Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ព្រះវិហារ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​៣៤​នាក់​និង​របួស​១៥០​នាក់​

Views: 7

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ជន​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​វាយប្រហារ​នៅក្នុង​បរិវេណព្រះវិហារ​មួយ​នៅក្នុង​ទីក្រុង​ប៉េ​សាវ៉ា​(Peshawar)​ភាគ​ពាយព្យ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​ដោយ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៣៤​នាក់ និង​បង្ក​អោយ​របួស​១៥០​នាក់​ទៀត​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣០​មករា​។​

​ជនរងគ្រោះ​ភាគច្រើន​ជា​ប៉ូលីស ដោយ​សារព្រះវិហារ​កើតហេតុ​តាំង​នៅក្នុង​បរិវេណ​ធំ​មួយដែល​ក៏មាន​ស្នាក់ការ​ប៉ូលីស​ក្រុងមួយ​ផង​ដែរ​។​

​សា​បា​កាហ្វ ម៉ូ​ម៉ាន​(Sarbakaf Mohmand) មេបញ្ជាការ​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន បាន​ចេញ​មក​អះអាង​ថា​ក្រុម​ខ្លួន​ជា​អ្នក​វាយប្រហារ​។​

​ជន​វាយប្រហារ​បាន​ចុច​បំផ្ទុះ​អាវ​គ្រាប់បែក​អត្តឃាត​នៅ​ពេល​អ្នក​បន់ស្រន់​ពី​៣០០​ទៅ​៣៥០​នាក់​កំពុង​បន់ស្រន់​សូត្រធម៌​ក្នុង​ព្រះវិហារ​ឬ​កំពុង​ធ្វើដំណើរ​ទៅកាន់​ព្រះវិហារ​។​

​បញ្ជាការ​ប៉ូលីស​ក្រុង​ក៏​តាំង​នៅក្នុង​បរិវេណ​ព្រះវិហារ ក្នុង​តំបន់​ដែល​មាន​ការ​យាមកាម​ខ្ពស់​ហើយ​គេ​មិនដឹងថា​តើ​ជន​វាយប្រហារ​អាច​ជ្រៀត​ចូល​ក្នុង​តំបន់​នេះ​ដោយ​របៀប​ណា​។​

​កំលាំង​នៃ​ការផ្ទុះ​បណ្តាលអោយ​បាក់ដំបូល​ព្រះវិហា​រ។​

​ពួក​អ្នក​ជួយសង្គ្រោះ​បាន​ខិតខំ​កាយ​គំនរ​ថ្ម​នៃ​អាគារ​ព្រះវិហារ​ដែល​បាក់​ហើយ​បាន​នាំទាញយក​ជនរងគ្រោះ​ដែល​ជាប់​ក្រោម​គំនរ​បាក់បែក​។​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​មួយ អ្នករងរបួស​ដេក​រណូករណែល​នៅពេល​ចំនួន​អ្នក​ស្លាប់​បន្ត​កើនឡើង​។​

​នាយករដ្ឋមន្ត្រី សា​បាស សារីហ្វ​(Shahbaz Sharif)​បាន​ថ្កោលទោស​ការ​បំផ្ទុះ​គ្រាប់​នេះ​និង​បាន​បញ្ជា​អោយ​អាជ្ញាធរ​ខិតខំ​ព្យាបាល​អ្នក​រង​របួស​។លោក​ក៏​ប្តេជ្ញា​ចាត់វិធានការ​ម៉ឺងម៉ាត់​ប្រឆាំង​ពួក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។​

​អតីត​នាយករដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់ ក៏​បាន​ថ្កោលទោស​ការ​បំផ្ទុះ​គ្រាប់បែក​និង​ហៅ​វា​ថា​ជា​«​ការវាយប្រហារ​ភេរវកម្ម​»​។​

​សូមបញ្ជាក់​ថា ប៉េ​សាវ៉ា ជាទី​រួម​ខេត្ត​ឃី​ប៊ឺ ប៉ាក់​ទុន​ក្វា​( Khyber Pakhtunkhwa)​ជាខេត្តជាប់​ព្រំដែន​អា​ហ្វ​ហ្គានី​ស្ថាននិង​ជា​កន្លែង​រង​ការវាយប្រ​ហារ​ជា​ញឹកញាប់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​។​

ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន ឬ​TTP​ជា​ក្រុម​បំបែក​ទឹកដី​មួយនិង​ក៏​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ក្រុម​តា​លី​បង់​អា​ហ្វ​ហ្គានី​ស្ថានផងដែរ​។​ក្រុម​នេះធ្វើ​ការបះបោរ​ប្រឆាំងនឹង​អាជ្ញាធរ​នៅ​ប៉ា​គី​ស្ថាន​អស់​ពេល​ជាង​១៥​ឆ្នាំ​មកហើយ ដោយ​ប្រកាន់ខ្ជាប់​ច្បាប់​អ៊ីស្លាម​ដ៏​តឹងតែង​។​

​ប៉ា​គី​ស្ថាន​បាន​ជួប​កំណើន​នៃ​ការវាយប្រហារ​ដោយ​ពួក​សកម្មប្រយុទ្ធ​ចាប់តាំងពី​ខែ​វិច្ឆិកា នៅពេល​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​បញ្ចប់​ការផ្អាក​ការប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​៕

​បុគ្គលិក​ជួយសង្គ្រោះ​ស្វែងរក​ជនរងគ្រោះ​ក្នុង​គំនរ​បាក់បែក​ក្រោយ​ការផ្ទុះ​

​យ៉ាងហោចណាស់​១៥០​នាក់​រងរបួស​ក្នុង​ការផ្ទុះ​

​ទិដ្ឋភាព​ក្នុង​ព្រះវិហារ​ដែល​រង​ការ​បំផ្ទុះ​គ្រាប់​កាលពី​ថ្ងៃ​ចន្ទ​

Post navigation