Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បច្ចុប្បន្ន ក្រុមហ៊ុនកូរ៉េជាង ២០០ ក្រុមហ៊ុន កំពុងវិនិយោគ នៅកម្ពុជា

Views: 2

ដោយៈ ពៅនិមល / ភ្នំពេញ៖ លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារ ជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) បានឲ្យដឹងថាៈ បច្ចុប្បន្ន ក្រុមហ៊ុនកូរ៉េ ជាង ២០០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយទីភ្នាក់ងារនេះ ក៏កំពុងកៀរគរ អ្នកវិនិយោគបន្ថែមទៀត មកបណ្តាក់ទុននៅកម្ពុជា ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-កូរ៉េ (CKFTA) បានចូលជាធរមាន។

នៅក្នុងបណ្តាញសង្គម ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថាៈ ក្នុងឱកាសដឹកនាំគណៈប្រតិភូ និងវិស័យឯកជន ពាក់ព័ន្ធរបស់កម្ពុជា ចូលរួមពិភាក្សាការងារជាមួយ លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ និងសហការី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនភ្ញៀវ អំពីការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (CKFTA) និងបានបញ្ជាក់ថាៈ ពេលវេលានេះ ជាពេលវេលាសមស្រប ដើម្បីពិភាក្សា លើការជម្រុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី កម្ពុជា-កូរ៉េ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសំណូមពរឱ្យភាគីកូរ៉េ ជួយវិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិចដទៃទៀត ដើម្បីជំរុញការនាំចេញកសិផលដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជា ជូនប្រជាជនកូរ៉េ។

តាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថាៈ ជាការឆ្លើយតប ភាគីកូរ៉េ បានជម្រាបជូន លោករដ្ឋមន្ត្រី និងគណៈប្រតិភូថា ទីភ្នាក់ងារ ជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ មានជំនឿយ៉ាងមុតមាំ តាមរយៈកិច្ចព្រមព្រៀងនេះ នឹងជំរុញការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បន្ថែមទៀត ហើយដែលអាចជំរុញឱ្យមានការកើនឡើង នៅកិច្ចសហប្រតិបត្តិការ លើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្ម ជាដើម។ នៅពេលអនាគត ខាងមុខ ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ កំពុងកៀរគរអ្នក វិនិយោគបន្ថែមទៀត ជាពិសេសលើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់ យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ៕ V / N

Post navigation