Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នួន នៅ ៖ អតីត​ពេទ្យ​ក្នុង​របប​ខ្មែរក្រហម​

Views: 2


​ដោយៈ ថុ​ន ស្រី​ពេជ្រ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ ខេត្តព្រៃវែង​/ភ្នំពេញ៖នួន នៅ គឺជា​អតីត​ពេទ្យ​នៅក្នុង​របប​ខ្មែរក្រហម​។ សព្វថ្ងៃ នួន នៅ គឺជា​អ្នកលក់​ថ្នាំពេទ្យ​នៅក្នុង​ភូមិ​ស្រះ​តា​អឹម ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង បាន​រៀបរាប់ថា ខ្ញុំ​កើត​នៅ​ឆ្នាំ​១៩៥៤​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ លឹម នួន និង​ម្តាយ​ឈ្មោះ កែប ម៉ៅ​។ ខ្ញុំ​មាន​បងប្អូន​៦​នាក់ ប្រុស​៤​នាក់ និង​ស្រី​២​នាក់​។ ប្អូន​របស់ខ្ញុំ​ស្លាប់​អស់​ម្នាក់​ដោយសារ​ជំងឺ​គាំងបេះដូង កាលពី​១០​ឆ្នាំមុន​។ ខ្ញុំ​គឺជា​កូនច្បង​នៅក្នុង​គ្រួសារ​។​

នួន នៅ រស់នៅ​ភូមិ​ស្រះ​តា​អឹម ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ដោយសារ​ជីវភាព​គ្រួសារ​មធ្យម ដូច្នេះ​ឪពុកម្តាយ​របស់ខ្ញុំ បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​រៀន​នៅ​សាលា​ស្រះ​តា​អឹម​។ ខ្ញុំ​រៀន​ដល់​ថ្នាក់​ទី​៧​ចាស់​។ នៅ​ថ្ងៃ​ដែល​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​ឆ្នាំ​១៩៧០ ខ្ញុំ​មិនបាន​ចូលរៀន​ទេ ដោយសារ​តែមាន​បាតុកម្ម​បានកើត​ឡើង​នៅ​ភូមិ​របោះ​ព្រីង ឃុំ​ស្វាយ​យារ ស្រុក​ស្វាយជ្រំ ហើយ​សាលា​ក៏​ត្រូវបាន​បិទទ្វារ​។

​នៅ​ឆ្នាំ​១៩៧១ នៅក្នុង​ឃុំ​អង្គ​រស មានការ​ជ្រើសរើស​ពេទ្យ​ស្ម័គ្រចិត្ត ហើយ​កងទ័ព​រំដោះ​ខ្មែរក្រហម​បានស្នើ​សុំ​ផ្ទះ​របស់ខ្ញុំ​ធ្វើជា​ទីកន្លែង​រៀន​ពេទ្យ​។ ខ្ញុំ​ក៏បាន​ចូលរៀន​ពេទ្យ​តាម​ការជំរុញ​របស់​ឪពុក និង​យល់ឃើញថា​ការរៀន​ពេទ្យ​នឹង​អាចធ្វើ​ឲ្យ​ជីវិតរ​ស់បាន​ស្រួល​ទៅ​ថ្ងៃ​អនាគត​។ ការរៀន​ពេទ្យ​ក៏​ជួប​ឧបសគ្គ​ច្រើន​ណាស់ដែរ​។ នៅពេល​រៀន​ពេទ្យ ខ្ញុំ​មិនសូវ​បាន​សម្រាក​ទេ បណ្តាល​ឲ្យ​ខ្ញុំ​ឈឺ​។ ប្រធាន​សង្គមកិច្ច​ឃុំ​ចោទប្រកាន់​ខ្ញុំ​ថា​ធ្វើ​ពុត​ជា​ឈឺ​។ រយៈពេល​៣​ខែ​បន្ទាប់ពី​បញ្ចប់​ការរៀន​ពេទ្យ ខ្ញុំ​បានទទួល​ចំណេះដឹង​មួយចំនួន ដូចជា ចាក់​ថ្នាំ ផ្សំ​ថ្នាំ ចំណាំ​ប្រភេទ​ថ្នាំ​គ្រាប់ ថ្នាំ​បូរាណ និង​ថ្នាំ​វីតាមីន​ដែល​នាំចូល​ពី​ប្រទេស​ចិន និង​អាមេរិក​។ ខ្ញុំ​ក៏បាន​ជួយ​ព្យាបាល​ប្រជាជន​ឲ្យ​ជាសះស្បើយ​ច្រើន​នាក់​ដែរ​។ នៅក្នុង​សម័យ​នោះ ប្រជាជន​ភាគច្រើន​គឺមាន​ជំងឺគ្រុនចាញ់ ក្តៅខ្លួន និង​រាក​។

​នៅ​ឆ្នាំ​១៩៧៤ ខ្ញុំ​លែង​បាន​នៅផ្ទះ​ទៀតហើយ​។ ខ្ញុំ​ត្រូវ​ដើរ​ចល័ត​គ្រប់​ទីកន្លែង​ដើម្បី​ព្យាបាល​អ្នកជំងឺ និង​អ្នក​ត្រូវរបួស​។ ជាដំបូង ខ្ញុំ​បាន​ទៅ​ពោធិ៍​កន្លែង​ដើម្បី​ព្យាបាល​កម្មាភិបាល​ខ្មែរក្រហម និង​យោធា​ខ្មែរក្រហម​ដែល​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព លន់ នល់​។ ដោយសារ​ខ្ញុំ​គឺជា​គ្រូពេទ្យ​ដូច្នេះ​ខ្ញុំ​មិនដែល​ប្រកាន់​បក្ខពួក​ទេ​។ ខ្ញុំ​ព្យាបាល​មនុស្ស​គ្រប់គ្នា ដែល​កំពុង​ត្រូវការ​ជំនួយ​។ ខ្ញុំ​ពុំ​សូវ​បាន​មកលេង​ផ្ទះ​ទេ​។ យូរៗ​ម្តង ទើប​ខ្ញុំ​ហ៊ាន​សុំច្បាប់​ប្រធាន​អង្គភាព​មកលេង​ឪពុកម្តាយ​មួយ​ទៅ​ពីរ​ថ្ងៃ​។ ខ្ញុំ​មិន​ត្រឹមតែ​ព្យាបាល​ប្រជាជន​នៅក្នុង​ភូមិ​ស្រះ​តា​អឹម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ព្យាបាល​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ឃុំ​អង្គ​រស មន្ទីរពេទ្យ​ស្រុក​មេសាង ព្រៃវែង និង​ស្រុក​ក​ញ្ជៀ​ច​ទៀតផង​។

​នៅ​ខែមិថុនា ឆ្នាំ​១៩៧៨ មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា សោ ភឹម បាន​ក្បត់​នឹង​បដិវត្តន៍ ដូច្នេះ​អ្នក​ដែល​នៅក្រោម​បង្គាប់​របស់ សោ ភឹម ទាំងអស់​ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន​យកទៅ​សម្លាប់ចោល រួមទាំង​ឪពុក​របស់ខ្ញុំ​។ ចំណែក​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​លែង​ឲ្យ​ធ្វើ​ពេទ្យ ហើយ​ឲ្យ​មក​រស់នៅ​សហករណ៍​ជាមួយ​ប្រជាជន​វិញ​។

ដំបូង​ប្រជាជន​នៅ​ក្នុងភូមិ​បាននាំគ្នា​និយាយថា ខ្ញុំ​គឺជា​ជន​ក្បត់ជាតិ ប៉ុន្តែ​ខ្ញុំ​បាន​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​នៅក្នុង​សហករណ៍​មើលឃើញថា ខ្ញុំ​គឺជា​មនុស្ស​ដែល​តស៊ូ និង​អត់ធ្មត់​នឹង​ការងារ​។ រាល់ថ្ងៃ​ខ្ញុំ​ត្រូវ​ដើរ​ប្រមូល​ជីលា​មក​មនុស្ស និង​ត្រូវ​ទៅ​កាប់​ឧស​យកមក​ដាក់​នៅក្នុង​រោង​បាយ​រួម​។ ចំណែកឯ​អាហារ​គឺ​ខ្វះខាត​ជាង​មុន ប៉ុន្តែ​មាន​ប្រជាជន​នៅក្នុង​សហករណ៍​លួច​ឲ្យ​ត្រី​មក​ខ្ញុំ​ហូប​ដែរ​។ ខ្ញុំ​ធ្វើ​ការងារ​បណ្តើរ​គិត​បណ្តើរ​មិនដឹងថា ខ្មែរក្រហម​នឹង​យក​ខ្ញុំ​ទៅ​សម្លាប់​នៅពេលណា​នោះទេ ព្រោះ​រៀងរាល់ថ្ងៃ​ខ្ញុំ​សង្កេតឃើញ​អ្នក​ដែល​ជាប់​និន្នាការ​ដូច​ខ្ញុំ ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​យកទៅ​សម្លាប់​ម្តងម្នាក់ៗ​។

​នៅ​ដើមឆ្នាំ​១៩៧៩ ខ្ញុំ​ត្រូវបាន​ឈ្លប​ខ្មែរក្រហម​កត់​ឈ្មោះ​ចូលទៅក្នុង​បញ្ជី​ដែល​ត្រូវ​នាំខ្លួន​យកទៅ​សម្លាប់ចោល​។ សំណាងល្អ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​ចូលមក​រំដោះ ទើប​ខ្ញុំ​រស់រានមានជីវិតរ​ហូត​មកដល់​សព្វថ្ងៃ​។
​ខ្ញុំ​បានមក​រស់នៅ​ក្នុងភូមិ​ស្រះ​តា​អឹម​វិញ និង​បាន​រៀបការ​ប្រពន្ធ​។ ខ្ញុំ​មានកូន​ចំនួន​៦​នាក់​។ ខ្ញុំ​រស់នៅ​យ៉ាង​មាន​សុភមង្គល និង​មាន​ជីវភាព​ធូរធារ​។ ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ចែករំលែក​រឿងរ៉ាវ​រប​ស់​ខ្ញុំ​ប្រាប់​ដល់​ក្មេងជំនាន់ក្រោយ​ឲ្យ​បានដឹង​៕សរន

Post navigation