Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផែនការ​របស់​លោក​ម៉ាស​ក្នុង​ការបញ្ចប់​សង្គ្រាម​រុស្ស៊ី​ធ្វើឱ្យ​អ៊ុយ​ក្រែន​ខឹងសម្បា​នៅលើ Twitter

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក អេ​ឡុន ម៉ាស បាន​ជាប់​ក្នុង​ការប៉ះទង្គិច​គ្នា​នៅលើ Twitter ជាមួយ​ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​បន្ទាប់ពី​មហាសេដ្ឋី​បច្ចេកវិជ្ជា​រូប​​នេះ​បាន​បង្ហោះ​សំណើ​ដ៏​ចម្រូងចម្រាស​ដើម្បី​បញ្ចប់​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla ដែល​កាលពី​ថ្ងៃ​អង្គារ​បាន​ធ្វើឱ្យ​រស់​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ​ដើម្បី​គ្រប់គ្រង Twitter បា​និយាយ​នៅក្នុង Tweet​ថា​ដើម្បី​ឈានដល់​​សន្តិភាព រុស្ស៊ី​គួរតែ​ត្រូវបាន​អនុញ្ញាត​ឱ្យ​រក្សាទុក​ឧបទ្វីប​គ្រី​មេដែល​ខ្លួន​ដណ្តើមបាន​ក្នុង​ឆ្នាំ ២០១៤​។ គាត់​ក៏បាន​និយាយ​ដែរ​ថា អ៊ុយ​ក្រែន​គួរតែ​ប្រកាន់យក​ស្ថានភាព​អព្យាក្រឹត​ដោយ​ទម្លាក់ចោល​​ការសុំ​ចូល​រួមជាមួយ​អង្គការ​ណា​តូ បន្ទាប់​ពី​រុស្ស៊ី​កេណ្ឌ​ទ័ព​ថ្មី​។​

​លោក​ម៉ាស​ក៏​បាន​ឆ្លង​ហួស​បន្ទាត់​ក្រហម​សម្រាប់​អ៊ុយ​ក្រែ​ន​និង​អ្នកគាំទ្រ​របស់​ខ្លួន​ផង​ដែរ ដោយ​លើកឡើង​កាលពី​ថ្ងៃ​ចន្ទ​ថា តំបន់​ចំនួន​បួន​ដែល​រុស្ស៊ី​នឹង​កាត់​យក​បន្ទាប់ពី​ការធ្វើប្រជាមតិ​រៀបចំ​​ដោយ​វិមាន​ក្រឹម​ឡាំង ដែល​ថ្កោលទោស​ដោយ​លោកខាងលិច​ថា​ជាការ​ក្លែងបន្លំ​នោះ គួរតែ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​ឡើងវិញ ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​។​

​លោក​ម៉ាស​បាន​កត់សម្គាល់​ថា តំបន់​គ្រីមេ​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី​រហូត​ដល់​វា​ត្រូវបាន​ប្រគល់​ឱ្យ​អ៊ុយ​ក្រែន​នៅក្រោម​សហភាពសូវៀត​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ ហើយ​លោក​បាន​និយាយ​ថា​សង្គ្រាម​ទឹក​​ចុង​ក្រោយ​នឹងមិន​ទំនង​ជា​ឈ្នះ​ទៅខាង​អ៊ុយ​ក្រែន​នោះទេ​។​

​ជំហរ​ទាំងនេះ​គឺជា​រឿង​បង្ក​ការក្តៅក្រហាយ​ណាស់​សម្រាប់​លោក​ហ្សេ​លេន​ស្គី ដែល​ចាត់ទុក​ជំហរ​ទាំងនោះ​ថា​គាំទ្រ​វិមាន​ក្រឹម​ឡាំង​។ មេដឹកនាំ​អ៊ុយ​ក្រែន​បាន​សន្យាថា​នឹង​យក​ដី​ទាំងអស់​ដែល​ដណ្តើម​បាន​ក្នុង​សង្គ្រាម​មក​វិញ ហើយ​ចាត់​ទុកគ្រី​មេ​ជា​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​ដណ្តើម​យក​មក​វិញ​ផងដែរ​។​

​លោក​ម៉ាស​ក៏​បាន​ធ្វើ​ការស្ទង់មតិ​តាម Twitter ផងដែរ ដោយ​សួរថា​តើ “​ឆន្ទៈ​របស់​ប្រជាជន​” គួរតែ​សម្រេច​ចិត្ត​ថា​តើ​តំបន់​រឹបអូស​ទាំងនោះ​គួរតែ​នៅ​ជា​ផ្នែក​មួយ​របស់​អ៊ុយ​ក្រែនឬ​ក្លាយ​ជា​ផ្នែក​​របស់​រុស្ស៊ី​។​

​ក្នុង​ការឆ្លើយតប​បែប​ឌឺដង​ទៅវិញ លោក​ហ្សេ​លេន​ស្គី​បាន​បង្ហោះ​សារ​ស្ទង់​មតិ​ផ្ទាល់ខ្លួន​នៅ​លើ Twitter ដោយ​សួរថា “​តើ​អេ​ឡុន ម៉ាស មួយ​ណា​ដែល​អ្នក​ចូលចិត្ត​ជាង​?” ៖ អេ​ឡុន ម៉ាស “​ដែល​គាំទ្រ​អ៊ុ​យក្រែន​” ឬ អេ​ឡុន ម៉ាស “​ដែល​គាំទ្រ​រុស្ស៊ី​”​។​

​លោក​ម៉ា​សបាន​ឆ្លើយតប​ទៅ​លោក​ហ្សេ​លេន​ស្គី​ថា “​ខ្ញុំ​នៅតែ​គាំទ្រ​អ៊ុយ​ក្រែន​យ៉ាងខ្លាំង ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ការកើនឡើង​ដ៏​ធំ​នៃ​សង្គ្រាម​នឹង​បង្ក​ឱ្យមាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​អ៊ុយ​ក្រែ​ន​និង​អាច​ពិភព​​លោក​ទាំងមូល​”​។​

​បុរស​មាត់ដាច​និយាយ​មិន​សំចៃ លោក អង់ឌ្រី មេ​លីន (Andrij Melnyk) ដែលជា​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែន​ប្រចាំ​អាល្លឺម៉ង់ បាន​ឆ្លើយតប​នឹង Tweet ដើម​របស់​លោក​ម៉ាស ជាមួយ​ពាក្យអាសគ្រាម​ជាច្រើន​។​

​លោក​ម៉ា​ស​បាន​សរសេរ​នៅក្នុង Tweet​មួយ​ទៀត​ថា “​រុស្ស៊ី​កំពុង​កេណ្ឌ​ទ័ព​ដោយ​ផ្នែក​។ ពួកគេ​នឹង​កេណ្ឌ​ទ័ព​សម្រាប់​សង្គ្រាម​ពេញទំហឹង ប្រសិនបើ​គ្រីមេ​មានហានិ​ភ័យ​។​ការស្លាប់​ទាំងសងខាង​នឹង​ពិត​​ជា​មហន្តរាយ​ណាស់​។ រុស្ស៊ី​មាន​ប្រជាជន​ច្រើន​ជាង​អ៊ុយ​ក្រែន​បី​ដង ដូច្នេះ​ជ័យជម្នះ​សម្រាប់​អ៊ុយ​ក្រែន​ទំនងជា​មិន​កើត​ឡើង​នៅក្នុង​សង្គ្រាម​ពេញទំហឹង​នោះទេ​។ ប្រសិនបើ​អ្នក​ខ្វល់​ពី​ប្រជាជន​អ៊ុ​យក្រែន ចូរ​ស្វែងរក​សន្តិភាព​”​។​

​វិមាន​ក្រឹម​ឡាំង​ខ្លួនឯងបាន​សាទរ និង​កោតសរសើ​រលោក​ម៉ាស​ចំពោះ​សំណើ​របស់​គាត់ ប៉ុន្តែ​បាន​ព្រមាន​ថា រុស្ស៊ី​នឹងមិន​ដកថយ​ពី​ការ​កាត់​យក​តំបន់​របស់​អ៊ុយ​ក្រែន​នោះទេ​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា “​វា​ពិតជា​វិជ្ជមាន​ណាស់​ដែល​មនុស្ស​ដូចជា អេ​ឡុន ម៉ាស កំពុង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​។ ប៉ុន្តែ​ចំពោះ​ប្រជាមតិ ប្រជាពលរដ្ឋ​បាន​បញ្ចេញមតិ​រួចហើយ ហើយ​វា​មិន​អាចមាន​អ្វី​ផ្សេង​ទៀត​នោះ​ឡើយ​”៕

លោក​ម៉ាស​បង្ក​ការក្តៅក្រហាយ​ចំពោះ​ការលើកឡើង​ថា​តើ​តំបន់​រឹបអូស​ទាំងនោះ​គួរតែ​នៅ​ជា​ផ្នែក​មួយ​របស់​អ៊ុ​យក្រែន ឬ​ក្លាយជា​ផ្នែក​របស់​រុស្ស៊ី

Post navigation