Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បំផ្ទុះ​គ្រាប់បែក​នៅ​ស្ថានីយ​ប៉ូលីស​ឥណ្ឌូនេស៊ី​សម្លាប​ប៉ូលីស​ម្នាក់ របួស​ប្រាំពីរ​នាក់​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ បុរស​ម្នាក់​បាន​បំផ្ទុះ​ខ្លួនឯង​កាលពី​ថ្ងៃ​ពុធ​ទី​៧​ធ្នូ នៅ​ស្ថានីយ​ប៉ូលីស​មួយ​នៅលើ​កោះ​ចា​វ៉ា​របស់​ឥណ្ឌូនេស៊ី​ដោយ​បាន​សម្លាប់​នាយ​ប៉ូលិស​ម្នាក់ និង​បង្ក​របួស​មនុស្ស​ប្រាំពីរ​​នាក់​ទៀត ក្នុង​ការវាយប្រហា​រដែល​គេ​បន្ទោស​លើ​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​។​

​មេប៉ូលីស​ក្រុង​បាន​ឌុ​ង​(Bandung)​លោក​អាស​វីន ស៊ី​ប៉ា​យុង​(Aswin Sipayung)​បាន​និយាយថា ជន​វាយប្រហារ​បាន​បើក​ទោចក្រយានយន្ត​ចូល​ក្នុង​ស្ថានីយ​ប៉ូលីស​ប៉ូលីស​និង​បំផ្ទុះ​គ្រឿងផ្ទុះ​ជាប់​​នឹង​ខ្លួន នៅពេល​ប៉ូលីស​កំពុង​តម្រង់​ជួរ​ពេលព្រឹក​។​«​នាយ​ប៉ូលីស​ម្នាក់​បាន​ស្លាប់​និង​ប៉ូលីសប្រាំមួយ​នាក់​ទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាមួយនឹង​ជន​ស៊ីវិល​ម្នាក់​»​។​

​រូប​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​បង្ហាញ​បំណែក​សាកសព​នៅក្បែរ​បន្ទប់​នៃ​ស្ថានីយ​ប៉ូលីស​ដែល​ខូចខាត​នៅពេល​ទូរទស្សន៍​បង្ហាញ​ផ្សែង​ពណ៌​ស​ហុយ​ចេញពី​អាគារ​ប៉ូលីស​និង​មនុស្ស​រត់​រក​កន្លែង​លាក់​ខ្លួន​ទាំង​​ភិតភ័យ​ក្រោយ​ការផ្ទុះ​ដ៏​ខ្លាំង​។​

​ប៉ូលីស​កំពុង​ស៊ើបអង្កេត​ថា​តើ​ជន​វាយប្រហារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមនិយម​ជ្រុល​ណាមួយ​ដែរ​ឬ​អត់​។​

​មេ​ប៉ូលិស​ខេត្ត​ចា​វ៉ា​ខាងលិច បាន​និយាយថា ជន​វាយប្រហារ​បាន​នាំ​មក​គ្រាប់បែក​ពីរ​ តែ​ផ្ទុះ​តែមួយ​។​

​បុរស​ម្នាក់​ឈ្មោះ ស៊ុន​តា​ណា​(Suntana)​បាន​ប្រាប់​សារព័ត៌មាន​ថា ប៉ូលិស​បាន​រកឃើញ​ក្រដាស​មួយ​បិទ​ជាប់​នឹង​ទោចក្រយានយន្ត​របស់​ជ​ន​ល្មើស ជាមួយនឹង​អក្ស​រថា​« ក្រមព្រហ្មទណ្ឌ​ជា​ច្បាប់​ពួក​អត់​​សាសនា ចូរ​នាំគ្នា​ប្រយុទ្ធ​នឹង​ការអនុវត្ត​ច្បាប់​អាក្រក់​»​។​

​សូមបញ្ជាក់​ថា កាល​ពីថ្ងៃ​អង្គារ​សភា​ឥណ្ឌូនេស៊ី​ទើប​អនុម័ត​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​មួយ ដែល​ហាម​ការ​រួមភេទ​ក្រៅ​ចំណងអាពាហ៍ពិពាហ៍​និង​ហាម​ការប្រមាថ​ប្រធានាធិបតី រួម​ទាំង​ស្ថាប័ន​រដ្ឋ​។​

​ឥណ្ឌូនេស៊ី​ក៏​កំពុង​ប្រឈម​ដោះស្រាយ​នឹង​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​ចាប់តាំងពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​កោះ​បាលី​កាលពី​ឆ្នាំ​២០០២ សម្លាប់​មនុស្ស​២០២​នាក់​ភាគច្រើន​ជា​ទេសចរ​បរទេស​។​ការវាយប្រហារ​​ផ្តោត​លើ​ជន​បរទេស ត្រូវបាន​ជំនួស​ដោយ​ការវាយប្រហារ​តូចៗ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​លើ​គោលដៅ​រដ្ឋាភិបាល កងកម្លាំង​ប៉ូលីស​និង​ក្រុមប្រឆាំង​ភេរវកម្ម រួម​ទាំង​មនុស្ស​ណា​ដែល​ពួក​សកម្មប្រយុទ្ធ​​គិតថា​ជា​ជន​ឥត​សាសនា​(​ទមិឡ​)​។​

​ការវាយប្រហារ​ស្រដៀង​គ្នា​បាន​កើតឡើង​នៅ​ឆ្នាំ​២០១៩​នៅ​ពេល​ជន​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​ម្នាក់​បំផ្ទុះ​ខ្លួន​ឯង​នៅ​ស្ថានីយ​ប៉ូលីស​មួយ​នៅ​ក្រុង​មេ​ដាន​(Medan)​ដោយ​បណ្តាលអោយ​របួស​មនុស្ស​ប្រាំមួយ​នាក់​។​

​កាលពី​ឆ្នាំ​២០១៨ គ្រួសារ​ពីរបាន​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​បន្តបន្ទាប់​នៅ​ទីក្រុងស៊ូ​រ៉ា​បា​យ៉ា​(Surabaya)​ដោយ​បាន​សម្លាប់​មនុស្ស​ជាង​ដប់​នាក់​និង​កាលពី​ឆ្នាំមុន ជន​វាយប្រហារ​ពីរ​នាក់​បាន​​បំផ្ទុះ​ខ្លួនឯង​នៅ​កោះ​ស៊ូ​ឡា​វ៉េ​ស៊ី​របស់​ឥណ្ឌូនេស៊ី ដោយ​បណ្តាលអោយ​របួស​មនុស្ស​២០​នាក់​។​ជន​វាយប្រហារ​ខាងលើសុទ្ធតែ​មាន​ពាក់ព័ន្ធ​នឹង​ក្រុម​ជ្រុលនិយម​និង​ក្រុម​ភេរវកម្ម​៕

​ប៉ូលីស​បិទ​តំបន់​ជុំវិញ​ស្ថានីយ​ប៉ូលីស​ដែល​រង​ការវាយប្រហារ​កាលពី​ថ្ងៃ​ពុធ​

Post navigation