Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​នាង រត់​រក អ្នក ! របប​យោធា មី​យ៉ាន់​ម៉ា ប្រកាសថា នឹង​នាំចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​រុស្ស៊ី​

​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​ដកស្រង់​ពី​ប្រភព​អ្នកនាំពាក្យ​របប​យោធា មី​យ៉ាន់​ម៉ា ( Myanmar ) បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា ប្រទេស​មី​យ៉ាន់​ម៉ា គ្រោង​នឹង​នាំចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​រុស្ស៊ី ដើម្បី​បន្ធូរបន្ថយ​ក្តីកង្វល់​សម្រាប់​ការផ្គត់ផ្គង់ និង​បញ្ហា​ឡើងថ្លៃ​ប្រេងឥន្ធនៈ ។

​លោក Zaw Min Tun អ្នកនាំពាក្យ នៃ​របប​យោធា មី​យ៉ាន់​ម៉ា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២​ម្សិលមិញ​ឲ្យ​ដឹងថា « យើង​បានទទួល​ការអនុញ្ញាត​ឲ្យ​នាំចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​រុស្ស៊ី ។ » ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ាន់​ម៉ា បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ប្រេងឥន្ធនៈ ដែល​បញ្ជា​ទិញ​ពី​ប្រទេស​រុស្ស៊ី និង​ប្រព្រឹត្តឡើង​តាម​កប៉ាល់ ចាប់ផ្តើម​ពី​ខែកញ្ញា ឆ្នាំ​២០២២​នេះ​តទៅ ។

​ប្រទេស​មី​យ៉ាន់​ម៉ា ដែលជា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ដែរនោះ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing បាន​ព្យាយាម​រក្សា​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ប្រទេស​រុស្ស៊ី ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Vladimir Putin ទោះបី​ប្រទេស​ទាំងពីរ​កំពុង​ស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​ពី​បណ្តា​បស្ចិមប្រទេស ក៏ដោយ ពោលគឺ មី​យ៉ាន់​ម៉ា បាន​ទទួលរង​ទណ្ឌកម្ម ដោយសារ​ការធ្វើ​រដ្ឋប្រហា​រ​យោធា កាលពី​ឆ្នាំ​២០២១​កន្លងទៅ និង​រុស្ស៊ី ទទួលរង​ទណ្ឌកម្ម ដោយសារ​ការធ្វើសកម្មភាព​ឈ្លានពាន​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន កាលពីដើមឆ្នាំ​២០២២​នេះ ៕​