលិចទឹក ២៩ ២៨៩ ហិកតា ដោយខូចខាត ១៥ ៧៨០ហិកតា ដំណាំរួមផ្សំលិចទឹក ៤ ០៩២ហិកតា និងខូចខាត ១ ១៤៧ហិកតា សត្វពាហនៈជម្លៀស ៣ ៧០០ក្បាល និងងាប់២ក្បាល ខណៈផ្លូវជនបទលិច ៥៥ ៥១៥ម៉ែត្រ ស្ពានបេតុង បាឡែ និងឈើ លិច ២៦ស្ពាន រួមទាំងបាក់ទំនប់ ៣៥០ម៉ែត្រ ជាដើម។

ទាក់ទិន​បញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសពលរដ្ឋដែលកំពុងប្រឈមនិងគ្រោះថ្នាក់ ដោយសារជំនន់ទឹកភ្លៀង ត្រូវ​សហការគ្នា  ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ។

លោកមានប្រសាសន៍ថា៖ «រដូវនេះជារដូវភ្លៀង តាមការព្យាកររបស់ក្រសួងធនធានទឹកថា អាចនឹងមានភ្លៀងជាបន្តបន្ទាប់ ហើយយើងនិងជួបបញ្ហាជំនន់ទឹកភ្លៀងមួយចំនួន។ អ៊ីចឹងអាជ្ញាធរមួយចំនួន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ កងប្រដាប់អាវុធបានត្រៀមរៀបចំរួចរាល់អស់ហើយ»។

លោកបន្ថែមថា៖ «ដោយឡែកប្រជាជនយើងក៏ត្រូវចូលរួមឱ្យបានសកម្ម គឺប្រជាជនត្រូវចូលរួមតាមដាន ជាមួយអាជ្ញាធរ អំពីស្ថានភាពទឹក ហើយត្រៀមរៀបចំនូវមធ្យោបាយ សម្ភារៈ ទៅទីទួលសុវត្ថិភាព ដើម្បីកាត់បន្ថយនូវផលប៉ះពាល់នៅពេលដែលមានទឹកជំនន់កើតឡើង ហើយត្រូវយកចិត្តទុកដាក់ ជាពិសេសលើកុមារ ជនពិការ និងចាស់ជរា​ ដែលងាយរងគ្រោះ»។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP-Center)  លោក យង់​ គិមអេង សង្កេតឃើញថា អាជ្ញាធរហាក់មានភាពយឺតយ៉ាវក្នុងការផ្សព្វផ្សាយអំពីគ្រោះមហន្តរាយឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង ជាពិសេសអ្នកដែលងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង សម្រាប់ត្រៀមការពារខ្លួនកុំឱ្យរងផលប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិជាដើម។

ករណីនេះ លោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយឱ្យបានទូលំទូលាយ​  និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ឬងាយរងគ្រោះដោយទឹកជំនន់ ដោយមិនប្រកាន់និន្នាការនយោបាយ ទើបកាត់បន្ថយផលប៉ះពាល់ដល់ពលរដ្ឋដែលរងគ្រោះទាំងនោះបាន។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរត្រូវផ្តល់សេវានិងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងប្រកបដោយតម្លាភាព ឥតលម្អៀង ដោយមិនប្រកាន់និន្នការនយោបាយ មិនប្រកាន់បក្ខពួក ហើយត្រូវផ្តល់សេវាផ្តោតសេវាលើអាទិភាពដល់មនុស្សចាស់ជរា ក្មេងៗជាចម្បង ទើបទប់ស្កាត់បញ្ហាគ្រោះថ្នាក់បានប្រសិទ្ធភាពខ្ពស់»។

ចំណែក បញ្ហាដំណាំស្រូវដែលរងផលប៉ះពាល់នោះ  អាជ្ញាធរត្រូវផ្តល់ពូជ  ថ្នាំ និងជី ដល់ពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនោះ បានដាំដុះឡើងវិញ ដើម្បីជួយស្តាជីវភាពពលរដ្ឋឡើងវិញ ក្រោយពីពួកគេទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនោះ។

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០​នេះ បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពអាកាសធាតុ នៅកម្ពុជាថា កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី១៦ ឈ្មោះ «ណូរុ NORU» ដែលកើតនៅភាគខាងកើតប្រទេស ហ្វីលីពីន នឹងធ្វើឱ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។

ក្រសួងធនធានទឹក បានអះអាងទៀតថា លក្ខណៈបែបនេះ នឹងធ្វើឱ្យកម្ពុជាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បណ្តាខេត្តនៅភាគពាយព្យ ដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន រួមផ្សំនឹងបរិមាណ ទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត អាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្ត្រ នៃបណ្តាខេត្តទាំងនោះ ប្រឈមជំនន់ទឹកភ្លៀង ​ និងជំនន់ដោយបរិមាណទឹកហួសកម្រិត។

ចំណែកបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើកលែងតែបណ្តាខេត្តជាប់មាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលអាចមានភ្លៀងធ្លាក់ច្រើន។ នៅលើផ្ទៃសមុទ្រនឹងមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ជាមួយគ្នានេះ ភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើ​ឱ្យទឹកទន្លេមេគង្គ មានការងើបកើនឡើងវិញជាបន្តបន្ទាប់។

ក្រសួងធនធានទឹក ​ ក៏បានក្រើនរម្លឹកដល់បណ្ដាក្រសួងពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ៕