Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្កាស្បៃរឿងចំនួន ១លានដើម នឹងត្រូវបានគេនាំយកទៅដាំ នៅស្រុកអូររាំងឪ ដើម្បីថ្វាយទេវតា ក៏ដូចជាអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិ

Views: 2

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ការដ្ឋានដាំផ្កាស្បៃរឿងចំនួន១លានដើម ដែលជាអំណោយរបស់ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានរៀបចំរួចជាស្រេចហើយ នៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទ ព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

សម្រាប់ផ្កាស្បៃរឿង ទាំង១លានដើម ដែលគេគ្រោងដាំនៅទីកន្លែងនេះ គឺសម្រាប់ថ្វាយដល់ទេវតាឆ្នាំថ្មី ដែលនឹងយាងមកប្រោសព្រំពរជ័យសិរីសួស្តី ជូនប្រជារាស្រ្ត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ និងយាងគ្រប់គ្រងទឹកដី នៃព្រះរាជារាណាចក្រកម្ពុជា ខាងមុខ។

ទាក់ទិនក្នុងរឿងនេះ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ លោក អ៊ាង សុផល្លែត បានដឹកនាំក្រុមការងារចុះមូលដ្ឋាន ចុះពិនិត្យ និងសិក្សាជាច្រើនដង រួចមកហើយ ដើម្បីកែលម្អសោភ័ណភាព អនាម័យ និងថែរក្សាធនធានធម្មជាតិ នៃតំបន់ប្រវត្តិសាស្រ្តទន្លេស្ងួត ដើម្បីទុកជាប្រយោជន៍ សំរាប់ប្រជាពលរដ្ឋ ជាពិសេស ការពង្រឹងជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍ វិស័យទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី។ ជាមួយគ្នានេះ ក្រុមការងារ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅកន្លែងដាំផ្កាស្បៃរឿង ដែលផ្តល់ប្រយោជន៍ ដូចជាទីកន្លែងស្តុកទឹក យ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្ម ផងដែរ។

លោក ទ្រី ពៅ មេឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថាៈ « ទីតាំងការដ្ឋាន ដីដាំផ្កាស្បៃរឿង ជាប់នឹងទន្លេស្ងួតនេះគឺជាអំណោយរបស់លោក អ៊ាង សុផល្លែត រដ្ឋលេខធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ។

អ្នកស្រី វណ្ណា រី ប្រជាពលរដ្ឋ ភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលមូលដ្ឋានឃុំព្រះធាតុ ជាពិសេសនៅក្នុងស្រុកអូររាំងឪ បានទទួលការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធនានា និងជួយដោះស្រាយការលំបាក និងពង្រឹងជីវភាពប្រជាពលរដ្ឋជាប្រចាំ។ ជាមួយគ្នានេះ សមិទ្ធផលថ្មី នៃក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ នឹងជួយឲ្យតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មកពីទីជិតឆ្ងាយ ហើយនឹងបង្កើនចំណូលបន្ថែម ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋាន។

ដោយឡែក លោក ស្វាយ សារឿន មេភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថាៈ « ទីតាំងប្រវត្តិសាស្រ្តនេះ ត្រូវបានកែប្រែបន្ថែម ពិសេសគឺការដាំផ្កាស្បៃរឿង ១លានដើមនេះ ដែលនឹងបង្កើនចំនួនភ្ញៀវទេសចរ មកកាន់តំបន់នេះ កាន់តែច្រើន ពិសេសនៅក្នុងកំឡុង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដែលនិងជំរុញជីវភាពប្រជាពលរដ្ឋ ក៏ដូចជាអាចនឹងមានទឹកគ្រប់គ្រាន់ សំរាប់បង្កបង្កើនផល គ្រប់រដូវទៀតផងដែរ។

គេរំពឹងថា ផ្កាស្បៃរឿង ១លានដើម នឹងដុះរីកសុះសាយ រឿងទុំក្រាលើដងទន្លេប្រវត្តិសាស្រ្ត ហើយនឹងធ្វើឲ្យអារម្មណ៍អ្នកទេសចរ មកពីទីជិតទីឆ្ងាយ អាចមកសម្រាកកាយ កម្សាន្តសប្បាយ ជាមួយសមិទ្ធផលថ្មី លើទឹកដីស្រុកអូររាំងឪនេះ ជាក់ជាពុំខាន។

គួរបញ្ជាក់ថា បើយោងតាមរឿងព្រេងបុរាណតំណាលតៗគ្នា ពាក់ព័ន្ធទៅនឹងប្រវត្តិទន្លេស្ងួតនេះ បានឱ្យដឹងថាៈ កាលដើមឡើយ ព្រះមហាក្សត្រខ្មែរ ធ្លាប់មកបែរបន់ សម្រេចដូចព្រះទ័យដែលបានបែបន់ និងបន្ទាប់មក ព្រះអង្គបានយាងថ្វាយដង្វាយ រួមមានស្លាធម៌ដូងមាសមួយគូ នៅក្នុងទន្លេតែម្តង។ ក្រោយមក ក៏កន្លែងនេះ ក្លាយជាទីកន្លែងគ្មានទឹក ហើយចាស់ៗ ហៅតគ្នាថា ទន្លេស្ងួត។

ព្រះមហាក្សត្រខ្មែរ សោយរាជតៗមកទៀត ក្នុងប្រវត្តិសាស្រ្ត ជាពិសេសចាស់ៗ បាននិទានថាមានព្រះអង្គខ្មៅ មានរិទ្ធិបារមី ខ្លាំងពូកែ តាមជួយថែរក្សាទឹកដី បានស្ថិតនៅទីនេះ ហើយក្នុងសម័យបុរាណនេះ មានការលើកឡើងថែមទៀតថា ស្ដេចកន ដែលជាក្សត្រខ្មែរមួយព្រះអង្គ សោយរាជ្យ នៅចន្លោះឆ្នាំ ១៥១២ -១៥២៥ ក៏បានមកបន់ស្រន់ សុំជ័យជោគក្នុងការធ្វើសឹកសង្រ្គាម នាសម័យបុរាណនោះដែរ។ ចាប់ពីពេលនោះមក វត្តព្រះធាតុបាស្រី បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរពរហូតមក។

សម្រាប់នៅក្នុងខាងមុខ វត្តព្រះធាតុបាស្រី អមសងខាងផ្លូវចូលវត្ត មានគ្រឹះបា្រសាទបុរាណ ចំនួន២ ដែលសាងសង់ អំពីថ្មបាយក្រៀម ហើយផ្នែកខាងស្ដាំដៃ គេហៅថា វិហារគុក និងផ្នែកខាងឆ្វេងដៃ ហៅថា វិហារព្រះនិពាន្ត។ ចំណែកនៅក្នុងបរិវេណវត្តព្រះធាតុបាស្រី មានប្រាសាទបុរាណមួយ កសាងឡើង អំពីថ្មភក់់ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្ដសករាជ សង់រាងជាការ៉េ ដែលមានទំហំ ១៥ម. គុណនឹង ១៥ម. កម្ពស់ ៣៣ ម. ។ វិសាលភាពប្រាសាទ ពីលិចទៅកើតប្រវែង ១.២៥០ ម. ពីត្បូងទៅជើង ប្រវែង ៣០០ ម.៕/V

Post navigation