Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ណូ​រុ ជា​ព្យុះ​មាន​ឥទ្ធិពល​ខ្លាំង ចូលដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ហើយ​

Views: 2

ដោយៈ ប​.​ខុន / ភ្នំពេញៈ ព្យុះ​ទី​១៦ ឈ្មោះ ណូ​រុ បង្កើន​ឥទ្ធិពល​ដល់​កម្រិត STY ពេល​ដើរកាត់​លើ​ភាគ​ខាងជើង របស់​ប្រទេស​ហ្វីលីពីន និង​ថយ​មក​នៅ​កម្រិត​ទី​៣ ពេល​ចូលដល់​ក្នុង​សមុទ្រ​ចិន និង​ឡើងដល់​កម្រិត​ទី​៤ វិញ ពេល​ដើរ​ដល់​កៀក​នឹង​ឆ្នេរ ភាគ​កណ្តាល របស់​ប្រទេស​វៀតណាម ជា​ព្យុះ​មាន​ឥទ្ធិពល​ខ្លាំង នៅពេល​ឡើងគោក ដើរ​ស្រប​នឹង​ជួរ​ភ្នំ​ដងរ៉ែក ចូលដល់​ប្រទេស​ថៃ ក៏​នៅក្នុង​កម្រិត​ជា​កូន​ព្យុះ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ ព្យុះ​ណូ​រុ នៅ ពេល​ដើរកាត់​លើ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន នា​ល្ងាច​ថ្ងៃទី​២៥ ខែកញ្ញា បង្កើន​ឥទ្ធិពល ដល់​កម្រិត STY (​កម្រិត​៥) ពេល​ចូលដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ថយ​មក​នៅ​កម្រិត​ទី​៣ និង​ពេល​ដើរចូល​កៀក​ឆ្នេរ របស់​ប្រទេស​វៀត​ណា វា​អាច​ឡើងដល់​កម្រិត​ទី​៤ វិញ និង​ថយ​មក​នៅក្នុង​កម្រិត​ទី​៣ ពេល​ដើរកាត់​លើ​ប្រទេស​វៀតណាម ប្រទេស​ឡាវ ចូលដល់​ប្រទេស​ថៃ ទើប​ថយ​មក​នៅ ក្នុង​កម្រិត​ជា​កូន​ព្យុះ​វិញ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បានបញ្ជាក់​ថាៈ ព្យុះ​ទី​១៦ ដើរកាត់​ប៉ាក់​សេ ប្រទេស​ឡាវ និង​សរសៀរ​តាម​ជួរ​ភ្នំ​ដងរ៉ែក រហូតដល់​ប្រទេស​ថៃ ទើប​ដើរ​ឡើង​ទៅលើ (​ជើង​បន្តិច​) វិញ ជា​ព្យុះ​មាន​ឥទ្ធិពល​ខ្លាំង​។ នៅ​ពីក្រោយ​ព្យុះ​នេះ មាន​វិ​សម្ពាធ មួយទៀត ដែល​នឹង​វិ​វត្ត​ទៅជា​ព្យុះ​ទី​១៧ តែ​វា​មិន​ដើរចូល​សមុទ្រ​ចិន ដូចជា​ព្យុះ​ទី​១៨ ដែល​នឹង​កើតមាន នៅ​ចុងខែ​កញ្ញា នេះ​ទេ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា បានចេញ​សេចក្តី ជូនដំណឹង ស្តីពី​ព្យុះ​ទី​១៦ ឈ្មោះ ណូ​រុ ដែលមាន​ដំណើរ​ចូល ភាគ​កណ្តាល​ប្រទេស​វៀត ណា​ម​។

​ក្នុង​សេចក្តីជូនដំណឹង បានសរសេរថាៈ តាម​ការវិវត្ត​ជាក់ស្តែង ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ បានបង្ហាញ​ឲ្យ​ឃើញថា កម្លាំង​ស្រូបនៃ​ឥទ្ធិពល​ព្យុះ​ទី ១៦ ឈ្មោះ ណូ​រុ ” NORU ” ដែល​កើត​នៅ​ភាគ​ខាងកើត​ប្រទេស​ហ្វីលីពីន នឹងធ្វើ​ឲ្យ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ​លើ​ភាគ​ខាងជើង​កម្ពុជា បាន​ចុះថមថយ ឥទ្ធិពល ជា​លំដាប់​។​

​តាម​ការ​ព្យាករ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ព្យុះ​ណូ​រុ នឹង​វិ​វត្ត​ទៅជា​ព្យុះ​ទី​ហ្វុ​ង TY នៅពេល​បក់​ចូល​កៀក​ឆ្នេរ​ភាគ​កណ្តាល​ប្រទេស​វៀតណាម ។ ព្យុះ​នេះ នៅពេល​ឆ្លងកាត់ ប្រទេស​វៀតណាម និង​អាង​ទន្លេមេគង្គ ប្រទេស​ឡាវ និង​ថៃ នៅ​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ បាន​ថមថយ​ឥទ្ធិពល បន្តបន្ទាប់​ជា​ព្យុះ​កម្រិត TS វិ​សម្ពាធ TD និង​សម្ពាធ​ទាប ។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ ខ្យល់មូសុង​និរតី នឹង​បង្កើនល្បឿន​បក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​មក លើ​តំបន់​មាត់សមុទ្រ ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ ២០២២ បណ្តា​ខេត្ត​នៅ​ភាគ​ពាយព្យ មាន​ជាអាទិ៍ ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និង​ខេត្តពោធិ៍សាត់ នឹង​អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន បូកផ្សំ​នឹង​បរិមាណ ទឹកភ្លៀង​ដែល​ហូរ មកពី​ប្រទេស​ថៃ បន្ថែមទៀត អាច​បង្ក​ឲ្យ​ទី​ទំនាប​ជាប់​ផ្លូវទឹក និង​ផ្លូវទឹក​នៅក្នុង​ភូមិសាស្ត្រ នៃ​បណ្តា​ខេត្ត​ទាំងនោះ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង (Flash flood) និង​ជំនន់ ដោយ​បរិមាណ ទឹក​ហួស​កម្រិត (Overflow)​។​

​ចំណែក​បណ្តា​ខេត្ត​ដទៃទៀត និង​រាជធានី​ភ្នំពេញ មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លើកលែងតែ​បណ្តា​ខេត្ត ជាប់មាត់​សមុទ្រ មាន​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ដែល​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ។ នៅលើ​ផ្ទៃសមុទ្រ ក៏​នឹងមាន​ភ្លៀង​ច្រើន ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ។ ទន្ទឹមនេះ ភ្លៀង​នឹង​បន្ត​ធ្លាក់​ច្រើន នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង នៃ​អាង​ទន្លេមេគង្គ ដែល​អាចធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ មានការ​ងើប​កើនឡើង​វិញ ជា​បន្តបន្ទាប់ ។​

​អាស្រ័យ​ដូច​បាន ជម្រាបជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ទទួល​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ៕/V​

Post navigation