Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បន្ទាយមានជ័យ​ប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​០៥ ធ្នូ ២០២២

Views: 2

ដោយ​: ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​: ខណៈ​វិញ្ញាសារ​ប្រឡង​គ្រប់​មុខវិជ្ជា​បញ្ជូន​ដល់​ខេត្តបន្ទាយមានជ័យ​រួចរាល់ តំណាង​ក្រសួង​អប់រំ យុវជន​និង​កីឡា រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន​និង​កីឡា និង​អង្គភាព​សមត្ថកិច្ច​កង​កម្លាំង​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​០៣ ខែធ្នូ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២២​ស្អែក​នេះ ។ ដោយឡែក​នា​ថ្ងៃទី​០៤ ខែធ្នូ​នេះ បេក្ខជន បេ​ក្ខ​នារី​បាន​បន្តទៅ​ពិនិត្យមើល​ឈ្មោះ​របស់ខ្លួន​តាម​បន្ទប់ និង​មណ្ឌល​ប្រឡង​ទាំង​០៧ នៅក្នុង​ក្រុង​សិរីសោភ័ណ ។​

​កិច្ចប្រជុំ​នោះ​ដឹកនាំ​ដោយ​លោក ឱម សិទ្ធី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អប់រំ នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា​-​ជា​ប្រធាន​គណៈមេប្រយោគ​ទូទាំងប្រទេស លោក​ហ៊ឹ​ល រ៉ា​យា អភិបាលរង​ខេត្ត លោក​ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត លោក​ស្រេង​សុផល អភិបាលក្រុង​សិរិ​សោភ័ណ អស់លោក​ជា​មេបញ្ជាការរង ស្នងការរង នៃ​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន អនុប្រធាន​ក្រុម​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គណ​:​មេ​ប្រយោគ​ទូទាំង​ខេត្ត​បាន​មានប្រសាសន៍ថា ក្រសួង​អប់រំ​បានធ្វើ​ការផ្តល់​ឱវាទ​ប្រាំ​ចំណុច​ដល់​មន្ទីរអប់រំ និង​អ្នកពាក់ព័ន្ធ រួមមាន​:

​ទី​១-​ស្នើ​ឲ្យ​លោក​ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​លោក លោកស្រី នាយក​-​នាយិកា ពិនិត្យ បរិស្ថាន​ជុំវិញ​មណ្ឌល​ប្រឡង បន្ទប់ទឹក បង្គន់​អនាម័យ តុ កៅអី និង​អង្គភាព​អគ្គិសនី​ត្រូវ​រៀបចំ​ពិនិត្យ​អំពូល​ភ្លើង ក្នុង​មណ្ឌល​ប្រឡង​ឲ្យ​បានល្អ​។​

​ទី​២-​ស្នើ​លោក​ប្រធាន​មន្ទីរ​ត្រូវធ្វើ​ប័ណ្ណ ស្លាក​សម្គាល់ ចែកជូន​ដល់​អ្នក​ដែលមាន​ភារកិច្ច​ចេញ ចូលក្នុង​មណ្ឌល​ប្រឡង ។​

​ទី​៣-​ស្នើ​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​ត្រូវ​សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ពិនិត្យមើល​យានដ្ឋាន​ជុំវិញ​មណ្ឌល​ប្រឡង ផ្ទះ​អាជីវកម្ម​ថតចម្លង និង​ត្រូវ​ធ្វើលិខិត​ជូនដំណឹង​ឲ្យ​ម្ចាស់​អាជីវកម្ម​ផ្អាក​រយៈពេល​ពីរ​ថ្ងៃនេះ​

​ទី​៤-​ស្នើ​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត រៀបចំ​កន្លែង​ផ្ញើ​រកង់ ម៉ូតូ របស់​បេក្ខជន និង​បិទ​ផ្លាក​មិន​យកលុយ​ពី​បេក្ខជន​ដែល​មក​ឡង​។

​ទី​៥-​ស្នើ​លោក​ប្រធាន​មន្ទីរអប់រំ ពិនិត្យ​ទីកន្លែង​សម្រាប់​ស្នាក់នៅ​របស់​បេក្ខជន​នៅ​ទីតាំង​ឲ្យ​បាន​សមស្រប ។​

​ក្នុងឱកាស​នោះដែរ លោក ឱម សិទ្ធី ប្រធាន​គណ​:​មេ​ប្រយោគ​ទូទាំងប្រទេស​បានបញ្ជាក់​ថា បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវគោរព​តាម​គោលការណ៍​ប្រឡង​បាក់​ឌុប ព្រោះ​ឆ្នាំនេះ មាន​វិន័យ​ដ៏​តឹងរឹង​ជាង​ឆ្នាំមុនៗ​។​

​បេក្ខជន បេ​ក្ខ​នារី ប្រឡង ត្រូវគោរព​ម៉ោង ពេល វិន័យ​ប្រឡង ហាម​យក​សំណៅ​ឯកសារ ចម្លើយ ក៏​ដូច​ឧបករណ៍ អេ​ឡិច​ត្រូ​និ​ច ពោលគឺ​ត្រូវគោរព​តាម​បទបញ្ជា បទបញ្ញត្តិ ដែល​ក្រសួង​បានដាក់​ចេញ ការ​រឹតបន្តឹង​នេះ នឹង​បន្ត​ធានាថា អ្នកចេះ គឺជា​ប់ ។ ក្នុងករណី​រកឃើញថា បេក្ខជន​និង​បេ​ក្ខ​នារី​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទបញ្ញត្តិ និង​កម្រិត​វិន័យ​បេក្ខជន និង​បេ​ក្ខ​នារី​នោះ ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។​

​លោក ឱម សិទ្ធី​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ក្នុងនោះ​បេក្ខជន​ទាំងអស់​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខភាព និង​សុវត្ថិភាព សម្រាប់​ការប្រឡង​បាក់​ឌុប​នេះ ត្រូវ​រក្សា​គម្លាត សុវត្ថិភាព និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ជាប្រចាំ​នៅក្នុង​មណ្ឌល​ប្រឡង​រហូតដល់​បញ្ចប់​ការប្រឡង ។​

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​០២ ខែធ្នូ ប្រធាន​គណៈមេប្រយោគ​ទូទាំងប្រទេស ប្រធាន​គណ​:​មេ​ប្រយោគ​ទូទាំង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ដឹកជញ្ជូន​វិញ្ញាសារ​ប្រឡង មកដល់​ហើយ​ប្រគល់ ទទួល​ដោយ​លោក​ណង វុទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​ដើម្បី​រក្សាទុក​នៅ​សា​កា​ខេត្ត​។​

​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​០៥​ខែធ្នូ​ឆ្នាំ​២០២២ នៅ​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​ប្រាំពីរ​មណ្ឌល​សំណេរ ដែល​ស្ថិតនៅ​កណ្តាល​ក្រុង​សិរីសោភ័ណ​ឬ​ទីប្រជុំជន​ខេត្ត មាន​បេក្ខជន​ប្រឡង​ក្នុង​បញ្ជី​ដែល​មកពី​វិទ្យាល័យ​សាធារណ​: វិទ្យាល័យ​ឯកជន​/​បំពេញវិជ្ជា​ទាំងអស់​ក្នុង​ខេត្ត មាន​ចំនួន ៥.៨០២​នាក់ (​ស្រី​៣.១៧៦​នាក់​) ក្នុងនោះ​មាន​៖ ១/​បេក្ខជន​ចំណេះ​ទូទៅ​មាន​ចំនួន​៤.៧៥៥​នាក់ (​ស្រី​ចំនួន​២.៧០៩​នាក់​), ២/​បេក្ខជនស្វៃរិន ចំណេះ​ទូទៅ​មាន​ចំនួន​៧៥៧​នាក់ (​ស្រី​៣៩៣​នាក់​) និង​៣/​បេក្ខជន​បំពេញវិជ្ជា​មាន​ចំនួន​២៩០​នាក់ (​ស្រី​មាន​ចំនួន​៧០​នាក់​)៕

Post navigation