Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្ទុះ​កុបកម្ម​នៅ​បែលហ្ស៊ិក​និង​ហូ​ឡង់ ក្រោយ​ម៉ារ៉ុក​ឈ្នះ​នៅ​វើល​ខា​ប់​(វីដេអូ)

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កុបកម្ម​បាន​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​ជាច្រើន​របស់​បែលហ្ស៊ិក​និង​ហូ​ឡង់ បន្ទាប់​ពី​ជ័យជម្នះ ២-០​ដ៏​ខកចិត្ត​របស់​ម៉ារ៉ុក​លើ​បែលហ្ស៊ិក​ក្នុង​ព្រឹត្តិការ​ណ៍​វើ​ល​ខា​ប់​​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​វិច្ឆិកា​។​

​ប៉ូលិស​បាន​ឃាត់ខ្លួន​មនុស្ស​រាប់​សិប​នាក់ បន្ទាប់ពី​ពួកគេ​បាន​បាញ់​ទឹក​និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ហ្វូង​មនុស្ស​នៅ​ទីក្រុង​ព្រុច​សែ​ល និង​ប្រាំបី​នាក់​ទៀត​នៅក្នុង​ទីក្រុង​អាន​វើ​ប (Antwerp)​ភាគ​ខាងជើង​។ មន្ត្រីប៉ូលិស​ពីរ​នាក់​បាន​រងរបួស​នៅក្នុង​ទីក្រុង​កំពង់ផែ​រ៉ូត​ធឺ​ដាម (Rotterdam) ប្រទេស​ហូ​ឡង់​។ គិត​ត្រឹម​យប់​ថ្ងៃអាទិត្យ​ភាពស្ងប់ស្ងាត់​មិន​ស្រណុក​ចិត្តបាន​វិល​​ត្រឡប់​មក​ទីក្រុង​ដែល​កើតមាន​អំពើហិង្សា​ភាគច្រើន​។​

​កុបករ​រាប់សិប​នាក់​បាន​លើក​ឡាន​ក្រឡាប់​ផ្កាប់ផ្ងា​រួច​ដុតចោល ដុត​ម៉ូតូ​អគ្គិសនី និង​គប់​ដុំ​ថ្ម​ដាក់​រថយន្ត​។ អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ព្រុច​សែ​ល លោកស្រី អ៊ី​ល​សេ វ៉ាន់ ដេ គី​រី (Ilse Van de Keere) បាន​និយាយថា ប៉ូលិស​បាន​សម្រុកចូល បន្ទាប់​ពី​មនុស្ស​ម្នាក់​បាន​រងរបួស​ផ្ទៃមុខ​។​

​អភិបាលក្រុង​ព្រុច​សែ​ល លោក ហ្វី​លីព ក្លូស (Philippe Close) បាន​ជំរុញ​ឱ្យ​ប្រជាជន​នៅ​ឆ្ងាយ​ពី​កណ្តាល​ក្រុង ហើយ​និយាយ​ថា​អាជ្ញាធរ​កំពុង​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​សណ្តាប់​​ធ្នាប់​នៅតាម​ដងផ្លូវ​។ សូម្បី​តែ​ផ្លូវ​រថភ្លើង​ក្រោម​ដី​និង​រថភ្លើង​លើ​ដីគោក​ក៏​ត្រូវ​រំខាន​ដោយសារ​បទបញ្ជា​របស់​ប៉ូលិស​ដែរ​។​

​លោកក្លូ​ស​បាន​និយាយថា “​អ្នក​ទាំងនោះ​មិនមែន​ជា​អ្នកគាំទ្រ​ទេ ពួកគេ​ជា​កុបករ​។ អ្នកគាំទ្រ​ម៉ារ៉ុក​នៅទីនោះ​ដើម្បី​អបអរសាទរ​”​។ ក៏​មាន​ការរំខាន​នៅ​ក្នុង​ទីក្រុង​អាន​វើ​ប​និង​ទីក្រុង​លី​ច (Liege) ផងដែរ​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​បែលហ្ស៊ិក លោកស្រី អានណេ​លី​ស វើលី​ន​ដិ​ន (Annelies Verlinden) បាន​និយាយថា​”​សោកស្ដាយ​ដែល​ឃើញ​របៀប​ដែល​បុគ្គល​មួយចំនួន​បំពាន​ស្ថានភាព​ដើម្បី​ប្រព្រឹត្ត​​រឿង​កម្រោលចូល​”​។​

​ប៉ូលិស​នៅក្នុង​ប្រទេស​ហូឡង់​ដែល​នៅ​ជិតខាង​បាន​និយាយថា អំពើហិង្សា​បាន​ផ្ទុះឡើង​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​រ៉ូត​ធឺ​ដាម ដោយ​ក្រុម​មន្ត្រី​បង្ក្រាប​កុបកម្ម​បាន​ព្យាយាម​បំបែក​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​ចំនួន ៥០០ នាក់ ដែល​គប់​កាំជ្រួច​និង​កញ្ចក់​ដាក់​ប៉ូលិស​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​បាន​រាយការណ៍​ពី​កោលាហល​នៅក្នុង​រដ្ឋធានី​អាំ​ស្ទើ​ដាំ​និង​ទី​ក្រុងឡាអេ​ផងដែរ​៕

​កុបកម្ម​ផ្ទុះ​នៅ​ទីក្រុង​នានា​របស់​បែលហ្ស៊ិក ក្រោយ​ជម្រើសជាតិ​ពួកគេ​ចាញ់​ម៉ារ៉ុក​២-០​កាលពី​ថ្ងៃអាទិត្យ​។​កុបករ​រាប់សិប​នាក់​បាន​លើក​ឡាន​ក្រឡាប់​ផ្កាប់ផ្ងា​រួច​ដុតចោល ដុត​ម៉ូតូ​អគ្គិសនី និង​គប់​ដុំ​ថ្ម​ដាក់​រថយន្ត​

Post navigation