Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មួយទសវត្សរ៍ធ្វើទាហានបីរបប

Views: 1

ដោយៈ ផេង ពង្សរ៉ាស៊ី/ភ្នំពេញ៖ ជាចាស់ទុំនៅក្នុងភូមិដែលមានសុខភាពល្អ មានមាឌមាំ រួមជាមួយការចងចាំ គង់ ស៊ង បានរំឭកអំពីប្រវត្តិផ្ទាល់ខ្លួនបទពិសោធន៍ជីវិតឆ្លងកាត់សង្គ្រាមនៅក្នុងទឹកដីប្រទេសវៀតណាមនិងកម្ពុជាកាល ពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ថា នៅឆ្នាំ២០២២នេះ ខ្ញុំមានអាយុ៧៨ឆ្នាំហើយ ហើយបច្ចុប្បន្នខ្ញុំរស់នៅភូមិ ព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។

ខ្ញុំមានស្រុកកំណើតនៅឃុំយិនទង ស្រុកយ៉ាន់យ៉ាវ ខេត្តមាត់ជ្រូក កម្ពុជាក្រោម (បច្ចុប្បន្នប្រទេសវៀតណាម)។ ខ្ញុំនិងប្រពន្ធកូន ព្រមទាំងឪពុកម្តាយ បានមករស់នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៧៨បន្ទាប់ពីកងកម្លាំងខ្មែរ ក្រហមបានវាយលុកលុយចូលដល់ទឹកដីដែលជាស្រុកកំណើតរបស់ខ្ញុំនិងបានកៀរប្រជាជនកម្ពុជាក្រោមស្ទើរតែទាំងអស់ឲ្យមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមធ្វើស្រែចម្ការ និងកសាងបដិវត្តន៍ជាមួយខ្មែរក្រហម។

គង់ ស៊ង សព្វថ្ងៃរស់នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ដោយសារខ្ញុំធ្លាប់មានបទពិសោធន៍បម្រើជាទាហានរបស់ធីវគីនៅវៀតណាមខ្ញុំបានស្ម័គ្រចិត្តចូលធ្វើកងទ័ពខ្មែរ ក្រហមប្រឆាំងនឹងវៀតណាម បន្ទាប់ពីបានមកស្នាក់នៅក្នុងប្រទេសកម្ពុជាត្រឹមតែរយៈពេលជាងពីរខែប៉ុណ្ណោះ។
ខ្ញុំបានវិលត្រឡប់ទៅកាន់ទឹកដីកម្ពុជាក្រោមវិញដើម្បីប្រយុទ្ធជាមួយកងកម្លាំងវៀតណាមតាមទិសដៅកំណត់របស់កងទ័ពខ្មែរក្រហមនៅលើភ្នំមួយចំនួនដែលស្ថិតនៅក្នុងប្រទេសវៀតណាម។ ក្រោយពីវិលត្រឡប់ពីសមរភូមិវិញ កងទ័ពវៀតណាមបានវាយចូលមកប្រទេសកម្ពុជាដើម្បីផ្តួលរំលំរបបខ្មែរក្រហម។

ខ្ញុំបានដោះសម្លៀកបំពាក់យោធាខ្មែរក្រហមចោលនិងបាននាំប្រពន្ធកូនមកកាន់ស្រុកគិរីវង់ខេត្តតាកែវដែលខ្ញុំកំពុង រស់នៅនាពេលបច្ចុបន្ននេះ។ ដំបូងខ្ញុំគិតថាខ្ញុំស្នាក់នៅទីនេះតែត្រឹមរយៈពេលខ្លីប៉ុណ្ណោះព្រោះខ្ញុំនិងក្រុមគ្រួសារចង់ វិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ។ប៉ុន្តែបន្ទាប់ពីរស់នៅអស់រយៈពេលប៉ុន្មានឆ្នាំក្រោយមកខ្ញុំក៏សម្រេចចិត្តឈប់វិល ត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ ហើយបន្តរស់នៅក្នុងភូមិព្រៃតាម៉ៅរហូតមកដល់បច្ចុប្បន្ន។ សព្វថ្ងៃ ខ្ញុំមិនប្រកបរបរអ្វីឡើយ ក្រៅពីដាក់ចិត្តដាក់កាយធ្វើបុណ្យ ថែរក្សាវត្តអារាម និងសុំសីសទាន។

ទាក់ទងនឹងប្រវត្តិចូលរួមធ្វើសង្គ្រាមរបស់ខ្ញុំគឺខ្ញុំធំដឹងក្តីឡើងនៅក្នុងទឹកដីវៀតណាម(កម្ពុជាក្រោម)។ខ្ញុំចេះនិយាយ ភាសា វៀតណាមនិងភាសាខ្មែរច្បាស់លាស់។ខ្ញុំចេះអាននិងសរសេរអក្សរខ្មែរដោយសារខ្ញុំបានចូលរៀនជាមួយព្រះសង្ឃនៅវត្តខ្មែរមួយក្នុងទឹកដីវៀតណាម។
ដោយសារកើតមានសង្គ្រាមជាហូរហែរនៅក្នុងប្រទេសវៀតណាមរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង ធ្វើឲ្យការរស់នៅរបស់ខ្ញុំពិបាកខ្លាំងណាស់។ ក្មេងជំទង់ៗដូចខ្ញុំ ត្រូវកំណែនឲ្យធ្វើទាហានវៀតណាមដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជាមួយកងទ័ពវៀតណាមខាងជើង(ហាណូយ)។ខ្ញុំខ្លាចកំណែនទាហាននេះណាស់។ខ្ញុំបានឈប់រៀន និងបានរត់មកកាន់ប្រទេសកម្ពុជា។

គង់ ស៊ង ផ្តល់បទសម្ភាសន៍អំពីបទពិសោធន៍ជីវិតឆ្លងកាត់សង្គ្រាមនៅក្នុងទឹកដីប្រទេសវៀតណាម និងកម្ពុជាកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅកម្ពុជាខ្ញុំបានមកស្នាក់នៅផ្ទះពូរបស់ខ្ញុំស្ថិតនៅក្នុងឃុំភ្នំដិនមួយរយៈពេលខ្លីប៉ុណ្ណោះមុននឹងខ្ញុំត្រូវបានបញ្ចុះបញ្ចូលឲ្យចូលធ្វើជាទាហាន លន់ នល់។ ខ្ញុំមិនចាំឆ្នាំដែលខ្ញុំចូលទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថារបប លន់ នល់បានកាន់កាប់ ប្រទេសហើយ។ខ្ញុំធ្វើទាហានលន់នល់បានប្រហែលមួយឆ្នាំក៏សម្រេចចិត្តវិលត្រឡប់ទៅកាន់ស្រុកកំណើតនៅកម្ពុជាក្រោមវិញ ព្រោះខ្ញុំឮដំណឹងថា ស្ថានភាពនៅទីនោះប្រក្រតីឡើងវិញហើយ។

ទៅដល់ស្រុកកំណើតនៅកម្ពុជាក្រោម ខ្ញុំបានរៀបការប្រពន្ធ។ នៅពេលដែលខ្ញុំមានកូនពីរនាក់ទៅហើយ ស្ថានភាពស្រុកទេសហាក់ដូចជាវិលត្រឡប់ទៅរកស្ថានការណ៍ចលាចលដូចកាលពីប៉ុន្មានឆ្នាំមុនវិញ។ លើកនេះ ខ្ញុំមិនសម្រេចចិត្តរត់មកប្រទេស កម្ពុជាជាលើកទីពីរទេ ព្រោះខ្ញុំមានប្រពន្ធនឹងកូនហើយ។ខ្ញុំទ្រាំរស់នៅទាំង ភិតភ័យនៅស្រុកកំណើតឯកម្ពុជាក្រោម។ដោយមិនអាចគេចផុតពីកំណែនទាហានបានខ្ញុំបានសម្រេចចិត្តចូលបម្រើជាកងទ័ពរបស់វៀតណាម។ ខ្ញុំត្រូវបានទាហានវៀតណាមឲ្យជ្រើសរើសកងពលដែលខ្ញុំពេញចិត្ត។

ខ្ញុំបានជ្រើសរើសកងពល «ស៊ីដង់បៃ» មានកាតព្វកិច្ចវាយប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាមខាងជើង (ហាណូយ) នៅចម្ងាយ ប្រហែល៣០គីឡូម៉ែត្រពីស្រុកកំណើតខ្ញុំ។ ខ្ញុំស្ថិតនៅក្នុងកងកំាភ្លើងធំនិងនៅជានីរសារ ផ្ទាល់ជាមួយប្រធានកងពល។ ខ្ញុំស្លៀកសម្លៀកបំពាក់ត្រេអ៊ី មានស្លាកសញ្ញារូបឥន្ទ្រីយ៍និងលេខ៧។ខ្ញុំបានចូលប្រយុទ្ធច្រើនសមរភូមិណាស់ មុននឹងខ្ញុំលួចរត់ត្រឡប់មកកាន់ស្រុកកំណើតជួបប្រពន្ធ និងកូនវិញ។ខ្ញុំនៅបម្រើការ នៅក្នុងកងពល ស៊ីដង់បៃ អស់រយៈពេលជាងមួយឆ្នាំ។

នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានខ្មែរក្រហមកៀរឱ្យមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកសាងប្រទេស។ មុនដំបូង ខ្ញុំបានដឹងថាកងទ័ពវៀតណាមនៅតាមព្រំដែនដកថយចូលទៅក្នុងប្រទេសរបស់ខ្លួនវិញហើយ។ បន្ទាប់មក ខ្ញុំឃើញមានវត្តមានកងទ័ពខ្មែរក្រហមចូលលុកលុយពេញស្រុកកំណើតរបស់ខ្ញុំហើយប្រាប់ឱ្យប្រជាជនទាំងអស់ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាវិញ។ ខ្ញុំបានធ្វើដំណើរដោយថ្មើរជើងពីស្រុកកំណើតនៅកម្ពុជាក្រោមរហូតដល់ ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំបានស្នាក់នៅវត្តប្រើសអស់រយៈពេលជាងពីរខែ។

ក្រោយមកដោយសារខ្ញុំនិងប្រពន្ធកូនមិនមានអ្វីហូបគ្រប់គ្រាន់ទើបខ្ញុំសម្រេចចិត្តស្នើសុំចូលបម្រើជាកងទ័ពខ្មែរក្រហម។បន្ទាប់ពីចូលកងទ័ពភ្លាមខ្ញុំត្រូវចាត់តាំងឱ្យចេញទៅប្រយុទ្ធជាមួយកងទ័ពវៀតណាមនៅក្នុងទឹកដីវៀតណាម។ក្រុមខ្ញុំមានគ្នា ៦៩នាក់។យើងបានទៅដល់គោលដៅដំបូងនៅលើភ្នំពពាយរួចបន្តទៅកាន់ទីតាំងបន្ទាប់គឺស្ថិតនៅខាងលិចបាជុកនិងភ្នំអកយំ ក្នុងស្រុកស្វាយទងខេត្តមាត់ជ្រូក។នៅទីនោះក្រុមខ្ញុំចំនួន៦០នាក់បានដាក់ពង្រាយគ្នានៅលើភ្នំនោះនិងនៅតាមចង្កេះភ្នំ ដើម្បីការពារទឹកដីដែលយើងយកបាន។

ខ្ញុំនិងទាហានសេសសល់ប្រាំបីនាក់ទៀតបានចុះពីលើភ្នំអកយំធ្វើដំណើរឆ្ពោះមកកាន់មូលដ្ឋានទ័ពនៅក្នុងវត្តប្រើសវិញ ដើម្បីរាយការណ៍ពីលទ្ធផល និងស្នើសុំផែនការបន្ទាប់។ នៅពេលដែលពួកខ្ញុំមកដល់វត្តប្រើស ទើបដឹងថា កងកម្លាំងវៀតណាមបានវាយចូលមកដល់ទឹកដីខ្មែរ និងវាយបណ្តេញកងកម្លាំងខ្មែរក្រហមចេញអស់ហើយ។ ខ្ញុំបានដោះសម្លៀកបំពាក់កងទ័ពខ្មែរក្រហមចេញ រួចមកនាំប្រពន្ធកូនត្រឡប់មករស់នៅក្នុងភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ជាទីកន្លែងដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃនេះ៕សរន

Post navigation