Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ៖ ពិភពលោក​ត្រូវ​តែ​ប្រើ​កម្លាំង បើ​អ៊ីរ៉ង់​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក យែ​រ ឡា​ភី​ដ (Yair Lapid) បាន​ប្រាប់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​កញ្ញា​ថា​សហគមន៍​អន្តរជាតិ​​គួរតែ​ប្រើប្រាស់​កម្លាំងយោធា ប្រសិនបើ​អ៊ីរ៉ង់​បង្កើត​អាវុធ​នុយក្លេអ៊ែរ ខណៈ​លោក​បាន​រំលឹក​ឡើងវិញ​នូវ​ការគាំទ្រ​សម្រាប់​ការបង្កើត​រដ្ឋ​ប៉ាឡេ​ស្ទីន “​សន្តិភាព​”​។​

​អ៊ីស្រាអែល​បាន​និង​កំពុង​ធ្វើ​ការវាយលុក​ផ្នែក​ការទូត​យ៉ាង​ខ្លាំងក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​សហរដ្ឋ​អាម៉េរិក និង​មហាអំណាច​អឺរ៉ុប​ដូចជា អង់គ្លេស បារាំង និង​អាល្លឺម៉ង់ កុំ​ឱ្យ​បន្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥​។​

​ក្នុង​រយៈពេល ១០ ថ្ងៃ​កន្លងមកនេះ មន្ត្រី​ជាច្រើន​បាន​លើកឡើង​ថា កិច្ចព្រមព្រៀង ដែល​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ លុប​ចោល​ក្នុង​ឆ្នាំ ២០១៨​ប្រហែលជា​មិន​ត្រូវ​បន្ត​បាន​ទេ​រហូត​ដល់​ពាក់​​កណ្តាល​ខែវិច្ឆិកា ជា​ថ្ងៃ​ផុតកំណត់​ដែល​លោក​ឡា​ភី​ដ​ព្យាយាម​ប្រើ​ដើម្បី​រុញ​ឱ្យ​លោក​ខាងលិច​ដាក់ចេញ​វិធីសាស្ត្រ​តឹងរ៉ឹង​ក្នុងការ​ចរចា​របស់​ពួកគេ​។​

​លោក​ឡា​ភី​ដ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​នៅ​ឯ​មហាសន្និបាត​អ​.​ស​.​ប​ថា​”​មធ្យោបាយ​តែ​មួយគត់​ក្នុង​ការរារាំង​អ៊ីរ៉ង់​ពី​ការទទួលបាន​អាវុធ​នុយក្លេអ៊ែរ​គឺ​ត្រូវដាក់​ការគំរាមកំហែង​ផ្នែក​យោធា​ដែល​អាច​​ជឿ​ទុកចិត្ត​បាន​នៅ​លើ​តុ​”​។​មានតែ​អ៊ីចឹង​ទេ​ទើប​អាច​ចរចា “​កិច្ចព្រមព្រៀង​ដែល​មាន​រយៈពេល​វែង​និង​រឹងមាំ​ជាង​នេះ​”​។​

​លោក​បាន​និយាយថា “​គេ​ត្រូវតែ​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ចំពោះ​អ៊ីរ៉ង់​ថា ប្រសិន​បើ​អ្នកឯង​ជំរុញ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ពិភពលោក​នឹង​មិន​ឆ្លើយ​តប​ដោយ​ពាក្យសម្តី​ទេ ប៉ុន្តែ​ជាមួយ​នឹង​កម្លាំងយោធា​”​។​

​ហើយ​គាត់​មិន​បាន​លាក់បាំង​ទេ​ដោយ​និយាយថា អ៊ីស្រាអែល​ខ្លួនឯង​នឹង​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​វាយ​ដែរ ប្រសិនបើ​ខ្លួន​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គំរាមកំហែង​។​

​លោក​បាន​និយាយថា “​យើង​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​។ អ៊ីរ៉ង់​នឹងមិន​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​ទេ​”​។​

​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ម្នាក់​បាន​និយាយ​សម្រាល​ការខ្វែងគំនិត​គ្នា​ណាមួយ​រវាង​លោក​ឡា​ភី​ដ​និង​ប្រធានាធិបតី​ចូ បៃ​ដិន ដែល​បាន​ប្តេជ្ញា​ថា​នឹង​មិន​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់​បង្កើត​គ្រាប់បែក​បរមាណូ​។​

​មន្ត្រី​រូប​នេះ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ការទូត​គឺជា “​វិធី​ល្អ​បំផុត​” ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នោះ ប៉ុន្តែ “​ជា​មធ្យោបាយ​ចុងក្រោយ គាត់​នឹង​ងាក​ទៅរក​កម្លាំងយោធា​ប្រសិនបើ​​នោះ​ជា​អ្វី​ដែល​ចាំបាច់​ត្រូវតែ​ធ្វើ​”​។​

​អ៊ីស្រាអែល ដែល​ចាត់ទុក​អ៊ីរ៉ង់​ជា​សត្រូវ​របស់ខ្លួន ក៏​ស្តីបន្ទោស​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​សម្រាប់​ការផ្តល់​ហិរញ្ញ​ប្បទាន​ដល់​ចលនា​ប្រដាប់អាវុធ រួម​ទាំង​ក្រុម​ហេស​ប៊ូ​ឡា​លី​បង់​និង​ក្រុម​ហា​ម៉ាស​ប៉ាឡេ​ស្ទីន​​ផងដែរ​៕

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក យែ​រ ឡា​ភី​ដ

Post navigation