Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មនុស្សបីនាក់ កំពុងបាត់ខ្លួន ក្រោយពីរថយន្ត បើកជ្រុលធ្លាក់ក្នុងជ្រោះទឹកឈូ

Views: 6

ដោយៈ បូកគោ / កំពត: ក្រោយហេតុការណ៍រថយន្តមួយគ្រឿង បើកជ្រុលធ្លាក់ជ្រោះ ក្បែរទំនប់វារីអគ្គិសនីកំចាយ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ រហូតមកដល់ល្ងាច ថ្ងៃទី២៩ ខែកញ្ញានេះ មនុស្សបីនាក់ ដែលត្រូវបានសន្និដ្ឋានថា បាត់បង់ជីវិតនោះ មិនទាន់បានប្រទះឃើញនៅឡើយ។

មន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថាៈ ជនរងគ្រោះទាំងបីនាក់ រួមមានៈ ១. ឈ្មោះ សាយ ភត្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកបររថយន្ត មានទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ ២. ឈ្មោះ Li zhen ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន EJ1886446 ។ ៣. ឈ្មោះ Xiong Erpi ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន Ej274941 ។ សមត្ថកិច្ច បានរៀបរាប់ថាៈ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មានរថយន្ត មួយគ្រឿង សំដៅឆ្ពោះទៅទំនប់វារីអគ្គិសនីកំចាយ ដែលក្នុងនោះ ធ្វើដំណើរដោយ ជនជាតិចិន ពីរនាក់ និងអ្នកបើកបរ ជាជនជាតិខ្មែរ ។ លុះនៅចម្ងាយប្រហែល ១៥០ ម៉ែត្រ ពីទំនប់ ស្រាប់តែរថយន្ត បានជ្រុលធ្លាក់ចូលក្នុងជ្រោះតែម្តង។

ប្រភពដដែល បានបន្តថាៈ ករណីនេះអាចបណ្តាលមកពីអ្នកបើកបរ មើលផ្លូវមិនឃើញ ព្រោះមេឃកំពុងភ្លៀងខ្លាំង។ រថយន្តដែលធ្លាក់ចូលជ្រោះនោះ ប្រភេទទួរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AH.8437 ត្រូវបានប្រទះឃើញ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ចម្ងាយប្រហែល ៥០០ ម៉ែត្រ ពីចំណុចកើតហេតុ។ ប៉ុន្តែជនរងគ្រោះ ទាំងបីនាក់ រហូតមកដល់ល្ងាចថ្ងៃទី២៩ ខែកញ្ញា មិនទាន់ប្រទះឃើញនៅឡើយ៕/V

Post navigation